Ad Code

បង្ក្រាប​ទីតាំង​លួចលាក់​ផលិត​ប៊ីចេង​ក្លែងក្លាយ​មួយ​កន្លែង ​រឹបអូស​ប៊ីចេង​១៧​តោន​ ឃាត់ខ្លួន​ស្ត្រី​ម្នាក់​



ភ្នំពេញ ​៖ ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ​ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ ឧត្ត​ម​សេនីយ៍​ឯក ចាន់ វ៉ាន់​ធឿន ប្រធាន​នាយកដ្ឋាន​ ក្រោយពី​បាន​ធ្វើ​ការស្រាវជ្រាវ​ស៊ើប​អង្កេត​កម្លាំង​ជំនាញ​នាយកដ្ឋាន បាន​សហការ​ជាមួយ​មន្ត្រី​កាំកុងត្រូល និង​អាជ្ញាធរ​មូលដ្ឋាន ក្រោម​ការ​សម្របសម្រួល​នីតិវិធី​ពី​លោក ខាំ សុ​ផា​រី ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​បង្ក្រាប​ទីតាំង​វេច​ខ្ចប់​ប៊ីចេង​ក្លែងក្លាយ​មួយ​កន្លែង​រក​ឃើញ​ប៊ីចេង​ម៉ាក​ផ្សេងៗ​គ្នា​ចំនួន​១៧​តោន​ហើយ​កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ស្ត្រី​ជា​ម្ចាស់ផ្ទះ​ម្នាក់​យកទៅ​នាយកដ្ឋាន​ដើម្បី​ចាត់ការ​តាម​នីតិ​វិធី។



ប្រតិបត្តិការ​នេះ​ ធ្វើឡើង​នៅ​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង ១០ និង ៣០​នាទី​ព្រឹកនៅផ្ទះ លេខ​AB4-5 ផ្លូវ​56R សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌ​ឫស្សី​កែវ រាជធានី​ភ្នំពេញ។



សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ម្ចាស់​ទីតាំង​ផលិត​ដែល​ឃាត់ខ្លួន​ឈ្មោះ​សុខ វួ​ច​លីន អាយុ ៤១​ឆ្នាំ ជនជាតិខ្មែរ មាន​លំនៅៗ​ទីតាំង​ខាងលើ ។

ប្រភព​បន្ត​ថា ​នៅក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​រក​ឃើញ​ទីតាំង​ខាង​លើ​នេះ បាន​វេច​ខ្ចប់​ប៊ីចេង​ក្លែងក្លាយ និង​ភស្តុតាង​រួមមាន ប៊ីចេង​បាវ​ស​ចំនួន ៣៥២​បាវ ប៊ីចេង​បាវ​គគីរ​ចំនួន ១២៥​បាវ ប៊ីចេង​រាយ​ម៉ាក​Win win​ចំនួន ១៤០​បាវ ប៊ីចេង​ច្រក​រួច​(500g)​ចំនួន ៣២​បាវ ប៊ីចេង​ច្រក​រួច​ម៉ាក​Gold Cup​ចំនួន ៤៧​កេស ប៊ីចេង​រូប​វែក​(250g) ម៉ាស៊ីនដេរ​ម៉ាត់​បាវ ០២​គ្រឿង ម៉ាស៊ីន​អ៊ុត​ម៉ាត់​ថង់ ០១​គ្រឿង ម៉ាស៊ីន​រំុ​ខ្សែ និង​កាត់​ខ្សែ​ចំនួន ០២​គ្រឿង ជញ្ជីង​ថ្លឹង ០២​គ្រឿង បាវ​រូប​វែក ៩៣​បាវ និង​ប៊ីចេង​រាយ​មិនទាន់​វេច​ខ្ចប់​មួយចំនួនទៀត​សរុប​ទំងន់​ទាំងអស់​ប្រមាណ ១៧​តោន។



បន្ទាប់ពី​ធ្វើការ​ត្រួតពិនិត្យ និង​តាម​ការសម្រេច​របស់លោក​ព្រះរាជអាជ្ញារង សមត្ថកិច្ច​បាន​សម្រេច​ដកហូត​វត្ថុ​តាង​ប៊ីចេង​១៧​តោន​និង​រក្សាទុក​ក្លុំបេ​បិទ​ទីតាំង​ខាង​លើ ហើយ​បាន​នាំ​ខ្លួន​ម្ចាស់​ទីតាំង​លោកស្រី សុខ វួ​ច​លីន មក​សាកសួរ​បំភ្លឺ​នៅ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ដើម្បី​បន្ត​នីតិវិធី៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu