ភ្នំពេញ ៖ តារាសម្តែងល្បីល្បាញខាងការស្លៀកពាក់សម្ញែងភាពសិចស៊ីស្រើបស្រាលនិងធ្លាប់រងការរិះគន់យ៉ាងគំហុកពីសំណាក់ទស្សនិកជនកញ្ញា សេង សូណា ថ្មីៗនេះ លេចឮដំណឹងថា តារាស្រីរូបនេះកំពុងបង្ហាញចេតនាចង់លាឈប់ពីវិថីសិល្បៈ ខណៈគូស្នេហ៍ដាក់បម្រាមលើខ្លួន។
ជាមួយគ្នានេះ បើផ្អែកតាមការប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុកតារាសិចស៊ីកញ្ញា សេង សូណា បានសរសេររៀបរាប់ភ្ជាប់នឹងសំណួរថា បងសួរអូនថា អូនអាចបោះបង់សិល្បៈបានទេ? បើអូននៅសិល្បៈទៀតបានអ្វីមកវិញ បើសិល្បៈខ្មែរថតមួយថ្ងៃមិនគ្រប់នឹងអូនស៊ីសម្រាប់អូនមួយថ្ងៃផងនឹង ហើយពេលអូនឈឺពួកគេមិនមកមើលអូនឈឺទេ គឺបងអ្នកមើល និងចេញលុយថ្លៃពេទ្យក៏បងជាអ្នកចេញ។
តារាសិចស៊ីកញ្ញា សេង សូណា បញ្ជាក់ទៀតថា អូនគិតមើលទៅបើអូនចង់សិចស៊ីបងមិនហាមទេ បងធ្វើតាមចិត្តអូនគ្រប់រឿង តែបងសូមរឿងម្យ៉ាងពេលរៀបការហើយអូនឈប់ពីសិល្បៈខ្មែរទៅ យើងរកស៊ីវិញវាល្អជាងសិល្បៈឆ្ងាយណាស់អូន។ តើខ្ញុំគួរធ្វើយ៉ាងណាមួយអនាគត មួយទៀតការស្រលាញ់សិល្បៈបែបសិចស៊ី?
តារាស្រីដែលសម្បូររឿងអាស្រូវនិងរងការរិះគន់លើការស្លៀកពាក់សិចស៊ីកញ្ញា សេង សូណា បានបន្ថែមថា ឆ្ងល់ណាស់ហេតុអ្វីអ្នកសិល្បៈស្រុកគេថតមួយរឿងសល់រាប់ម៉ឺនរាប់លានដុល្លារ ហេតុអីក៏សិល្បៈខ្មែរថតមួយថ្ងៃសល់ដែរសល់មួយលៀនភ្នែក និងសល់មួយលៀនស្បូនធ្វើយ៉ាងម៉េចទៅបើចិត្តស្រលាញ់សិល្បៈខ្មែរហើយនឹង ទោះបីសល់តែប៉ុណ្ណឹងក៏ខ្ញុំសុខចិត្តយកដែរ។
សូមបញ្ជាក់ថា ការប្រកាសមានបំណងឈប់ពីវិស័យសិល្បៈរបស់តារាស្រីកញ្ញា សេង សូណា ខាងលើនេះ បានធ្វើឡើងស្របពេលដែលក្រសួងវប្បធម៌និងវិចិត្រសិល្បៈ កំពុងត្រៀមគម្រោងនៃការកោះហៅសិល្បៈប្រុស-ស្រីរបស់ខ្មែរមួយចំនួន ទៅព្រមានលើករណីនៃការស្លៀកពាក់សិចស៊ីជ្រួលហួសការគិតមហាជន។
មិនតែប៉ុណ្ណោះបើឮតាមដំណឹងល្ហិចល្ហៀងបានបង្ហើបថា ក្នុងចំណោមតារាប្រុស-ស្រីទាំងអស់ដែលរងការព្រមានរបស់ក្រសួងក៏មានឈ្មោះ សេង សូណា ផងដែរ៕
Source: Kampuchea Thmey Daily
0 Comments