កីឡាករ ធារី ចន្ថាប៊ីន របស់កម្ពុជា ដែលជាកីឡាករតែ១រូបគត់កំពុងប្រកបអាជីពនៅក្លិប Teregganu FA សមាជិកពានរង្វាន់លីគកំពូលប្រទេសម៉ាឡេស៊ី (Malaysia Super League) រដូវកាលឆ្នាំ២០១៨នៅពេលនេះ កំពុងរក្សាកៅអីកំពូលតារាងក្នុងពូល A ក្រោយប្រកួតឈ្នះ៣ប្រកួតនិងស្មើគ្នា១ប្រកួតក្នុងពានរង្វាន់ 2018 Malaysia Cup។
ប្រកួតចុងក្រោយថ្មីៗនេះ ក្រុម Teregganu FA បានបន្តយកឈ្នះលើក្រុម Felcra ក្នុងជើងទី២នៃពានរង្វាន់ 2018 Malaysia Cup ក្នុងវគ្គជម្រុះតាមពូលនៅយប់ថ្ងៃសៅរ៍ ទី២៥ ខែសីហា ឆ្នាំ២០១៨ លើទីលានកីឡដ្ឋាន KLFA Stadium ក្នុងទីក្រុងKuala Lumpur។ ចំពោះ៣ប្រកួតកន្លងមករបស់ក្រុម Teregganu របស់ ធារី ចន្ថាប៊ីន វិញបានប្រកួតឈ្នះលើលើក្រុមKuala Lumpur ៥ទល់១ កាលពីថ្ងៃទី៤ ខែសីហា ហើយបន្តឈ្នះក្រុម Perak ៤ទល់៣ ជាបន្តទៀតនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ និងនៅថ្ងៃទី១៨ ខែសីហា ក្រុមនេះបានស្មើគ្នាជាមួយក្រុមFelcraសមាជិកពានរង្វាន់លីគលំដាប់ទី២របស់ម៉ាឡេស៊ី ២ទល់២។
ចំណែកប្រកួតបន្តរបស់Teregganu FA ត្រៀមប៉ះក្រុម Perak នៅវេលាម៉ោង៨យប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៨ លើទីលានកីឡដ្ឋាន Sultan Ismail Nasiruddin Shah Stadium ក្នុងទីក្រុងKuala Terengganu។ សូមបញ្ជាក់ថា ពានរង្វាន់ 2018 Malaysia Cup មានក្រុមចំនួន១៦ឡើងទៅវគ្គចែកពូលដែលមាន៤ពូល។ ចំពោះពូល A មានក្រុម Terengganu, Kuala Lumpur, Perak, Felcra ហើយពូល B មាន Felda United, Melaka Unite, PDRM ពូល C មាន MISC-MIFA, Jorhor, Kelantan, Kedah និងពូល D មាន Pahang, Sadah, PKNP, Selangor។ តាមគម្រោងក្រុមខ្លាំងតាមពូលចំនួន២ក្រុមនឹងមានឈ្មោះឡើងទៅវគ្គ៨ក្រុមចុងក្រោយនិងបន្តប្រកួតរហូតដល់វគ្គផ្តាច់ព្រ័ត្រ។
សូមរំលឹកថា កម្ពុជា មានកីឡាករឆ្នើមៗចំនួន៤រូបចេញទៅប្រកបអាជីពនៅពានរង្វាន់លីគកំពូលប្រទេសម៉ាឡេស៊ី នៅដើមរដូវកាលឆ្នាំ២០១៨ នេះដោយក្នុងនោះមានកែវ សុខផេង លេងនៅក្លិប PKNP FC កីឡាករ ចាន់ វឌ្ឍនាកា Panhag FA និងកីឡាករ ធារី ចន្ថាប៊ីន ទៅកាន់ក្លិបTerengganu FC និងកីឡាករ ប្រាក់ មុន្នីឧត្តម លេងនៅក្លិបNegeri Sembilan។ ក្នុងចំណោមអ្នកទាំង៤មានតែកីឡាករ កែវ សុខផេង ប៉ុណ្ណោះ ដែលរកគ្រាប់បាល់ឲ្យក្រុមបានមុនគេ។ ប៉ុន្តែពេលនេះ កែវ សុខផេង ប្រាក់ មុន្នីឧត្តម និង ចាន់ វឌ្ឍនាកា ត្រូវបានក្លិបដកចេញពីបញ្ជីក្នុងក្រុម ដោយនៅសល់តែ ធារី ចន្ថាប៊ីន ម្នាក់ប៉ុណ្ណោះ៕
Source: Kampuchea Thmey Daily
0 Comments