ប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃចន្ទបានបញ្ជូនអ្នកជួយសង្គ្រោះជាច្រើននាក់ទៅកោះ Lombok និងបានជម្លៀសអ្នកទេសចរជាង២,០០០នាក់បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងមួយបានសម្លាប់មនុស្សយ៉ាងតិច៩៨នាក់និងបានបំផ្លិចបំផ្លាញអគាររាប់ពាន់ខ្នង។
ការរញ្ជួយដីកម្រិត៦.៩រ៉ិចទ័របានបង្កឲ្យមានការភ័យខ្លាចក្នុងចំណោមភ្ញៀវទេសចរនិងអ្នកស្រុកក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីការរញ្ជួយដីមួយទៀតបានវាយប្រហារកោះ Lombok ដោយបានសម្លាប់មនុស្សចំនួន១៧នាក់។
កាលពីថ្ងៃចន្ទ ក្រុមអ្នកជួយសង្គ្រោះបានស្វែងរកអ្នករស់រានមានជីវិតនៅក្នុងគំនរបាក់បែកនៃលំនៅដ្ឋាន វិហារឥស្លាមនិងសាលារៀនដែលត្រូវបានបំផ្លាញនៅក្នុងគ្រោះមហន្តរាយចុងក្រោយបំផុតកាលពីល្ងាចថ្ងៃអាទិត្យ។
អ្នកនាំពាក្យទីភ្នាក់ងារគ្រោះមហន្តរាយជាតិលោក Sutopo Purwo Nugroho បាននិយាយថា មានការភ័យខ្លាចថា មនុស្សជាច្រើនត្រូវជាប់នៅក្នុងសំណង់បាក់បែកនៃវិហារឥស្លាមមួយដែលបាក់នៅក្នុងភូមិ Lading-Lading ភាគខាងជើង។
កង្វះគ្រឿងបរិក្ខារធុនធ្ងន់និងផ្លូវថ្នល់ដែលខូចខាតកំពុងរារាំងដល់កិច្ចខិតខំប្រឹងប្រែងដើម្បីជួយជនរងគ្រោះនៅតំបន់ភ្នំភាគខាងជើងនិងភាគខាងកើតនៃកោះនេះដែលរងការវាយប្រហារខ្លាំងបំផុត។
លោក Najmul Akhyar ចៅហ្វាយស្រុក North Lombok បានប៉ាន់ប្រមាណថា ៨០ភាគរយនៃតំបន់នោះត្រូវបានបំផ្លាញដោយការរញ្ជួយដី។
គាត់ Nugroho និយាយថា មនុស្សរហូតដល់ទៅ២០,០០០នាក់ប្រហែលជាបោះបង់ចោលផ្ទះរបស់ពួកគេនៅកោះ Lombok ហើយគ្រូពេទ្យ ស្បៀងអាហារនិងថ្នាំពេទ្យគឺត្រូវការជាចាំបាច់។
អ្នកនាំពាក្យរូបនេះបាននិយាយថា ក្រុមអ្នកស្វែងរកនិងជួយសង្គ្រោះក៏បានជួយសង្គ្រោះអ្នកទេសចរពី២,០០០ទៅ២,៧០០នាក់ចេញពីកោះ Gili នៃភាគខាងជើងកោះ Lombok ផងដែរ។
គួរបញ្ជាក់ជាថ្មីថា ប្រទេសឥណ្ឌូនេស៊ីដែលជាប្រជាជាតិងាយរងគ្រោះនឹងគ្រោះមហន្តរាយបំផុតនៅលើផែនដីគឺមានទីតាំងស្ថិតនៅលើខ្សែក្រវ៉ាត់ភ្នំភ្លើង “Ring of Fire” ប៉ាស៊ីហ្វិកដែលជាកន្លែងផ្ទាំង tectonic បុកគ្នាហើយការផ្ទុះភ្នំភ្លើងនិងការរញ្ជួយដីជាច្រើននៅលើពិភពលោកកើតឡើង។
កាលពីឆ្នាំ២០០៤ រលកយក្សស៊ូណាមិដែលបង្កឡើងដោយការរញ្ជួយដីក្រោមសមុទ្រកម្រិត ៩.៣រ៉ិចទ័រលើឆ្នេរសមុទ្រកោះស៊ូម៉ាត្រាភាគខាងលិចប្រទេសឥណ្ឌូនេស៊ីបានសម្លាប់មនុស្ស ២២០,០០០នាក់នៅតាមបណ្តាប្រទេសជុំវិញមហាសមុទ្រឥណ្ឌារួមទាំង១៦៨,០០០នាក់នៅក្នុងប្រទេសឥណ្ឌូនេស៊ីផងដែរ៕ AFP
Source: Kampuchea Thmey Daily
0 Comments