Ad Code

ឃុំខ្លួន​ប្រធាន​អង្គការ​ LCDI និង​បក្សពួក​ចោទ​ពី​បទ​ឆបោក និង​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង



ភ្នំពេញ ៖ ចៅក្រម​ស៊ើប​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​០៦ ​ខែសីហា ឆ្នាំ​២០១៨​បានសម្រេច​ចេញ​ដីកា​​ឃុំខ្លួន​ប្រធាន​អង្គ​LCDI ម្នាក់ និង អាជីវករ​ម្នាក់ ដាក់​ពន្ធនាគារ​PJ​ជា​បណ្ដោះអាសន្ន ក្រោម​ការចោទប្រកាន់​ពី​បទ​.​ប៉ុនប៉ង​ឆបោក និង បទ​.​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង ប្រព្រឹត្ត​នៅ​ហាង​កាហ្វេ​អ៊ិន​ថៈ​នី​ន ផ្លូវ​៣៦០ សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន កាលពី​ថ្ងៃទី​៣១ ខែ​កក្កដា ឆ្នាំ​២០១៨ តាម​មាត្រា​៣៧៧ មាត្រា​៣៧៨ និង មាត្រា​៦៣០ នៃ​ក្រមព្រហ្មទណ្ឌ។

ដីកា​សម្រេច​ឲ្យ​ឃុំខ្លួន​ឈ្មោះ គឹម គ​ន្ធា ហៅ ធា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខ​របប​ជា​ប្រធាន​អង្គការ LCDI មាន​ស្រុកកំណើត​ខេត្តកំពត និង សព្វថ្ងៃ​ស្នាក់​នៅផ្ទះ​លេខ​៦​អឺ​ហ្សិត ផ្លូវ​លេខ​៩ សង្កាត់​ទន្លេបាសាក់​ខណ្ឌចំការមន និង ឈ្មោះ គួ​យ ភារ​ម្យ ហៅ វង្ស រ៉ា​យុ​ត ហៅ ខេ​ម ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខ​របប​លក់ដូរ មាន​ស្រុកកំណើត​នៅ​ខេត្តតាកែវ និង ស្នាក់នៅ​ជាមួយ​ឈ្មោះ គឹម គន្ធ ដែរ។

ជនសង្ស័យ​ទាំង​២​នាក់​ត្រូវបាន​សមត្ថកិច្ច​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃទី​៣១ ​ខែ​កក្កដា ​ឆ្នាំ​២០១៨ តាម​ពាក្យបណ្តឹង​របស់​ឈ្មោះ ចាំង សុផាត ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខ​របប​ជា​មន្ត្រី​នគរបាល​ជាតិ​ មាន​ទីលំនៅ​ភូមិ​៥ សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន។

ទាក់ទិន នឹង ការឃុំខ្លួន​ជនសង្ស័យ​២​នាក់​ខាងលើនេះ ត្រូវបាន​សម​ត្ថកិច្ច​បង្ហើប​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២៥ កក្កដា ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានទទួល​ពាក្យបណ្តឹង​ជនរងគ្រោះ​ឈ្មោះ ចាំង សុផាត ដែល​បាន​ប្តឹង​ទៅលើ​ជនសង្ស័យ ២​នាក់​នោះ ពីបទ​.​ឆបោក​ជា​ប្រពន្ធ និង ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង។ តាម​ពាក្យបណ្តឹង​របស់​ជនរងគ្រោះ​បាន​បញ្ជាក់ថា នោ​ក្នុងអំឡុង​ខែកក្កដា ២០១៨ គឺ​ជនសង្ស័យ​២​នាក់ បាន​យក​ប្លង់ដី​មួយកន្លែង​នៅ​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដែលមាន​ចំនួន​១​ហិតា​កន្លះ ដែល​សុទ្ធ​សឹង​ជា​ឯកសារ​ក្លែង បំណង​យក​ទៅដាក់​បញ្ចាំ​ឲ្យ​ខ្លួន លើទឹក​ប្រាក់​ចំនួន​៥០ម៉ឺន​ដុល្លារ​អាមេរិក។ ប៉ុន្តែ​ក្រោយមក​ជនសង្ស័យ និង ដើមបណ្តឹង​បាន​ជួប​ចរចា​​ត្រូវរ៉ូវ​គ្នា នៅ​ត្រឹម​៣០​ម៉ឺន​ដុល្លារ​ទេ ហើយ​បាន​ណាត់គ្នា​ប្រគល់​ប្រាក់។ លុះ​ពេល​កំពុង​រាប់​លុយ​នៅ​ហាង​កាហ្វេ​មួយ​ក្នុង​ខណ្ឌទួលគោក ក៏​ស្រាប់តែ​កម្លាំង​សម​ត្ថកិច្ច​ឃាត់ខ្លួន ជនសង្ស័យ​ទាំងពីរ​នាក់​នោះ ដោយ​ពិនិត្យ​លើ​ឯកសារ​សុទ្ធតែ​ក្លែងក្លាយ​ទាំងអស់។

ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ​បាន​សារភាព ដោយមាន​ភាព​​ស៊ី​សង្វាក់​គ្នា ទៅ​នឹង​ពាក្យបណ្តឹង ដូច្នោះ​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅកាន់​សាលាដំបូង​រាជា​ធានី​ភ្នំពេញ​ប្រគល់​អោយ​អយ្យការ​អម​តុលាការ​ធ្វើការ​ចោទប្រកាន់ ហើយ​ចៅក្រម​​ស៊ើបសួរ​បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ជន​ត្រូវ​ចោទ​ដាក់​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន​ដើម្បី​ធ្វើការ​អង្កេត​តាម​នីតិវិធី៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu