Ad Code

ទ្វីបអឺរ៉ុប​រងគ្រោះ​ដោយ​អាកាសធាតុ​ក្បែរ​កម្រិត​កំណត់ត្រា​សាជាថ្មី



កាលពី​ថ្ងៃ​ចន្ទ​ទ្វីបអឺរ៉ុប​បាន​ជួបប្រទះ​នឹង​សីតុណ្ហភាព​ក្តៅ​ជិត​ដល់​កំណត់ត្រា​ ប៉ុន្តែ​មានការ​ថមថយ​ខ្លះ​នៅក្នុង​សម័យកាល​នៃ​ការប្រែប្រួល​អាកាសធាតុ។

ខាងក្រោម​នេះ​គឺជា​ការវិវត្តន៍​នាពេល​ថ្មីៗ​នេះ​៖
- បារាំង​ជិត​ដល់​ចំណុចកំពូល
​កាលពី​ថ្ងៃ​ចន្ទ សីតុណ្ហភាព​ត្រូវបាន​គេ​រំពឹងថា​នឹង​ឡើងដល់​៣៧​អង្សា​សេ​នៅ​ភាគខាងត្បូង​ប្រទេស​បារាំង​ខណៈ​នៅ​ភាគ​ខាងជើង​គឺ​នឹង​ក្តៅ​ខ្លាំង​នៅ​ថ្ងៃ​អង្គារ​។ កាលពី​ថ្ងៃ​សៅរ៍ ពួកគេ​បាន​ជួបប្រទះ​កម្រិត​ខ្ពស់បំផុត​ចាប់តាំងពី​រលក​កំដៅ​ឆ្នាំ​២០០៣​បានសម្លាប់​មនុស្ស​រាប់​ពាន់​នាក់​។​

លោកស្រី Agnes Buzyn រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​និយាយថា ប្រជាជន​ត្រូវតែ​ថែរក្សា​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​ដើម្បី​ទប់ទល់​នឹង​កំដៅ​ហើយ​បាន​ព្រមាន​ថា មនុស្ស​គ្រប់គ្នា​ត្រូវតែ​សម្រប​ខ្លួន​។​

- អគ្គិភ័យ​នៅ​អេ​ស្ប៉ា​ញ​បាន​ស្ថិតនៅក្រោម​ការគ្រប់គ្រង
​នៅ​ប្រទេស​អេ​ស្ប៉ា​ញ ចំនួន​អ្នកស្លាប់​បាន​កើន​ឡើងដល់​៧​នាក់​បន្ទាប់ពី​បុរស​អាល្លឺម៉ង់​អាយុ ៤០​ឆ្នាំ​ម្នាក់​ស្លាប់​ដោយសារ​កំដៅ​ខ្លាំង​នៅ​តំបន់ Extremadura ភាគ​ខាងកើត​។
​ក្រុមមន្ត្រី​ក្នុង​តំបន់​ក៏បាន​កត់ត្រា​នូវ​ការស្លាប់​ដោយសារ​កំដៅ​ដទៃទៀត​ផងដែរ​នៅក្នុង​តំបន់ Extremadura និង Catalonia ។​
​ក្រុម​ពន្លត់​អគ្គិភ័យ​បាន​គ្រប់គ្រង​ភ្លើង​ឆេះ​ព្រៃ​មួយ​ក្នុង​ខេត្ត Huelva ជាប់​ព្រំដែន​ប្រទេស​ព័រ​ទុយ​ហ្គា​ល់​។​

សីតុណ្ហភាព​នៅតែ​ខ្ពស់​ជាពិសេស​នៅ​ភាគ​អាគ្នេយ៍​ដែល​នៅ​ទីនោះ​ពួកគេ​បាន​ព្យាករណ៍​ថា​នឹង​ឡើងដល់​៤០​ទៅ​៤២​អង្សា​សេ​។​

- អគ្គិភ័យ​នៅ​ព័រ​ទុយ​ហ្គា​ល់​

​នៅ​ប្រទេស​ព័រ​ទុយ​ហ្គា​ល់ សីតុណ្ហភាព​បាន​ថយចុះ​បន្តិច​ប៉ុន្តែ​មិន​គ្រប់គ្រាន់​ដើម្បី​ឲ្យ​អ្នក​ពន្លត់​អគ្គិភ័យ​ប្រមាណ​១,១០០​នាក់​មាន​ភាពងាយស្រួល​នោះទេ​។​
​តំបន់ Monchique នៅ​ភាគខាងត្បូង​ប្រទេស​ព័រ​ទុយ​ហ្គា​ល់​ត្រូវបាន​គ្របដណ្តប់​ដោយ​ពពក​ផ្សែង​ដ៏​ក្រាស់​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​បន្ទាប់ពី​អាជ្ញាធរ​ជម្លៀស​ពលរដ្ឋ​ជាច្រើន​នៅពេល​យប់​ខណៈ​មនុស្ស​២៤​នាក់​រងរបួស​ដោយមាន​ម្នាក់​របួសធ្ងន់​។​

សេវា​អាកាសធាតុ​បាន​និយាយថា បន្ទាប់ពី​ឡើងដល់​ចំណុចកំពូល​កាលពី​ថ្ងៃ​សៅរ៍ សីតុណ្ហភាព​បាន​ថយចុះ​មកក្រោម​៤៥​អង្សា​សេ​ហើយ​គួរតែ​បន្ត​ថយចុះ​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​ខាងមុខ​។​

- ការកើនឡើង​ថ្មី​នៅ​អាល្លឺម៉ង់
​ប្រទេស​អាល្លឺម៉ង់​រំពឹងថា កំដៅ​នឹង​ឡើងដល់​៣៩​អង្សារ​នៅ​ពាក់កណ្តាល​សប្តាហ៍​នេះ​មុនពេល សីតុណ្ហភាព​ថយចុះ​ខណៈ​តួលេខ​ផ្លូវការ​បានបង្ហាញ​ពី​កម្រិត​ជា​មធ្យម​សម្រាប់​ខែមេសា​ដល់​កក្កដា​ថា​មាន​កម្រិត​ខ្ពស់ជាង​ឆ្នាំ​១៩៦១​ដល់​១៩៩០​។​

ក្មេងៗ​ជាង​មួយ​លាន​នាក់​បាន​វិលត្រឡប់​ទៅ​សាលារៀន​វិញ​កាលពី​ថ្ងៃ​ចន្ទ​នៅក្នុង​រដ្ឋ​អាល្លឺម៉ង់​ចំនួន​៣​គឺ Rhineland-Palatinate, Saarland និង Hesse ប៉ុន្តែ​អ្នកខ្លះ​ត្រូវបាន​គេ​អនុញ្ញាត​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​មុន​ម៉ោង​ដោយសារ​រលក​កម្តៅ​។​

- កោះ​អង់គ្លេស​មាន​បញ្ហា
​ចក្រភព​អង់គ្លេស​បាន​ជួបប្រទះ​អាកាសធាតុ​ក្តៅ​ខ្លាំង​នៅ​ភាគខាងត្បូង​ដោយមាន​អតិបរមា​៣២​អង្សា​សេ​ប៉ុន្តែ​នៅ​ភាគ​ខាងជើង​គឺ​ត្រជាក់​ជាង​និង​មាន​ពពក​ច្រើនជាង​។​
​របាយការណ៍​របស់ Daily Express បាន​និយាយថា នៅ​ទីក្រុង Arran របស់​ស្កុ​ត​ឡេ​ន កោះ Isle of Scilly ស្ថិតនៅ​ភាគ​និរតី​ប្រទេស​អង់គ្លេស​និង​ទីក្រុង Jersey នៅ​កោះ Channel Islands បានស្នើ​ឲ្យ​ប្រជាជន​កាត់បន្ថយ​ការប្រើប្រាស់​ទឹក​ដោយសារតែ​ការផ្គត់ផ្គង់​ទឹក​ត្រូវ​រីងស្ងួត​។​

- ហូ​ឡង់ -
​រលក​កំដៅ​បាន​បោកបក់​លើ​ប្រទេស​ហូ​ឡង់​ដូចជា​ប្រទេស​ជាច្រើន​ទៀត​ដែរ​ប៉ុន្តែ​គ្មាន​នរណាម្នាក់​គិតថា​វា​អាច​គំរាមកំហែង​ដល់​ប្រព័ន្ធ​ទំនប់​និង​ប្រឡាយ​ដ៏​ល្បីល្បាញ​លើ​ពិភពលោក​ទេ​ដែល​បង្កើតឡើង​ដើម្បី​រក្សា​សមុទ្រ​។​

កម្ពស់​ទឹកទន្លេ​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​ដែលជា​ហេតុ​ធ្វើ​ឲ្យ​ទឹកប្រៃ​កំពុង​ហូរ​ទៅតាម​ផ្លូវទឹក​ហើយ ក្រុមហ៊ុន Rijkswaterstaat ដែល​គ្រប់គ្រង​ប្រព័ន្ធ​ទឹកជា​តិ​បាន​បើក​ច្រាំងទន្លេ​នៅ​តំបន់​ដីគោក​ដើម្បី​បង្ហូរ​វា​ចេញ​។​

- ចំនួន​អ្នកស្លាប់​ដោយ​អគ្គិភ័យ​នៅ​ប្រទេស​ក្រិច​កើន​ដល់​៩១​នាក់
​ក្រុមមន្ត្រី​បាន​និយាយថា ប្រទេស​ក្រិ​កមាន​អាកាសធាតុ​ត្រជាក់​បន្តិច​ប៉ុន្តែ​ចំនួន​អ្នកស្លាប់​ដោយសារ​ភ្លើង​ឆេះ​ព្រៃ​នៅ​ភាគ​ឦសាន​ទីក្រុង​អា​តែ​ន​កាលពី​ខែ​មុន​បាន​កើនឡើង​ដល់​៩១​នាក់​។​
​មនុស្ស​៣៦​នាក់​ផ្សេងទៀត​នៅតែ​ត្រូវ​សម្រាក​ក្នុង​មន្ទីរពេទ្យ​បន្ទាប់ពី​គ្រោះមហន្តរាយ​កាលពី​ថ្ងៃទី​២៣​ខែកក្កដា​ដោយ​ក្នុងនោះ​មាន​៦​នាក់​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​។​

- កា​ឆាបឆេះ​នៅ​ស្កា​ឌី​ណា​ណាវី​
​ភ្លើង​ឆេះ​ព្រៃ​ដែល​កំពុង​ឆាបឆេះ​នៅ​ទូទាំងប្រទេស​ស៊ុយ​អ៊ែត​បាន​ថយចុះ​។ សេវា​សង្គ្រោះបន្ទាន់ SOS Alarm បាន​និយាយថា អគ្គិភ័យ​បាន​ធ្លាក់​ចុះមក​សល់​ត្រឹម​ប្រាំបី​កន្លែង​នៅ​ថ្ងៃ​ចន្ទ​។​

ក្រុម​អាជ្ញាធរ​បាន​និយាយថា ភាគ​ខាងជើង​របស់​ប្រទេស​នេះ​បាន​ជួបប្រទះ​នូវ​ភ្លៀង​ធ្លាក់​ខ្លាំង​កាលពី​ថ្ងៃ​ចន្ទ​បន្ទាប់ពី​មាន​កំដៅ​ក្នុង​កំណត់ត្រា​នៅ​តំបន់ Arctic Circle ដែលជា​ហេតុ​បង្ក​ឲ្យ​មាន​គ្រោះរាំងស្ងួត​និង​ភ្លើង​ឆេះ​ព្រៃ​។ ភាពរាំងស្ងួត​នៅតែ​បន្ត​កើតមាន​នៅក្នុង​តំបន់​ជាច្រើន​ទៀត​នៃ​ប្រទេស​នេះ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu