Ad Code

ឆេះ​ផ្សារ​ខៅ​ឌិន ជាប់​ស្រុក​សំពៅ​លូន អស់ទ្រព្យ​សម្បត្តិ​អាជីវករ​ខ្មែរ​រាប់​សែន​បាត



បាត់ដំបង​ ៖ ​អគ្គិភ័យ​មួយ​បាន​លេប​ត្របាក់​តូប​មួយចំនួន ក្នុង​ផ្សារ​ថៃ​ ដែល​ស្ថិត​នៅ​ជាប់​ នឹង​ព្រំប្រទល់ ខេត្តបាត់ដំបង ដោយ​បាន​បំផ្លាញ​ទ្រព្យសម្បត្តិ​របស់​អាជីវករ​ខ្មែរ​ជិត ១ លាន បាត​ដែល​ទំនង​មកពី​ការឆ្លង​ចរន្ត​អគ្គិសនី បន្ទាប់ពី​មានការ​ឆេះ​ផ្សារ​រោង​ក្លឿ ក្នុងស្រុក​អារញ្ញ​រួចមក។

ហេតុការណ៍​នេះ​ បាន​កើត​ឡើង នា ថ្ងៃទី២១ ខែសីហា ឆ្នាំ​២០១៨ វេលា​ម៉ោង ១១និង ៣០ នាទី ថ្ងៃត្រង់ នៅក្នុង​ចំណុច​ក្នុង​ផ្សារ ស៊ី​ភេ​ន ជាប់​នឹង​ច្រកទ្វារ​អន្តរជាតិ​ខៅ​ឌិន​ ក្នុងស្រុក​ខ្លង​ហាត ខេត្ត​ស្រះកែវ ប្រទេស​ថៃ ដែល​ស្ថិតនៅតាម​បណ្តោយ​ខ្សែបន្ទាត់​ព្រំដែន​ត្រង់​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង។​

​អគ្គិភ័យ​ដែល​បាន​ឆាបឆេះ​ឡើង​នេះ បាន​បំផ្លាញ​តូប​អាជីវករ​របស់​ខ្មែរ​ដែល​ជួល​ថៃ​លក់​ទំនិញ​ផ្សេងៗ​អស់​ចំនួន ៦ តូប ដែល​គេ​កំពុង​សង្ស័យថា អាច​បណ្តាលមកពី​ការឆ្លង​ចរន្ត​អគ្គិសនី ​ដោយ​នៅពេល​នោះ​ដែរ រថយន្ត​ពន្លត់អគ្គិភ័យ​របស់​ភាគី​ថៃ បាន​សម្រុក​ជួយ​បាញ់​ទប់ស្កាត់​នូវ​ការ​រាលដាល រហូត​ស្ងប់​ទៅវិញ។

ការ​ឆាបឆេះ​នេះដែរ ក៏បាន​បំផ្លាញ​នូវ​ទំនិញ​របស់ ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់ ឈ្មោះ ង៉ែត ចំរើន ភេទ​ប្រុស អាយុ ២៨​ឆ្នាំ រស់នៅ ភូមិ​ឈើទាល ឃុំ​សិរី​មានជ័យ ស្រុក​សំពៅ​លូន ខេត្ត បាត់ដំបង ដែល​ទំនិញ​ក្នុង​នោះ​ភាគច្រើន​គឺជា​អីវ៉ាន់​ចាប់ហួយ និង​គ្រឿងទេស បើ​សរុប​ជា​ទឹកប្រាក់ ប្រហែល ៨ សែន បាត។

គួរ​បញ្ជាក់ដែរថា ការឆាបឆេះ​នេះ គឺ​បាន​កើតឡើង​បន្ទាប់ពី​មានការ​ឆាបឆេះ​នៅក្នុង​ផ្សារ​រោង​ក្លឿ ដែល​ស្ថិត​ក្នុងស្រុក​អារញ្ញ​ប្រាថេត ខេត្ត​ស្រះកែវ​ដូចគ្នា ដែល​ក្នុងនោះដែរ​ទំនិញ​របស់​អាជីវក​រ​ខ្មែរ ត្រូវបាន​បំផ្លាញ​ដោយ​អគ្គិភ័យ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ផងដែរ​ ដែល​បញ្ហា​នេះ គឺ​ប្រភព​នានា​បាន​លើកឡើងថា អាច​បណ្តាលមកពី​ការ​ទុស្សេ​ចរន្ត៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu