សារព័ត៌មានតំបន់ឲ្យដឹងថា ការនាំចេញរបស់ប្រទេសថៃ ទៅសហភាពអឺរ៉ុប អាចនឹងរួញតូចនៅឆ្នាំនេះ ដោយសារតែការបន្តមានការលំបាកខាងសេដ្ឋកិច្ចបន្តទៀត (តាមការអះអាងរបស់ មជ្ឈមណ្ឌលស្រាវជ្រាវកសិករថៃ)។ ឱកាសនៃការងើបឡើងខាងសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុបភ្លាមៗ មានតិចតួច ដោយមជ្ឈមណ្ឌលអះអាងថា ប្រាក់បាតឡើងថ្លៃធៀបនឹងប្រាក់អឺរ៉ូ ប្រមាណ ១៥,៣% តាំងពីដើមឆ្នាំ ២០១៤ និងបាត់បង់ការប្រកួតប្រជែងជាមួយនឹងប្រាក់ដុង របស់វៀតណាម និងប្រាក់រូពី របស់ឥណ្ឌូណេស៊ី។ សហភាពអឺរ៉ុប ក៏បានបញ្ចប់នូវឯកសិទ្ធិខាងពន្ធ ដែលមានតម្លៃប្រមាណ ២៥២ លានដុល្លារ សម្រាប់ផលិតផលថៃ ក្រោមប្រព័ន្ធអនុគ្រោះ ទូទៅ។
បើសិនជាសេដ្ឋកិច្ចសហភាពអឺរ៉ុប រីកបាន ១,១% នៅឆ្នាំនេះ ការនាំចេញរបស់ថៃ ទៅសហភាពអឺរ៉ុប អាចនឹងកើនម្តុំ ០,៥% ទៅ ៣,៥% បើមិនដូចនោះទេ ការនាំចេញទៅសហភាពអឺរ៉ុប អាចនឹងរំពឹងថាមានការធ្លាក់ចុះ។ កាលពីឆ្នាំកន្លងទៅ ការនាំចេញពីថៃទៅសហភាពអឺរ៉ុប បានកើនឡើង៤,៦%។ មជ្ឈមណ្ឌល បានប្រាប់ឲ្យដឹងថា សហភាពអឺរ៉ុបអាចងាកទៅទិញកៅស៊ូធម្មជាតិ ផលិតផលពីកៅស៊ូ សាច់មាន់កែច្នៃ ត្បូងមានតម្លៃ គ្រឿងអលង្ការ ផលិតផលគីមី និងអាហារសមុទ្រ ពីប្រទេសជិតខាងថៃ។
យ៉ាងណាក្តី មជ្ឈមណ្ឌល រំពឹងថា អ្នកនាំចេញកុំព្យូទ័រ ផ្នែកនានានៃកុំព្យូទ័រ រថយន្ត ម៉ាស៊ីនត្រជាក់ និងគ្រឿងអគ្គិសនីនានា អាចនឹងទប់ទល់សភាពការណ៍បាន ដោយសារជាផ្នែកនៃសង្វាក់ផលិតកម្មនៃឧស្សាហកម្មធំៗ និងមានភាពបត់បែនក្នុងការគ្រប់គ្រងចំណាយ។ ប្រាក់អឺរ៉ូ បន្តបាត់បង់តម្លៃ អ្នកប្រើប្រាស់អឺរ៉ុប មានអារម្មណ៍ថាផលិតផលមកពីប្រទេសផ្សេង មានតម្លៃថ្លៃជាង។ ផលិតផលថៃ ក្លាយជារបស់មានតម្លៃកាន់តែខ្ពស់ ដោយសារតែការបញ្ចប់នូវឯកសិទ្ធិខាងពន្ធនៃប្រព័ន្ធអនុគ្រោះទូទៅ ដែលធ្វើឲ្យផលិតផលថៃ មានការលំបាកនឹងប្រកួតប្រជែងជាមួយទំនិញនាំចេញពីវៀតណាម កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងឥណ្ឌូណេស៊ី ដែលនៅទទួលបានប្រព័ន្ធអនុគ្រោះទូទៅនៅឡើយ៕
0 Comments