ភ្នំពេញ ៖ នៅវេលាម៉ោង១០និង៤៥នាទី ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានទទួលជួបលោកជំទាវ ស៊ុសម៉ា ស្វារ៉ាច (Shusma Swaraj) រដ្ឋមន្ត្រីការបរទេសឥណ្ឌា ដែលជំនួបបានធ្វើឡើងនៅទីស្តីការក្រសួងការបរទេស ហើយនឹងមានពិធីចុះហត្ថលេខាលើឯកសារមួយចំនួនផងដែរ។
សូមបញ្ជាក់ថា តបតាមការអញ្ជើញរបស់លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកជំទាវ ស៊ុសម៉ា ស្វារ៉ាច (H.E. Ms. Sushma Swaraj) រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋឥណ្ឌា នឹងដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២៨ ដល់៣០ ខែសីហា ឆ្នាំ២០១៨។
ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជា លោកជំទាវ នឹងចូលជួបសម្តែងការគួរសម ជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លោកជំទាវ ស៊ុសម៉ា ស្វារ៉ាច នឹងពិភាក្សាទ្វេភាគីជាមួយលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន អំពីបញ្ហាជាច្រើនទាក់ទង នឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ហើយនិងផ្លាស់ប្តូរយោបល់គ្នាអំពីបញ្ហាតំបន់ និងអន្តរជាតិដែលមានការចាប់អារម្មណ៍ដូចគ្នា។
បន្ទាប់ពីជំនួបទ្វេភាគី នឹងមានការចុះហត្ថលេខាលើឯកសារចំនួន៣ រួមមាន ទី១-កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា និងរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការអភិរក្ស/ជួសជុលប្រាសាទព្រះវិហារ នៅក្នុងស្រុកជាំក្សាន ខេត្តព្រះវិហារ ប្រទេសកម្ពុជា ទី២- អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងសុខាភិបាល និងកិច្ចការគ្រួសារ នៃសាធារណរដ្ឋឥណ្ឌា និងក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសុខភាព និងឱសថ និងទី៣- អនុស្សរណៈនៃការយោគយល់គ្នារវាងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងវិទ្យាស្ថានការបរទេស នៃក្រសួងការបរទេស នៃសាធារណរដ្ឋឥណ្ឌា។
ក្នុងដំណើរទស្សនកិច្ចនេះ លោកជំទាវ ស៊ុសម៉ា ស្វារ៉ាច គ្រោងអញ្ជើញទស្សនាប្រាសាទបុរាណមួយចំនួន នៅក្នុងខេត្តសៀមរាប រួមទាំងគម្រោងជួសជុលប្រាសាទតាព្រហ្ម ដែលគាំទ្រដោយរដ្ឋាភិបាលឥណ្ឌា។ ដំណើរទស្សនកិច្ចផ្លូវការនេះ នឹងពង្រឹងថែមទៀតនូវទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងកម្ពុជា និងឥណ្ឌា៕
Source: Kampuchea Thmey Daily
0 Comments