ប្រទេសកូរ៉េ ៖ អ្នកវិនិយោគិនកូរ៉េ មានចំណាប់អារម្មណ៍ក្នុងការវិនិយោគ ជារោងចក្រផលិតចំណីសត្វមាន់ និងកសិដ្ឋានចិញ្ចឹមមាន់នៅកម្ពុជា ខណៈដែលប្រទេសកម្ពុជាកំពុងមានការអភិវឌ្ឍរីកចម្រើន សម្បូរវត្ថុធាតុដើម សម្រាប់ធ្វើការផលិតជាចំណីសត្វ មានតម្លៃថោកប្រៀបធៀបនឹងប្រទេសជិតខាង រួមជាមួយនឹងថ្លៃកម្លាំងពលកម្មសមរម្យផងដែរនោះ។
ការបង្ហាញពីចំណាប់អារម្មណ៍របស់អ្នកវិនិយោគិនកូរ៉េនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨នេះ ខណៈដែល ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូងលោកឡុង ឌីម៉ង់ និងទីប្រឹក្សាពាណិជ្ជកម្ម អមស្ថានទូត បានអញ្ជើញធ្វើទស្សនកិច្ចនៅរោងចក្រកែច្នៃសាច់មាន់មួយកន្លែងនៅទីក្រុងណាំយ៉ាងជូ របស់ក្រុមហ៊ុន ACE Food Co.,Ltd. ដែលមានសមត្ថភាពកែច្នៃមាន់បានចំនួន ១២.០០០ក្បាលក្នុងមួយថ្ងៃ ដើម្បីសិក្សាស្វែងយល់ពីបច្ចេកវិទ្យា និងតម្រូវការទីផ្សារសាច់មាន់របស់កូរ៉េ។
ក្នុងជំនួបពិភាក្សាជាមួយនឹងលោក Yoon, Jun-hyun ប្រធានក្រុមហ៊ុន ACE Food Co.,Ltd. លោកឯកអគ្គរាជទូតបានបង្ហាញពីសក្ដានុពលរបស់កម្ពុជា ដែលរាជរដ្ឋាភិបាលបានបង្កលក្ខណៈងាយស្រួលដល់វិនិយោគិនបរទេសក្នុងការបណ្ដាក់ទុនរកស៊ីនៅកម្ពុជា ជាពិសេសកម្ពុជាសម្បូរវត្ថុធាតុដើម សម្រាប់ធ្វើការផលិតជាចំណីសត្វ ដែលមានតម្លៃថោកប្រៀបធៀបនឹងប្រទេសជិតខាង រួមជាមួយនឹងថ្លៃកម្លាំងពលកម្មសមរម្យផងដែរ។
ជាការឆ្លើយតបលោក Yoon ថាលោកពិតមានចំណាប់អារម្មណ៍ជាមួយនឹងឱកាសវិនិយោគនៅកម្ពុជា រួមនឹងសក្តានុពលទីផ្សារដែលកម្ពុជាមាន លោកថានឹងធ្វើការសិក្សាបន្ថែមឱ្យបានស៊ីជម្រៅ ដោយលោកនឹងត្រូវចុះទៅសិក្សា និងពិនិត្យជាក់ស្ដែងនៅពេលខាងមុខ។
បច្ចុប្បន្ននេះ ប្រជាជនកូរ៉េបាននិងកំពុងប្រើប្រាស់សាច់មាន់ប្រមាណ ៤លានក្បាលក្នុងមួយថ្ងៃ ដែលគិតជាមធ្យម មនុស្សម្នាក់ទទួលទានសាច់មាន់ប្រមាណ ១៥kg ក្នុងមួយឆ្នាំ ហើយកូរ៉េបច្ចុប្បន្នបាននាំយកសាច់មាន់៣០ភាគរយនៃតម្រូវការប្រើប្រាស់ក្នុងស្រុករបស់ខ្លួនពីបរទេសរួមមាន ប្រេស៊ីល និងអាមេរិក ជាដើម៕
Source: Kampuchea Thmey Daily
0 Comments