ភ្នំពេញ ៖ ពិតជារឿងដ៏អាម៉ាស់ថ្មីមួយទៀតសម្រាប់ផលិតកម្មល្បីឈ្មោះ មហាហង្ស ដែលមានលោក អ៊ិន សុភិន ជាថៅកែគ្រប់គ្រងផលិតកម្មមួយនេះ ខណៈដែលថ្មីៗនេះ មានតារាប្រុសរបស់ខ្មែរម្នាក់ទៀត បានចេញមុខប្រកាសស្នើឲ្យភាគីផលិតកម្មត្រូវចេញមុខទូទាត់ថ្លៃសំណងនៃការថតខ្សែភាពយន្តរឿង សង្គ្រាមមរតក ដែលនៅខ្វះចំនួន៨០ភាគរយ។
ផ្អែកតាមការរៀបរាប់របស់តារាសម្តែងប្រុសរូបសង្ហាលោក ហង្ស សម្បើមស័ក្តិ បានលើកឡើងថា ជម្រាបសួរបងប្រុស អូន ឧស្សាហ៍! ខ្ញុំខលទៅបងគឺជាប់រវល់រហូតហើយខ្ញុំបានឆាតទៅបងក៏គ្មានការឆ្លើយតបដែរ មូលហេតុដែលជំរុញអោយខ្ញុំផុសព្រោះមិនមានវិធីអាចទាក់ទងបាន។ បងបានសន្យាបើកលុយបញ្ចប់៨០ភាគរយក្នុងរឿង សង្គ្រាមមរតក ដែលបានដាក់បញ្ចាំងចប់បរិបូណ៌ហើយនៅស្ថានីយទូរទស្សន៍មួយ។
លោក ហង្ស សម្បើមស័ក្តិ បញ្ជាក់ថា បងបានលើកថ្ងៃជាមួយខ្ញុំ៤ដងហើយ ពេលនេះខ្ញុំត្រូវការប្រើប្រាស់ចាំបាច់ បើបងបានឃើញហើយសូមទាក់ទងមកប្អូនវិញផង ព្រោះគួរតែគោរពសម្តីខ្លួនឯងយើងបានចរចាគ្នាថា នឹងបើកបញ្ចប់ហើយបើនៅតែគ្មានការឆ្លើយតបពីបងប្រុស អូនឧស្សាហ៍ ទេវាត្រូវជំរុញអោយខ្ញុំសូមចម្លើយពីលោកអគ្គនាយកផលិតកម្មដើម្បីបង្ហាញពីទំនួលខុសត្រូវរបស់ខ្លួន សូមអគុណ។
សូមបញ្ជាក់ថានេះពុំមែនជាករណីទី១នោះទេ ដែលមានតារាប្រុស-ស្រីរបស់ខ្មែរបានដាច់ចិត្តចេញមុខទម្លាយនិងប្រកាសដោយបើកចំហនៅលើបណ្តាញសង្គមហ្វេសប៊ុកទាក់ទងរឿងរ៉ាវដែលផលិតកម្មមួយនេះ ជំពាក់ប្រាក់ថ្លៃថតដោយគ្មានដំណោះស្រាយសងមកភាគីតួសម្តែង។ ជាក់ស្តែងកន្លងមកមានតារាសម្តែងស្រីកញ្ញា ណាក់ ស្រីណា ធ្លាប់ចេញមុខប្រកាសម្តងរួចមកហើយពាក់ព័ន្ធការជំពាក់លុយថ្លៃថតពីសំណាក់ភាគីផលិតកម្ម មហាហង្ស ខណៈពេលនេះក៏មានតារាប្រុសលោក ហង្ស សម្បើមស័ក្តិ ក៏ចេញមុខនិយាយបីបញ្ហានេះផងនោះ៕
Source: Kampuchea Thmey Daily
0 Comments