បាត់ដំបង ៖ ពលកររាប់រយ នាក់ បាន និងកំពុងឆ្លងដែនយ៉ាងពពាក់ពពូន ចេញតាមច្រករបៀង ចូលទៅក្នុងទឹកដីថៃដើម្បីស្វែងរកការងារ ធ្វើទាំងប្រថុយនឹងគ្រោះថ្នាក់ ដោយការឆ្លងដែនទាំងហ្វូងៗ ក្នុងមួយថ្ងៃៗនេះ ដោយសារតែមានការបើកភ្លើងខៀវពីសំណាក់ នគរបាល និងយោធា ដែលឈរជើងនៅក្នុងតំបន់នោះផងដែរ ដើម្បីប្រមូលផលចូលហោប៉ៅ។
ជាក់ស្តែង នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ នេះ នៅច្រករបៀងមួយកន្លែងស្ថិតក្នុងភូមិប្រឡាយប្រាក់ ឃុំអង្គរបាន ស្រុកសំពៅលូន ខេត្តបាត់ដំបង មានពលករខ្មែររាប់រយនាក់ បានសម្រុកឆ្លងអូរព្រំដែនចូលទៅកាន់ទឹកដីនៃប្រទេសថៃ ដោយមិនគិតអំពីគ្រោះថ្នាក់ដោយប្រការណាមួយឡើយ បន្ទាប់ពីមានការបើកច្រករបៀងចំហពីសំណាក់កងកម្លាំងប្រដាប់អាវុធរួចមក ដើម្បីឈរចាំប្រមូលលុយ។
គួរបញ្ជាក់ដែរថា តំបន់ខាងលើនេះ គឺជាដែនគ្រប់គ្រងដោយកម្លាំងនគរបាល ការពារព្រំដែនគោក៨១៧ និងកម្លាំងយោធាវីរៈ ៥០៦ បានបើកឲ្យពលករខ្មែរឆ្លងដែនទៅធ្វើការក្នុងទឹកដីថៃក្នុងដែនគ្រប់គ្រងរបស់ខ្លួន ដោយគ្រាន់តែទិញសំបុត្រ១សន្លឹកតំលៃ១០០០រៀលតែប៉ុណ្ណោះ ជាការស្រេច ហើយនៅក្នុងក្រដាសសំបុត្រនោះមានសញ្ញារូបផ្លែពោតមួយ ដោយមិនបានបំពេញ ក្នុងចន្លោះ ថ្ងៃ ខែ ឆ្នាំ និងកាលបរិច្ឆេទសម្រាប់ឲ្យពួកគេចេញចូលនោះឡើយ។
នៅក្នុងចំណោមពលកររាប់រយនាក់ ក៏មានពលករម្នាក់បានឲ្យដឹងថា ពួកគាត់ឆ្លងដែនដើម្បីទៅរកការងារធ្វើក្នុងទឹកដីថៃ សម្រាប់១ថ្ងៃ (វិលល្ងាច) ដោយបានប្រាក់កម្រៃពលកម្មចំនួន ២០០ បាត ក្នុងមួយថ្ងៃ។ ហើយគាត់បានបន្តទៀតថា ទោះបីជាមានការលំបាកក្នុងការឆ្លងដែន ឆ្លងអូរបន្តិចក្តី ក៏ ពួកគាត់ត្រូវតែប្តូរដែរដើម្បីកម្រៃប្រចាំថ្ងៃក្នុងគ្រួសារគាត់។
សមត្ថកិច្ចនៅទីនោះបានបង្ហើបឲ្យដឹងថា ច្រករបៀងខាងលើនេះបើកឲ្យពលករឆ្លងទៅរកការងារធ្វើបានដោយសារខាងភាគីថៃសម្របសម្រួល ឲ្យចូល តែទោះបីជាយ៉ាងនេះក្តី ក៏សមត្ថកិច្ចទាំង២អង្គភាពគួរតែពិចារណាឡើងវិញអំពីបញ្ហាគ្រោះថ្នាក់ណាមួយជាយថាហេតុ ទៅលើពលករគ្រប់រូបដែលមិនមានច្បាប់ត្រឹមត្រូវ ដោយសារតែសមត្ថកិច្ចចង់បានលុយចូលហោប៉ៅខ្លាំងពេក ដូច្នេះគួរថ្នាក់លើជួយពិនិត្យឡើងវិញផង នៅត្រង់ច្រករបៀងខាងលើនេះ៕
Source: Kampuchea Thmey Daily
0 Comments