ភ្នំពេញ ៖ បុរសម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ចាប់ខ្លួនពីបទបរិហារកេរ្តិ៍ នារីម្នាក់បានលក់ខ្លួនឲ្យលោកឧត្តមសេនីយ៍ផ្កាយ៣ម្នាក់ តាមរយៈបណ្តាញព័ត៌មានសង្គម(ហ្វេសប៊ុក) ហើយត្រូវបានចាប់ខ្លួនកាលពីល្ងាចថ្ងៃ៣១ ខែកក្កដា ឆ្នាំ២០១៨។
ជនដែលត្រូវបានគេចោទប្រកាន់និងឃាត់ខ្លួនខាងលើនោះ ឈ្មោះ តាំង សុភិន អាយុ៣១ឆ្នាំ គ្មានមុខរបរ មានទីលំនៅភូមិព្រៃញាតិ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
មន្ត្រីនគរបាលខណ្ឌសែនសុខបានឲ្យដឹងថា ជនសង្ស័យខាងលើត្រូវបានចាប់ខ្លួនតាមបណ្តឹងរបស់ដើមចោទម្នាក់ឈ្មោះ កែវ ច័ន្ទកាន់ ហៅកាន់ ភេទស្រី អាយុ២៦ឆ្នាំ មុខរបរពិធីការនីសិល្បៈ មានទីលំនៅក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។
រឿងរ៉ាវដែលនាំឲ្យមានការឈានទៅប្តឹងជនសង្ស័យឲ្យសមត្ថកិច្ចឃាត់ខ្លួននោះ ត្រូវបាននាង កែវ ច័ន្ទកាន់ បានរៀបរាប់ថា នៅមុនពេលកើតហេតុ កាលពីម៉ោង២០ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ នាងបានឃើញ អាខោនហ្វេសប៊ុកមួយ បានក្លែងបន្លំជាអាខោនហ្វេសប៊ុក របស់នាងដោយយករូបថតរបស់នាងមកដាក់ឡូហ្គោ លើអាខោនហ្វេសប៊ុកនោះដោយបានផ្សព្វផ្សាយថា នាងបានលក់ខ្លួនឲ្យលោកឧត្តមសេនីយ៍ផ្កាយ៣ម្នាក់។ ក្រោយមកនៅវេលាម៉ោង១៧ល្ងាចថ្ងៃទី៣១ នាងក៏បានមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខឲ្យជួយចាត់ការតាមច្បាប់។
ក្រោយពីទទួលបានព័ត៌មាននៅក្នុងពាក្យបណ្តឹងរបស់ដើមចោទរួចរាល់សមត្ថកិច្ចក៏បានធ្វើការតាមជំនាញ ស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យរូបនោះ នៅម្តុំកោះពេជ្រ រាជធានីភ្នំពេញកាលពីព្រលប់ថ្ងៃដដែលយកមកកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ សាកសួរព័ត៌មាន ដើម្បីកសាងឯកសារបញ្ជូនទៅតុលាការ តាមការចោទប្រកាន់របស់ដើមចោទឈ្មោះ កែវ ច័ន្ទកាន់។
ទោះបីយ៉ាងណាជនសង្ស័យបានបដិសេធថា គាត់មិនបានធ្វើការបង្ហោះព័ត៌មានបរិហារកេរ្តិ៍ បែបនេះដូចការចោទប្រកាន់របស់នាងឡើយ៕
Source: Kampuchea Thmey Daily
0 Comments