Ad Code

ព្រឹក​នេះ​ សម្តេច​តេ​ជោ ហ៊ុនសែន បន្ត​ជួប​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត​ជាង​១​ម៉ឺន​នាក់ នៅ​តំបន់​ផ្លូវ​វ៉េងស្រេង ក្នុង​សង្កាត់​ចោមចៅ



ភ្នំពេញ ​៖​ ដូច​ ដែល​បាន​សន្យា​នៅមុន​ការបោះឆ្នោត សម្តេច​តេ​ជោ ហ៊ុនសែន បាន​បន្ត​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករ និយោជិត ជាង ១ ម៉ឺន​នាក់ នៅ​វេលា​ម៉ោង​៧​ ព្រឹក​ថ្ងៃទី​២ ខែសីហា នេះ​នៅ​តំបន់​ផ្លូវ​វ៉េងស្រេង ដែល​មកពី​រោងចក្រ សហគ្រាស​នានា​នៅក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។ សម្តេច​តេ​ជោ​បាន​ផ្អាក​ការ​ចុះ​ជួប​កម្មករនិយោជិត នៅ​មុន​ពេល​យុទ្ធនា​ការបោះឆ្នោត​ចាប់តាំងពី​ថ្ងៃទី​៥ ខែកក្កដា និង​បាន​សន្យា​ថា ក្រោយ​បោះឆ្នោត​រួច​នឹង​បន្ត​ចុះ​ជួប​បន្តទៀត។

ប្រភពពី​ក្រសួង​ការងារ​បាន​ឲ្យ​ដឹងថា កម្មករ និយោជិត ដែល​នឹង​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នៅថ្ងៃនេះ​មាន​ចំនួន ១៤.៦៩៧​នាក់ មកពី​រោងចក្រ​សហគ្រាស​ចំនួន​២៤ នៅក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ រោងចក្រ សហគ្រាស​ទាំង​២៤ ដែល​អនុញ្ញាត​ឲ្យ​កម្មករ និយោជិត​ជួប​សំណេះសំណាល​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ថ្ងៃ​ពុធ​នេះ មាន​ថៅកែ​ជា​ជន​ជាតិចិន​ចំនួន​១៩, កូរ៉េ​ចំនួន​២, សិង្ហ​បុរី​ចំនួន​១ និង​ខ្មែរ​ចំនួន​១។

ក្នុងនោះ រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​ចំនួន​២១, ផលិត​ស្បែកជើង​ចំនួន​២ និង​បោកគក់​ចំនួន​១​។ ផលិតផល​ទាំងអស់​ត្រូវបាន​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​និង​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងប្រទេស​។​ ​រោងចក្រ​សហគ្រាស​នៅក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​បង្កើត​នូវ​មុខរបរ​និង​ការងារ​បន្ថែម​ជាច្រើន​ងាយស្រួល​ដល់​យុវជន​ក្នុង​ការរក​ការងារ​ធ្វើ​ក្នុង​មូលដ្ឋាន​របស់ខ្លួន ដូចជា​របរ​ជួល​ផ្ទះ លក់​ម្ហូបអាហារ ការដឹកជញ្ជូន និង​សេវាកម្ម​ផ្សេងៗ​ទៀត រួមចំណែក​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ជីវភាព​របស់​ប្រជាជន​ក្នុង​មូលដ្ឋាន។

បច្ចុប្បន្ន រាជធានី​ភ្នំពេញ មាន​រោងចក្រ សហគ្រាស គ្រឹះស្ថាន​សរុប​ចំនួន​៤,៤៥៣ មាន​កម្មករនិយោជិត​ចំនួន​៧៧២,៨៣៦​នាក់ ដែល​មាន​ប្រាក់​ឈ្នួល​សរុប​ជាង​១,៨៥៥ លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។ ក្នុងនោះ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​ផលិត​ស្បែកជើង​មាន​ចំនួន​៦៨៨ មាន​កម្មករ និយោជិត​ចំនួន ៤០៨,២៣៤​នាក់ ដែលមាន​ប្រាក់​ឈ្នួល​សរុប​ជាង ៩៧៩​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។​

សូមបញ្ជាក់ថា សម្តេច​តេ​ជោ ហ៊ុន សែន បានចាប់ផ្តើម​ចុះ​បើក​វេទិកា​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​មកពី​តាម​រោងចក្រ សហគ្រាស និង​គ្រឹះស្ថាន​នានា​តាំងពី​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៧ មកម្ល៉េះ​។ មក​ដល់ពេល​ពេលបច្ចុប្បន្ន សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​សរុប ៥១​លើក ដោយមាន​កម្មករ កម្មការិនី​ចូលរួម​ស​រុ​ប ៧០០.២០២​នាក់​។​

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា ការអញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​នេះ ក្នុង​បំណង​ស្វែងយល់​ពី​ទុក្ខលំបាក​របស់​កម្មករ កម្មការិនី និង​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពួកគេ​។ ជាពិសេស​ដើម្បី​ជំរុញ​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម ឆ្នាំ ២០១៥-២០២៥ ឲ្យ​បាន​កាន់​ប្រសើរ​ថែមទៀត​។​

តាមរយៈ​ដំណើរ​ចុះ​ជួប​សំណេះសំណាល​ជា​បន្តបន្ទាប់​នោះ សម្តេច​តេ​ជោ ហ៊ុន សែន បានផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​កម្មករ កម្មការិនី ហើយក៏​ធ្វើ​ឲ្យ​មាន​សុខដុម​នៅក្នុង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ សម្លៀកបំពាក់ និង​ស្បែកជើង​ផង​ដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu