បាត់ដំបង ៖ យោងតាមសេចក្តីរាយការណ៍ពីមន្ទីរធនធានទឹក និងឧតុនិយម ស្តីពីកម្រិតទឹកក្នុងស្ទឹងសង្កែ នាព្រឹកថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០១៨ នេះ គឺកម្ពស់ទឹកបានហក់ឡើងយ៉ាងលឿនជាទីបំផុត រហូតឈានដល់កម្រិតដែលត្រូវប្រកាសអាសន្នហើយ ដើម្បីអោយប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹង បង្កើននូវការប្រុងប្រយ័ត្ន ព្រោះសម្ពាធទឹកកំពុងស្ទុះឡើងគួរអោយកត់សម្គាល់។
គួរបញ្ជាក់ដែរថា កាលពីម្សិលមិញនេះ លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង បានអះអាងថា សន្ទុះទឹកបានឡើងយ៉ាងលឿនក្នុងរយៈពេល១ម៉ោង គឺឡើងកម្ពស់១០ សង់ទីម៉ែត្រ ដូច្នេះទើបទាំងអាជ្ញាធរខេត្ត ដែលមានលោកងួន រតនៈ លោកអភិបាលក្រុង ផេង សិទ្ធី កំលាំងសាធារណការ ប្រជាពលរដ្ឋ ពិសេសគឺកម្លាំងយោធភូមិភាគទី៥ ចំនួន ១០០ នាក់ បានចេញប្រតិបត្តិការទាំងយប់ ដោយបានច្រកដីក្នុងការុង ដើម្បីទប់ស្កាត់ត្រង់ចំណុច ព្រែកមហាទេព ដែលជានិច្ចកាលទីកន្លែងនេះ គឺទឹកស្ទឹងតែងតែហូរកាត់ឆ្ពោះទៅលិចលង់ត្រង់ចំណុចរង្វង់មូល លោកតាដំបងគ្រញូង។
ទីបំផុត នៅព្រឹកថ្ងៃទី១៦ នេះ កម្ពស់ទឹកបានឡើងដល់កម្រិត ដែលត្រូវប្រកាសអាសន្នមែនគឺ ១៣,៧៩ ម៉ែត្រ ដូច្នេះគេសង្កេតឃើញថា នៅតាមបណ្ដាលូដែលមាននីវ៉ូទាប ដូចជានៅក្នុងផ្សារ បឹងឈូក ឬក៏តាមបណ្តោយផ្លូវលេខ៣ កណ្ដាលក្រុងបាត់ដំបង គឺទឹកបានហូរច្រាលតាមប្រព័ន្ធលូទៅលើផ្លូវវិញហើយ ចំណែកអាហារដ្ឋានជាច្រើន និងលំនៅឋានរបស់ប្រជាពលរដ្ឋ ដែលបានសាងសង់នៅលើច្រាំងស្ទឹងសង្កែ ក៏ត្រូវបានលិចលង់ទាំងអស់ ដែរ។
នៅព្រឹកនេះដែរ កម្លាំងយោធា នៅតែបន្តសកម្មភាពកាយដីទប់ច្រាំងស្ទឹងបន្ថែមទៀត ដោយសារតែកម្រិតទឹក មិនអាចបណ្តែតបណ្តោយបាន ចំណែកនៅប៉ែកខាងក្រោមក៏មានប្រភពរាយការណ៍មកថា មានភូមិខ្លះត្រូវបានទឹកស្ទឹងហូរចូលដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋហើយ បើទោះបីជាមានការទម្លាក់ទ្វារទឹកបន្តិចៗនៅឯ ទំនប់ពហុបំណងសេកសក និងទំនប់កង្ហត ក៏ដោយ៕
Source: Kampuchea Thmey Daily
0 Comments