តុលាការម៉ាឡេស៊ីបានសម្រេចនៅថ្ងៃព្រហស្បតិ៍ថា ការកាត់ទោសករណីឃាតកម្មរបស់ស្ត្រីពីរនាក់ដែលត្រូវបានគេចោទប្រកាន់ពីបទធ្វើឃាតបងប្រុសម្តាយទីទៃរបស់មេដឹកនាំកូរ៉េខាងជើងគឺអាចបន្តទៅបានដែលនេះជាបញ្ហាប្រឈមដ៏ធំមួយដល់ក្រុមគ្រួសាររបស់ពួកគេដែលបានអះអាងថា ស្ត្រីទាំងពីរនាក់នេះត្រូវបានគេបោកបញ្ឆោតឲ្យលេងល្បែងពញ្ញាក់អារម្មណ៍។
បន្ទាប់ពីសវនាការ ចៅក្រម Azmi Ariffin បាននិយាយថា មានភស្តុតាងគ្រប់គ្រាន់ដើម្បីគាំទ្រការចោទប្រកាន់ករណីឃាតកម្មប្រឆាំងនឹងនាង Siti Aisyah មកពីប្រទេសឥណ្ឌូនេស៊ីនិងនាង Doan Thi Huong មកពីប្រទេសវៀតណាមដែលត្រូវគេចោទប្រកាន់ពីបទសម្លាប់លោកគីមជុងណាមជាមួយភ្នាក់ងារបំផ្លាញសរសៃប្រសាទ VX នៅព្រលានយន្តហោះក្រុងគូឡាឡាំពួរ។
ចៅក្រមបាននិយាយនៅក្នុងសេចក្តីសម្រេចរបស់គាត់ទៅកាន់តុលាការជាន់ខ្ពស់ Shah Alam នៅខាងក្រៅទីក្រុងគួឡាឡាំពួរថា “ដូច្នេះខ្ញុំត្រូវតែអំពាវនាវឲ្យពួកគេចូលមកការពារក្តីរបស់ពួកគេតាមការចោទប្រកាន់របស់ពួកគេនីមួយៗ”។
ស្ត្រីទាំងពីរមើលទៅដូចជាតក់ស្លុតនិងបានសម្រក់ទឹកភ្នែកនៅពេលសេចក្តីសម្រេចធ្វើឡើង។
ប្រសិនបើចៅក្រមសម្រេចថា ភស្តុតាងមិនមានគ្រប់គ្រាន់ទេនោះ គាត់អាចជ្រើសរើសយកការដោះលែងស្ត្រីទាំងពីរនាក់នេះ។
មេធាវីរបស់នាង Aisyah លោក Gooi Soon Seng បានប្រាប់ក្រុមអ្នកកាសែតថា “យើងខកចិត្តយ៉ាងខ្លាំងចំពោះសេចក្តីសម្រេច។ យើងនឹងធ្វើឲ្យបានល្អបំផុតនៅក្នុងដំណាក់កាលការពារ”។
ក្រុមគ្រួសាររបស់ពួកគេបានទទូចថា ស្ត្រីទាំងពីរត្រូវបានគេបោកបញ្ឆោតឲ្យធ្វើការសម្លាប់តាមបែបសង្គ្រាមត្រជាក់ហើយសង្ឈឹមថា ពួកគេនឹងត្រូវបានដោះលែងបើទោះបីជាព្រះរាជអាជ្ញារដ្ឋបានទទូចថា ពួកគេមានករណីធ្ងន់ធ្ងរក៏ដោយ។
ស្ត្រីទាំងពីរត្រូវបានគេចោទប្រកាន់ពីបទសម្លាប់លោកគីមជុងណាមដោយការប៉ាតសារធាតុ VX ពុលនៅលើមុខរបស់គាត់កាលពីខែកុម្ភៈឆ្នាំមុនខណៈពេលដែលគាត់កំពុងរង់ចាំជិះយន្តហោះទៅទីក្រុងម៉ាកាវ។
អ្នកទាំងពីរត្រូវប្រឈមមុខនឹងការប្រហារជីវិតដោយព្យួរ.កប្រសិនបើរកឃើញថាមានកំហុស។ ពួកគេបានអះអាងថា ពួកគេបានធ្លាក់ខ្លួនក្លាយទៅជាជនរងគ្រោះក្នុងគម្រោងឃុបឃិតមួយដែលរៀបចំដោយភ្នាក់ងារកូរ៉េខាងជើងហើយពួកគេជឿថា ពួកគេបានចូលរួមក្នុងកម្មវិធីពញ្ញាក់អារម្មណ៍តាមទូរទស្សន៍មួយនៅពេលពួកគេវាយប្រហារលោកគីមដោយសារធាតុគីមីដែលត្រូវបានគេចាត់ថ្នាក់ថាជាអាវុធដ៏សាហាវ៕ AFP
Source: Kampuchea Thmey Daily
0 Comments