ប៉ូលិសអង់គ្លេសកាលពីថ្ងៃពុធ បានទទួលពេលវេលាបន្ថែមទៀតដើម្បីសួរចម្លើយបុរសម្នាក់ ដែលត្រូវបានចាប់ខ្លួននៅខាងក្រៅសភាសម្រាប់ការប៉ុនប៉ងឃាតកម្ម និងសង្ស័យចំពោះអំពើភេរវកម្មបន្ទាប់ពីរថយន្តមួយគ្រឿងបានបុកអ្នកជិះកង់មុនពេលបុករបាំងការពារ។
មនុស្ស៣នាក់បានរងរបួសនៅពេលបុរសវ័យ២៩ឆ្នាំដែលត្រូវបានអ្នកសារព័ត៌មានប្រាប់ឈ្មោះថា Salih Khater បានបើករថយន្តលើចិញ្ចើមផ្លូវហើយបុកអ្នកជិះកង់មួយក្រុមអំឡុងពេលព្រឹកដ៏មមាញឹកកាលពីថ្ងៃអង្គារនៅក្នុងតំបន់ Westminster។
ប៉ូលិសបាននិយាយថា បុរសម្នាក់នេះដែលជាជនជាតិអង់គ្លេសដើមកំណើតស៊ូដង់គឺត្រូវបានចាប់ខ្លួនលើការសង្ស័យពីបទភេរវកម្មប៉ុន្តែឥឡូវនេះត្រូវបានចាប់ខ្លួនពីបទប៉ុនប៉ងឃាតកម្ម។
អាជ្ញាធរបានបន្ថែមថា តុលាការតំបន់ Westminster បានអនុម័តដីកាមួយកាលពីថ្ងៃពុធដើម្បីបន្តឃុំខ្លួនជនសង្ស័យរហូតដល់ថ្ងៃចន្ទ។
BBC បានរាយការណ៍ថា គាត់បានមកប្រទេសអង់គ្លេសក្នុងនាមជាជនភៀសខ្លួនម្នាក់ហើយត្រូវបានផ្តល់សិទ្ធិជ្រកកោន។ គាត់ត្រូវបានឃុំខ្លួននៅប៉ុស្តិ៍ប៉ូលិសទីក្រុងឡុងដ៍ភាគខាងត្បូង។
មន្ត្រីប៉ូលិសប្រឆាំងភេរវកម្មលោក Neil Basu បាននិយាយកាលពីថ្ងៃអង្គារថា ជនសង្ស័យមិនត្រូវភ្នាក់ងារស៊ើបការណ៍សម្ងាត់ស្គាល់ទេប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានរាយការណ៍ថា គាត់ត្រូវបានស្គាល់ដោយប៉ូលិសមូលដ្ឋាន។
របាយការណ៍បានឲ្យដឹងថា លោក Khater ជាអ្នកគ្រប់គ្រងហាងមួយនៅទីក្រុង Birmingham ហើយបានសិក្សានៅសាកលវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាស៊ូដង់។ នេះបើតាមការលើកឡើងពីប្រភពពីទំព័រ Facebook របស់គាត់។
បងប្រុសរបស់គាត់បានពិពណ៌នាថា គាត់ជាមនុស្សធម្មតាដែលគ្មានគំនិតជ្រុលនិយមនិងគ្មានទំនាក់ទំនងជាមួយក្រុមសាសនាណាមួយឡើយ។
ទន្ទឹមនឹងនេះដែរ លោក Abubakr Ibrahim ដែលជាមិត្ដម្នាក់កាលពីកុមារភាពបានប្រាប់កាសែត The Times ថា “គាត់មិនមែនជាភេរវករទេ ខ្ញុំធ្លាប់ស្គាល់គាត់តាំងពីតូចហើយគាត់ជាមនុស្សល្អ”៕ AFP
Source: Kampuchea Thmey Daily
0 Comments