ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បានចាប់ខ្លួនបុរសម្នាក់ពីបទបង្កហិង្សាដោយចេតនា រួមជាមួយបក្ខពួករបស់គេ២នាក់ទៀត កាលពីម៉ោង៨កន្លះយប់ថ្ងៃទី១៥ខែសីហា ឆ្នាំ២០១៨ នៅតាមផ្លូវក្នុងភូមិសែនសុខ២ សង្កាត់ឃ្មួញ។
ជនដៃដល់នៅក្នុងអំពើហិង្សានេះឈ្មោះ ឃី សម្បត្តិ អាយុ២៤ឆ្នាំ គ្មានមុខរបរពិតប្រាកដ មានទីលំនៅភូមិសែនសុខ២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ រីឯបក្ខពួករបស់គេ២នាក់ទៀតរត់គេខ្លួនបាត់ឈ្មោះ ស អាយុ១៩ឆ្នាំ និងឈ្មោះ រិទ្ឋ អាយុ១៩ឆ្នាំ។
លោក ស៊ុយ សាក់សាលវ៉ាទ័រ អាយុ១៩ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិសែនសុខ២ សង្កាត់ឃ្មួញ ជាជនរងគ្រោះនិងជាដើមបណ្តឹង បានរាយការណ៍ប្រាប់មកសមត្ថកិច្ចថា នៅមុនពេលកើតហេតុ គាត់បានជិះម៉ូតូចេញពីផ្ទះយកលុយទៅឲ្យគេនៅភូមិសែនសុខ១ ខណៈកំពុងជិះម៉ូតូ ក៏បានជួបឈ្មោះ ឃី សម្បត្តិ ជិះបញ្ច្រាសទិសគ្នា តែមិនបានប៉ះពារម៉ូតូគ្នាទេ។
ជនរងគ្រោះក៏បានបញ្ជាក់ថា លុះពេលត្រឡប់មកវិញ ក៏ស្រាប់តែលេចមុខឈ្មោះឃី សម្បត្តិ ជិះម៉ូតូឌុបបក្ខពួក២នាក់ទៀត ឈ្មោះ ស និងឈ្មោះ រិទ្ឋ តាមមកវាយគាត់ពីក្រោយ វាយនឹងដែកបណ្តាលរងរបួសធ្ងន់រយះចេញឈាម ដេរ៥ថ្នេរ។
នៅក្នុងពេលនោះដែរក្រុមគ្រួសារគាត់បាននាំគាត់មកប្តឹងសមត្ថកិច្ចមូលដ្ឋានតាមរកឃើញឈ្មោះ ឃី សម្បត្តិកំពុងឈតាមផ្លូវ ចាប់ខ្លួនបានម្នាក់ តែបក្ខពួកគេ២នាក់ទៀតរត់គេចខ្លួនបាត់។
ឈ្មោះ ឃី សម្បត្តិ បានសារភាពថា ខ្លួនជាអ្នកដឹកនាំ ឈ្មោះ ស និងឈ្មោះ រិទ្ឋ ចាំស្ទាក់វាយ ជនរងគ្រោះដោយប្រើដែកអង្គុយរង់ចាំស្ទាក់នៅក្បែររបងវត្តសែនសុខ លុះពេលឃើញជនរងគ្រោះ ក៏ជិះម៉ូតូដេញតាមវាយពីក្រោយដោយរូបគេជាអ្នកឌុប។
ប៉ូលិសកំពុងតាមចាប់ខ្លួនបក្ខពួកគេ២នាក់ទៀតដែលរត់គេចខ្លួនបញ្ជូនទៅតុលាការ ចោទពីបទបង្ករបួសស្នាមដោយចេតនាមានស្ថានទម្ងន់ទោស តាមបណ្តឹងចោទរបស់ជនរងគ្រោះ៕
Source: Kampuchea Thmey Daily
0 Comments