Ad Code

ប្រមុខ​រាជរដ្ឋាភិបាល​ណែនាំ ១០ ចំណុច​ដើម្បី​រៀបចំ​ទិវា​មនុស្ស​ចាស់​កម្ពុជា​ឲ្យ​បាន​ទូលំទូលាយ



ភ្នំពេញ ៖ ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន បាន​ផ្តល់​ការណែនាំ ចំ​១០ ចំណុច​ដល់​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ រៀបចំ​ទិវា​មនុស្ស​ចាស់​កម្ពុជា និង ទិវា​មនុស្ស​ចាស់​អន្តរជាតិ នៅ​ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ ឲ្យ​បាន​ទូលំទូលាយ​និង​ផ្សព្វផ្សាយ​ឲ្យ​ប្រជាជន​កម្ពុជា​គ្រប់​វ័យ បាន​យល់ដឹង​កាន់​តែ​ច្បាស់​អំពី​អត្ថន័យ​នៃ​ទិវា​នេះ​។ ការណែនាំ​នេះ​ត្រូវ​បាន​ធ្វើឡើង​តាមរយៈ​សារាចរ​ណែនាំ​រៀបចំ​ទិវា​មនុស្ស​ចាស់​កម្ពុជា និង​ទិវា​មនុស្ស​ចាស់​អន្ដរ​ជាតិ នៅ​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០១៨ ដែល​ចុះហត្ថលេខា​ដោយ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​កាលពី​ថ្ងៃទី ៣ ខែ សីហា ឆ្នាំ២០១៨​។

សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋ​មន្ដ្រី​នៃ​កម្ពុជា​បាន​ថ្លែង​ថា​ ទិវា​នេះ​ធ្វើ​ដើម្បី​ជា​ទិវា​បុណ្យ​រំលឹក​ដល់​គុណូបការៈ​របស់​មនុស្ស​វ័យចាស់​កម្ពុជា បុព្វការី​ជន ជីដូន​ជីតា ឪពុកម្ដាយ អ៊ំ ពូ មីង ដែល​បាន​កសាង និង​បន្សល់ទុក​នូវ​កេរ​មរតក​ថ្លៃថ្លា​សម្រាប់​កូនចៅ​ជំនាន់​នេះ និង​ជំនាន់​ក្រោយៗ​ទៀត​។

ការ​ប្រារព្ធ​ទិវា​នេះ​ មាន​គោលបំណង​លើកកម្ពស់​កិច្ច​គាំពារ​ដ៏​មាន​ប្រសិទ្ធភាព​សំដៅ​លើក​ស្ទួយ​សុខុមាលភាព​របស់​មនុស្ស​វ័យចាស់​ ឲ្យ​កាន់តែ​ប្រសើរឡើង​ ហើយ​ទិវា​នេះ​ក៏​បង្ហាញ​ឲ្យ​ឃើញ​ពី​តួនាទី​ដ៏​សំខាន់​របស់​មនុ​ស្សវ័យ​ចាស់ បុព្វការី​ជន ដែល​បាន​បង្កើត​ធនធាន​ដ៏​មាន​សារប្រយោជន៍ ព្រមទាំង​ផ្ដល់​នូវ​ចំណេះដឹង ចំណេះធ្វើ និង​បទពិសោធន៍​យ៉ាងច្រើន​ឥត​គណនា​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​។

ដើម្បី​រៀបចំ​ទិវា​មនុស្ស​ចាស់​កម្ពុជា និង​ទិវា​មនុស្ស​ចាស់​អន្ដរជាតិ ថ្ងៃទី​០១ ខែតុលា ឆ្នាំ២០១៨ ឲ្យ​បាន​ទូលំទូលាយ​និង​ផ្សព្វផ្សាយ​ឲ្យ​ប្រជាជន​កម្ពុជា​គ្រប់​វ័យ​បាន​យល់ដឹង​កាន់​តែ​ច្បាស់​អំពី​អត្ថន័យ​នៃ​ទិវា​នេះ​ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ណែនាំ​ដូចតទៅ​៖១. ប្រធានបទ​នៃ​ទិវា​មនុស្ស​ចាស់​កម្ពុជា និង​ទិវា​មនុស្ស​ចាស់​អន្ដរជាតិ លើក​ទី​២០ នៅ​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៨ ត្រូវបាន​កំណត់​ថា «​សមាគម​មនុស្ស​ចាស់ ជា​យន្ដការ​ដ៏​សំខាន់ ក្នុងការ​ថែរក្សា​វប្បធម៌ គ្រួសារ និង​សង្គមជាតិ​»​។ ២.​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា គណៈកម្មាធិការ​ជាតិ​កម្ពុជា​ដើម្បី​មនុស្ស​ចាស់ ត្រូវ​សហការ​ជាមួយ​ក្រសួង ស្ថាប័ន អង្គការ​ជាតិ និង​អង្គការ​អន្ដរជាតិ ដែល​ពាក់ព័ន្ធ​ដើម្បី​ចាត់តាំង​ពិធី​អបអរសាទរ​ទិវា​មនុស្ស​ចាស់​កម្ពុជា និង​ទិវា​មនុស្ស​ចាស់​អន្ដរជាតិ ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៨ ឲ្យ​បាន​អធិកអធម​។ ៣.​រាជធានី​-​ខេត្ត ត្រូវ​រៀបចំ​ពិធី​អបអរសាទរ​ទិវា​មនុស្ស​ចាស់​កម្ពុជា និង​ទិវា​មនុស្ស​ចាស់​អន្ដរជាតិ ដោយ​បង្ក​លក្ខណៈ​ឲ្យ​មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ គ្រប់​លំដាប់​ថ្នាក់ ព្រះសង្ឃ បព្វជិត លោកយាយ លោកតា ព្រមទាំង​ប្រជាជន​គ្រប់​វ័យ​បាន​ចូលរួម ដើម្បី​បង្កើន​ការ​យល់ដឹង​ឲ្យ​កាន់តែ​ទូលំទូលាយ អំពី​សារៈសំខាន់​នៃ​គោលនយោបាយ​ជាតិ ស្ដីពី​មនុស្ស​វ័យចាស់ ២០១៧-២០១៨​។ ​៤.​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដៃគូ​អភិវឌ្ឍ អង្គការ​មិនមែន​រដ្ឋាភិបាល និង​អង្គការ​អន្ដរជាតិ​សូម​បន្ដ​ជួយ​គាំទ្រ ដល់​កម្មវិធី​អភិវឌ្ឍន៍​សមាគម​មនុស្ស​ចាស់ ដែលមាន​ស្រាប់ និង​ត្រូវ​បន្ដ​ផ្ដល់​ការ​អន្ដរាគមន៍​ជំរុញ​សកម្មភាព​បង្កើត​សមាគម​មនុស្ស​ចាស់​បន្ថែមទៀត នៅ​តាម​សហគមន៍​មូលដ្ឋាន​ឲ្យ​បាន​ទូទាំង​ប្រទេស​កម្ពុជា ស្របតាម​ផែនការ​ដែល​បានកំណត់ ឈរ​លើ​ស្មារតី​សាមគ្គីភាព​ជួយ​គ្នា​ទៅវិញទៅមក រវាង​មនុស្ស​វ័យចាស់​ទូទៅ ពិសេស​យកចិត្តទុកដាក់​ជួយ​មនុស្ស​វ័យចាស់ ជរា ពិការ ក្រីក្រ គ្មាន​ទីពឹង​។



៥.​គ្រប់​ក្រសួង ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ត្រូវ​រៀបចំ​កម្មវិធី​ចុះ​សំណេះសំណាល​ជាមួយ​មនុស្ស​វ័យចាស់ អនុវត្ដ​តាម​គោលនយោបាយ​ជាតិ ស្ដីពី​មនុស្ស​វ័យចាស់ នៅ​តាម​មូលដ្ឋាន​វត្ត​អារាម វិហារ​សាសនា​នានា ដោយ​នាំ​យក​ជំនួយ​ឧបត្ថម្ភ​តាម​សទ្ធា​ជ្រះថ្លា​ជួយ​ដល់​មនុស្ស​វ័យចាស់ ជរា ពិការ ក្រីក្រ គ្មាន​ទីពឹង ។​ល​។ ៦.​ក្រសួង​អប់រំ យុវជន និង​កីឡា ត្រូវធ្វើ​សេចក្ដីណែនាំ​ដល់​គ្រប់​សាកលវិទ្យាល័យ វិទ្យាស្ថាន មន្ទីរអប់រំ យុវជន និង​កីឡា រាជធានី​-​ខេត្ត ជំរុញ​ចលនា សិស្ស និស្សិត ឲ្យ​ចេះ​គោរព​ដំបូន្មាន​របស់​មាតាបិតា ជីដូន​ជីតា ចាស់ព្រឹទ្ធាចារ្យ និង​ឲ្យ​យល់ដឹង​អំពី​ការប្រែប្រួល​របស់​មនុស្ស​វ័យចាស់ ព្រមទាំង​បង្កើត​កម្មវិធី ក្រៅ​ម៉ោង​សិក្សា ចុះសួរសុខទុក្ខ​មនុស្ស​វ័យចាស់ ពិសេស​ជួយ​បំពេញការងារ​ជា​ឧ​ត្ត​ម​ប្រយោជន៍​ជូន​មនុស្ស​វ័យចាស់ ជរា ពិការ ក្រីក្រ គ្មាន​ទីពឹង នៅក្នុង​មូលដ្ឋាន​ស្ថិតនៅ​ជិត​កន្លែង​សិក្សា​របស់ខ្លួន​។ ៧.​ក្រសួង​ធម្មការ និង​សាសនា ត្រូវធ្វើ​ការណែនាំ​ចលនា​នៅតាម​វត្ត​អារាម វិហារ​សាសនា​ទូទាំង​ប្រទេស តាមរយៈ​បុព្វ​ជិត​សាសនា ដៃគូ​អភិវឌ្ឍ សប្បុរស​ជន​នានា និង​មូលនិធិ​ផ្សេងទៀត ដើម្បី​ឲ្យ​មាន​សកម្មភាព​ជួយឧបត្ថម្ភ​គាំទ្រ​ពី​ប្រជាជន​ដល់​មនុស្ស​វ័យចាស់ ជរា ពិការ ក្រីក្រ គ្មាន​ទីពឹង ស្របតាម​គោលនយោបាយ​ជាតិ ស្ដីពី​មនុស្ស​វ័យចាស់ ដើម្បី​ឲ្យ​អ្នក​ទាំងនោះ​អាច​ស្នាក់នៅ​សមរម្យ​មាន​អាហារ​ទទួលទាន អាច​សម្រាន្ត​លក់​ស្ងប់​អារម្មណ៍ និង​អាច​តាំង​សមាធិ សមាទានសីល ព្រមទាំង​ទទួល​បាន​សេវា​ថែ​ទាំង​ផ្សេងៗ​ទៀត ជា​បន្ដបន្ទាប់​។ ៨.​ក្រសួង​ព័ត៌មាន ត្រូវ​ណែនាំ​បណ្ដាញសារព័ត៌មាន​រដ្ឋ និង​ឯកជន​ទាំងអស់​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ នូវ​ខ្លឹមសារ​សកម្មភាព​ក្នុងឱកាស ទិវា​មនុស្ស​ចាស់​កម្ពុជា និង​ទិវា​មនុស្ស​ចាស់​អន្ដរជាតិ ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៨​។​៩.​គ្រប់​ក្រសួង ស្ថាប័ន រាជធានី​-​ខេត្ត ត្រូវ​រៀបចំ​បដា​នៅតាម​អង្គភាព និង​ទីសាធារណៈ​តាម​ខ្លឹមសារ​ដូចតទៅ​៖ ជយោ​! ព្រះរាជា​ជាណា​ចក្រ​កម្ពុជា​, អបអរសាទរ​ទិវា​មនុស្ស​ចាស់​កម្ពុជា និង​ទិវា​មនុស្ស​ចាស់​អន្ដរជាតិ ១​តុលា​, មនុស្ស​វ័យចាស់​ជា​មរតក​ដ៏​សំខាន់​ក្នុងការ​អភិវឌ្ឍ​គ្រួសារ និង​សង្គមជាតិ​, គោរព​ដឹងគុណ​ចំពោះ​មនុស្ស​វ័យចាស់ គឺជា​កតញ្ញូតាធម៌ គ្រួសារ​មាន​សុភមង្គល សង្គម​រីកចម្រើន​, កសាង​សង្គម​ដែលមាន​ការអភិវឌ្ឍ​សម្រាប់​មនុស្ស​គ្រប់​វ័យ និង​សមាគម​មនុស្ស​ចាស់​ជា​យន្ដការ​ដ៏​សំខាន់ ក្នុងការ​ថែរក្សា​វប្បធម៌ គ្រួសារ និង​សង្គមជាតិ​។​១០.​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​និតិ​សម្បទា គណៈកម្មាធិការ​ជាតិ​កម្ពុជា ដើម្បី​មនុស្ស​ចាស់ និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ និង​អន្ដរជាតិ ត្រូវធ្វើ​ការណែនាំ​អនុវត្តតាម​សារាចរ​នេះ និង​បូកសរុប​លទ្ធផល​ការងារ​ជូន​រាជរដ្ឋាភិបាល​។

រាជរដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មាធិការ​ជាតិ​កម្ពុជា​ដើម្បី​មនុស្ស​ចាស់​ក្នុង​គោលដៅ​អនុវត្ត​នូវ​តួនាទី​និង​ភារកិច្ច​ដែលមាន​ជាអាទិ៍​រៀបចំ​គោលនយោបាយ​ជាតិ​ដើម្បី​លើកស្ទួយ​សុខុមាលភាព​មនុស្ស​ចាស់ និង​រៀបចំ​ទិវា​មនុស្ស​ចាស់​នៃ​កម្ពុជា​ដោយ​កំណត់​យក​ថ្ងៃទី​១ ខែតុលា ជា​រៀងរាល់ឆ្នាំ ដោយ​រួមជាមួយ​ទិវា​មនុស្ស​ចាស់​អន្តរជាតិ​ផងដែរ។

ក្រសួង​សង្គមកិច្ច​បានកំណត់​ម​នុស្ស​មាន​អាយុ​ចាប់ពី ៦០​ឆ្នាំ​ឡើងជា​មនុស្ស​ចាស់ និង​ជា​ជន​ងាយ​រងគ្រោះ ។ រាជរដ្ឋាភិបាល​បាន​រៀប​ចំ​ផែនការ​សកម្មភាព​សម្រាប់​មនុស្ស​ចាស់​ឆ្នាំ ២០១៧- ២០២០ និង​គោលនយោបាយ​ស្តីពី​មនុស្ស​ចាស់​ឆ្នាំ ២០១៧-២០១៣ ដើម្បី​ធ្វើ​ឲ្យ​លក្ខខណ្ឌ​ជីវិត​របស់​ពួកគាត់​កាន់តែ​ល្អប្រសើរ​។

តាម​អង្គការ​មនុស្ស​ចាស់​កម្ពុ​ជា ចំនួន​មនុស្ស​ចាស់​ក្នុងប្រទេស​ក្នុង​រយៈពេល​នេះ គឺ​មាន ៩​ភាគរយ​នៃ​ចំនួន​ប្រជាជន​កម្ពុជា​សរុប ដែល​បើ​តាម​ការ​ប៉ាន់ស្មាន គឺមាន​ប្រមាណ​ជាង ១​លាន​នាក់​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu