Ad Code

គណបក្សកាន់អំណាច​ជប៉ុន​សាទរ​ជ័យជម្នះ របស់​គណបក្ស​ប្រជាជន និង​ប្រកាស​ធ្វើការ​ជាមួយ​សម្ដេច​តេ​ជោ​ហ៊ុន សែន ដើម្បី​កសាង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត



ភ្នំពេញ ៖ គណបក្ស​ប្រជាធិបតេយ្យ​សេរី​ដែល​កំពុង​កាន់អំណាច​នៅក្នុង​ប្រទេស​ជប៉ុន​របស់​លោក ស៊ីន ហ្ស៊ូ​អា​បេ នាយករដ្ឋមន្ត្រី​បាន​សម្តែង​ការ​អបអរសាទរ​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ទទួល​បាន​ជ័យជម្នះ​ក្នុង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ កន្លងទៅ​នេះ​។ ការ​អបអរសាទរ​នេះ​ត្រូវបាន​ធ្វើឡើង​តាមរយៈ​សារលិខិត​មួយច្បាប់​ដែល​បាន​នាំមក​ប្រគល់​ជូន សម្តេច​តេ​ជោ ហ៊ុន សែន ដោយ​ផ្ទាល់ដៃ​កាលពី​ព្រឹក​ថ្ងៃទី ១០ ខែសីហា ឆ្នាំ២០១៨ នៅ​ភូមិគ្រឹះ​សម្តេច​នា​ក្រុង​តាខ្មៅ ខេត្តកណ្តាល។



គួរបញ្ជាក់​ថា​ នៅ​ព្រឹក​ថ្ងៃទី ១០ ខែ សីហា នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បានអនុញ្ញាត​ឲ្យ​លោក ម៉ាសា​ហ៊ី​រ៉ូ អី​ម៉ា​ម៉ូ​រ៉ា (Masahiro Imamura) សមាជិកសភា​ជប៉ុន​មកពី​គណ​បក​បក្ស​ប្រជាធិបតេយ្យ​សេរី ចូល​ជួប​សំដែង​ការគួរសម និង នាំយក​នូវ​លិខិត​អបអរសាទរ​របស់លោក តូ​ស៊ី​រ៉ូ នី​កៃ អគ្គលេខាធិការ​គណបក្ស​ប្រជាធិបតេយ្យ​សេរី​និង​ជា​សមាជិកសភា​ជប៉ុន ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដោយ​ផ្ទាល់ដៃ​។



ក្នុង​លិខិត​អប​អរសាទ​របស់​លោក តូ​ស៊ី​រ៉ូ នី​កៃ បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​សូម​អបអរសាទរ​អស់ពីដួងចិត្ត​ចំពោះ​សម្តេច​តេ​ជោ​ ក្នុង​ឱកាស​ដែល​គណបក្ស​របស់​សម្តេច​បាន​ទទួល​ជ័យជម្នះ​ដ៏​លើសលប់​នៅក្នុង​ការបោះឆ្នោត​ជា​សាកល​។ ខ្ញុំ​សូម​សម្តែង​នូវ​ការគោរព​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​ដែល​បានធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​អាច​ឆ្លង​ចាក​ផុត​ពី​ដំណាក់កាល​ដ៏​សែន​អកុសល​នៃ​សង្គ្រាម ហើយ​និង​បោះជំហាន​យ៉ាង​ស្វាហាប់​ឆ្ពោះទៅ​កាន់ការ​កសាង​ឡើង​វិញ និង​វិបុលភាព​»​។



​ជាមួយ​ការ​អបអរសាទរ​នេះ​គណបក្ស​ដែល​កំពុង​ដឹកនាំ​រាជរដ្ឋាភិបាល​ជប៉ុន​ក៏បាន​អះអាង​ផងដែរ​ថា​ នឹង​ធ្វើការ​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន ដើម្បី​កសាង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​-​ជប៉ុន​ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត​។

បើ​យោង​តាម លោក​កេ​ត សោ​ផាន់ អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា​បាន​ប្រាប់​ក្រុម​អ្នក​សារ ព័ត៌មាន​នៅ​ក្រសួងការបរទេស​កាល​ពី​ព្រឹក​ថ្ងៃទី​០៩ ខែសីហា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ នៅ​កម្ពុជា​កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ កន្លងមកនេះ​មាន​ប្រទេស​ជាច្រើន​បាន​អបអរសាទរ​ចំពោះ​ជោគជ័យ​នេះ មានដូចជា ប្រទេស​ចិន ឥណ្ឌា រុស្ស៊ី ទី​ម័​រ​ឡេស ស្រីលង្ការ វៀតណាម ឡាវ ហ្វីលីពីន ថៃ​...​។ កាលពី​ព្រលប់​ថ្ងៃទី ៩ ខែ សីហា ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី​ប្រចាំ​នៅ​កម្ពុជា​លោក Michael Tan បាន​ថ្លែង​បង្ហាញ​ជំហរ​គាំទ្រ​ចំពោះ​ការបោះឆ្នោតជាតិ ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​០៦ នៅក្នុង​ប្រទេស​កម្ពុជា ហើយ​សន្យា​ពង្រឹង​និង​ពង្រីក​ចំណងមិត្តភាព​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត រវាង​ប្រទេស​ទាំងពីរ​នៅក្នុង​រាជរដ្ឋាភិបាល​អាណត្តិ​ទី​០៦​នេះ​។

​លោក Michael Tan អគ្គរដ្ឋទូត​ប្រទេស​សិង្ហ​បុរី​ប្រចាំ​នៅ​កម្ពុជា​បាន​លើក​ឡើង​បែបនេះ នៅក្នុង​ឱកាស​ខួប​លើក​ទី​៥៣​ឆ្នាំ នៃ​បុណ្យ​ឯករាជ្យ​ជាតិ របស់​ប្រទេស​សិង្ហ​បុរី នៅ​សណ្ឋាគារ​ឡឺ​រ៉ូ​យ៉ា​។



តាម​របាយការណ៍​រប​ស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បានបញ្ជាក់​ថា​ ប្រជាពលរដ្ឋ​កម្ពុជា ចេញទៅ​បោះឆ្នោត​កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ មាន​ចំនួន​ប្រមាណ ៦.៩៤៦.១៦៤​នាក់ ស្មើនឹង​ប្រមាណ ៨២,៨៩​ភាគរយ​ក្នុងចំណោម​ប្រជាពលរដ្ឋ​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ៨.៣៨០.២១៧​នាក់​។ ក្នុងនោះ​សំឡេង​បានការ​មាន​ចំនួន​៦.៣៤៩.៣៨៩​នាក់ ហើយ​មិនបានការ​ចំនួន ៥៩៦.៧៧៥​នាក់​។​

សំឡេងឆ្នោត​នេះ គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​ច្រើនជាងគេ​គឺមាន​ចំនួន​រហូតដល់​ទៅ ៤.៨៧៥.១៨៩​នាក់​ស្មើនឹង​៧៦,៧៨​ភាគរយ​។ តាមរយៈ​សំឡេងឆ្នោត​នេះ​បើ​គេ​គណនា​រក​ចំនួន​អាសនៈ​តាម​រូបមន្ត​ក្នុង​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​គឺ​គណបក្ស​ប្រជាជន​អាច​គ្រប់គ្រង​អាសនៈ​នៅក្នុង​រដ្ឋសភា​ទាំង ១២៥​តែម្តង​៕

    



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu