ភ្នំពេញ ៖ ក្មេងប្រុសអាយុ១១ឆ្នាំម្នាក់ ត្រូវបានម្ចាស់ផ្ទះចាប់ប្រគល់ឲ្យប៉ូលិសប៉ុស្តិ៍ទួលសង្កែទី១បន្ទាប់ពីមានបក្ខពួកជនសង្ស័យជាមនុស្សចាស់ប្រុសស្រីមួយក្រុមមានគ្នា៣នាក់ ប្រុសម្នាក់ ស្រី២នាក់ ដែលក្រុមជនសង្ស័យដឹកយកធ្វើជាធ្នាក់ ប្រើល្បិចបន្លំធ្វើជាទិញនេះ ទិញនោះ ឆ្លៀតឱកាសបង្គាប់ឲ្យក្មេងលួចកាបូបលុយ និងទូរស័ព្ទ ម្ចាស់ឃើញទាន់ ចាប់បានក្មេង តែម្តង រីឯជនសង្ស័យជាមនុស្សចាស់ បើកម៉ូតូគេចខ្លួនបាត់អស់។
ហេតុការណ៍នេះ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០និង២០នាទីព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅត្រង់ចំណុចផ្ទះលក់ដូរមួយកន្លែង លេខ៤៧២តាមផ្លូវ៦២ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ។
សមត្ថកិច្ចឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះ ឈ្មោះ ស្រី ពេជ្យ ភេទស្រី អាយុ១៨ឆ្នាំ មុខរបរ លក់ដូរ រស់នៅផ្ទះកើតហេតុ។ ក្នុងកាបូប ដែលជនសង្ស័យលួចមិនបានសម្រេច មានលុយជាង៤០ម៉ឺនរៀល និងទូរស័ព្ទដៃ អាហ្វូន ៦ មួយគ្រឿង។ ចំណែកក្មេងប្រុស មានអាយុ១១ឆ្នាំ ស្នាក់នៅ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
តាមសម្តីជនរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ ឃើញម៉ូតូ២គ្រឿង សេ១២៥ មួយគ្រឿង និង ម៉ូតូស្កុបពី មួយគ្រឿង ស្រី២នាក់ ប្រុស២នាក់ ដោយម៉ូតូសេ១២៥ មួយគ្រឿង ជិះដោយបុរសម្នាក់ ឌុបក្មេងប្រុសខាងលើផង ជិះឆ្វៀលចុះឡើង២ទៅ៣ត្រឡប់ហើយ បុរសជាជនសង្ស័យជិះចូលមករកទិញទឹកសុទ្ធចំនួន៥ដប ចំណែកម៉ូតូស្កុបពី ជិះដោយស្ត្រីសង្ស័យ២នាក់ ឈប់រង់ចាំ ខាងមុខ ស្របដែលជនសង្ស័យរើកកាយ យកទឹកសុទ្ធបាន៥ដបហើយ បានប្រាប់ឲ្យជនរងគ្រោះយកមួយដបទៀត ពេលនោះហើយ ដែលក្មេងប្រុស ជាធ្នាក់របស់ក្រុមជនសង្ស័យ ចូលទៅទាញយកកាបូបលុយ និងទូរស័ព្ទ ដើរចេញមក ក្រឡេកឃើញទាន់ ក្មេងនោះទម្លាក់ចុះមាត់ទ្វារ រវល់តែសួរនាំ ជនសង្ស័យ៣នាក់ ប្រុសម្នាក់ ស្រី២នាក់ បាននាំគ្នាបើកម៉ូតូរត់គេចទៅបាត់។
បន្សល់ទុកតែក្មេង រាយការណ៍ប្រាប់សមត្ថកិច្ច ឲ្យមកទទួលយក ដើម្បីធ្វើការអប់រំ ជាមុនសិន ទើបអនុញ្ញាតឲ្យ វិលត្រឡប់ទៅវិញ៕
Source: Kampuchea Thmey Daily
0 Comments