រតនគិរី ៖ ជនសង្ស័យម្នាក់ ត្រូវបាននគរបាលឃាត់ខ្លួនពាក់ព័ន្ធករណីចោរកម្ម (លួចទូរស័ព្ទដៃ)មួយគ្រឿងម៉ាកសាំសុងពណ៌ស។
ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង១០និង៣០នាទី ថ្ងៃព្រហស្បតិ៍ ១៣រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្ទះជនរងគ្រោះផ្លូវបំបែកស្រែប្រាំង ស្ថិតនៅភូមិដីឡូត៍ ឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្តរតនគីរី។
នគរបាលប៉ុស្តិ៍ជ័យឧត្តមបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ប៊ុទុម ចំណាង ហៅង៉ែត ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ បច្ចុប្បន្នភូមិលំផាត់ ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគីរី មុខរបរមិនពិតប្រាកដ។
ក្នុងនោះដែរ សមត្ថកិច្ចបានធ្វើការដកហូតទូរស័ព្ទដៃម៉ាកសាំសុងពណ៌ស ចំនួន១គ្រឿង ដែលជនសង្ស័យបានលួចយកពីជនរងគ្រោះ។
រីឯជនរងគ្រោះមានឈ្មោះ កាន់ ឌីណា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំជាមួយគ្នា មុខរបរលក់ដូរ។
បច្ចុប្បន្នកម្លាំងអធិការដ្ឋាននគរបាលស្រុកលំផាត់បានធ្វើការឃាត់ខ្លួននៅអធិការបណ្ដោះអាសន្ន ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
Source: Kampuchea Thmey Daily
0 Comments