Ad Code

មន្ត្រី​ក្រសួងសុខាភិបាល​ណែនាំ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវ​ទៅពិនិត្យ​សុខភាព​ឲ្យ​បាន​ទៀងទាត់​ដើម្បី​បញ្ចៀស​កុំ​ឲ្យ​ទារក​កើតមក​មាន​មាត់​ឆែប



ភ្នំពេញ​ ៖ មន្ត្រី​ក្រសួងសុខាភិបាល​បាន​ណែនាំ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ ទាំងអស់​ត្រូវ​មានការ​ប្រុងប្រយ័ត្ន​កុំ​ឲ្យ​ទារក​កើតមក​មាន​មាត់​ឆែប​និង​ក្រអូប​មាត់​ឆែប​ ខណៈ​ទារក​មាន​មាត់​ឆែប​និង​ក្រអូប​មាត់​ឆែប​នៅ​កម្ពុ​ជា​មាន​បរិមាណ​កាន់​តែ​ច្រើន​។

លោក​សាស្ត្រាចារ្យ​មហា​បរិ​ញ្ញា ម៉ុក ធា​វី នាយករង​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​និង​ជា​នាយក​គ្រប់គ្រង​វេជ្ជសាស្ត្រ​អង្គការ​ស្នាមញញឹម​កម្ពុ​ជា​បាន​ជំរុញ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវ​ទៅ​ពិនិត្យ​សុខភាព​ឲ្យ​បាន​ទៀងទាត់ ​ដើម្បី​ទទួល​បាន​នូវ​ការពិគ្រោះ​យោបល់​ពី​គ្រូពេទ្យ​សម្រាប់​ថែរក្សា​គត៌​ដើម្បី​កុំ​ឲ្យ​ទារក​កើតមក​មាន​មាត់​ឆែប​ឬ​ក្រ អូ​ប​មាត់​ឆែប​ព្រោះថា​នៅ​កម្ពុជា​ក្នុងចំណោម​អ្នក​កើត​រស់​៥០០​នាក់​មាន​ម្នា​ក់មាន​មាត់​ឆែប​។

​លោក​សាស្ត្រាចារ្យ​មហា​បរិ​ញ្ញា ម៉ុក ធា​វី​បាន​មានប្រសាសន៍ថា កុមារ​មាន​មាត់​ឆែប ​ឬ ​ក្រអូប​មាត់​ឆែប​កំ​ពុង​ប្រឈមមុខ​នឹង​សង្គម​យ៉ាងខ្លាំង​ ដូចជា​ត្រូវ​ក្រុមគ្រួសារ​បោះបង់ចោល ពិបាក​ក្នុង​ការ​បរិភោគ​ចំណីអាហារ ខ្វះ​អាហារូបត្ថម្ភ មិនបាន​ចូលរៀន​និង​មានការ​រើសអើង​ជាដើម​។

លោក​សាស្ត្រាចារ្យ​មហា​បរិញ្ញា​បាន​បន្ត​ថា ​ការជួយ​វះកាត់​កុមារ​ឆែបមាត់​គឺ​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​សម្ផស្ស​បាន​ស្អាត​ឡើងវិញ​ប៉ុណ្ណោះ​ទេ​ថែមទាំង​ជួយ​ឲ្យ​កុមារ​អាច​ញាំ​អាហារ​ឬ​បៅដោះ​មិន​ឈ្លក់ និយាយ​និង​ស្តាប់​បានឮ​ច្បាស់​ល្អ និង​ចូលរួម​នៅក្នុង​សង្គម​បាន​ពេញលេញ​ផងដែរ​។

​លោក​សាស្ត្រាចារ្យ​មហា​បរិ​ញ្ញា​បាន​បន្ថែមទៀតថា ​ការវះកាត់​និង​ការព្យាបាល​កុមារ​មាត់​ឆែប​និង​ក្រអូប​មាត់​ឆែប​នេះ​ គឺ​មិន​គិតថ្លៃ​ទេ​ព្រមទាំង មាន​ផ្តល់​កន្លែង​ស្នាក់នៅ​និង​អាហារ​ចំនួន​ពីរ​ពេល​និង​ឧបត្ថម្ភ​សោហ៊ុយ​ដល់​គ្រួសារ​អ្នកជំងឺ​ពេល​វិលត្រឡប់​ទៅ​ស្រុកកំណើត​វិញ​ទៀត​ផង ​ដោយសារ​អង្គការ​បាន​សហការ​ជាមួយ​ក្រុម​គ្រូពេទ្យ​មកពី​ប្រទេស​សឹង្ហ​បុរី​និង​មានការ​ជួយឧបត្ថម្ភ​គាំទ្រ​ជា​ថវិកា​និង​សម្ភារៈ​ផ្សេងៗ​ពី​សប្បុរសជន​នៅក្នុង​ស្រុក​។



លោក​សាស្ត្រាចារ្យ តាន់ កុក​ឆាយ គ្រូពេទ្យ​វះកាត់​មកពី​ប្រទេស​សឹង្ហ​បុរី​បាន​សន្យាថា​ នឹង​បន្ត​ការ​សហការ​ជាមួយ​អង្គការ​ស្នាមញញឹម​កម្ពុជា​បន្តទៀត​ ដើម្បី​ជួយ​វះកាត់​ដល់​កុមារ​មាត់​ឆែប​និង​ក្រអូប​មាត់​ឆែប​នៅ​ប្រទេស​កម្ពុជា​ក៏ដូចជា​ផ្លាស់​ប្តូរ​បទពិសោធន៍​ទៅវិញទៅមក​លើ​ផ្នែក​វេ​សាស្ត្រ​ជំនាញ​វះកាត់​រវាង​គ្រូពេទ្យ​កម្ពុជា​និង​សឹង្ហ​បុរី​ផង​ដែរ​។

លោក​សាស្ត្រាចារ្យ​បាន​បន្ត​ទៀត​ថា ​សម្រាប់​ប​ទ​ពិសោធន៍​របស់​គាត់ ​ប្រទេស​ដែលមាន​កុមារ​មាន​មាត់​ឆែប​និង​ក្រអូប​មាត់​ឆែប​ច្រើនជាង​គេ​គឺ​ប្រទេស​មី​យ៉ាន់​ម៉ា​។

អ្នកស្រី ហូ ថាវ​រី អ្នកសម្របសម្រួល​បច្ចេកទេស​អង្គការ​ស្នាមញញឹម​កម្ពុ​ជា​បាន​ពន្យល់​ថា​មូល​ហេតុ​ដែល​បណ្តាល​ឲ្យ​កុមារ​មាន​មាត់​ឆែប​និង​ក្រអូប​មាត់​ឆែប​និង​ពិការ​ផ្សេងៗ​គឺ​បណ្តាល​មក​ពី​កង្វះ​ជាតិ​អាស៊ីតហ្វូលីក​ ដែល​មាន​នៅ​ចំណីអាហារ បន្លែ​ពណ៌​បៃតង​ជាពិសេស​មាន​ច្រើន​នៅក្នុង​សណ្តែកបារាំង តំណពូជ ផឹកស្រា ជក់បារី ជាតិពុល​ផ្សេងៗ​និង​ការប្រើប្រាស់​ឧបករណ៍​អេឡេចត្រូនិក​ដែលមាន​ហ្វ្រេ​កង់​ខ្ពស់​ដូចជា អង់​ទែន​ទូរទស្សន៍ ទូរស័ព្ទ កុំព្យូទ័រ​នៅពេល​ស្ត្រី​ចាប់ផ្តើម​មាន​ផ្ទៃពោះ​។

អ្នកស្រី ហូ ថាវ​រី​ បាន​បន្ថែម​ទៀត​ថា ​ការវះកាត់​កុមារ​មាត់​ឆែប​គឺ​ធ្វើ​ឡើង​ចំពោះ​កុមារ​ចាប់ពី​អាយុ​៦​ខែ​និង​មាន​ទម្ងន់​៦​គីឡូក្រាម​ឡើង​ទៅ​ និង​ កុមារ​មាន​ក្រអូប​មាត់​ឆែប​អាយុ​ចាប់ពី​១​ឆ្នាំ​ ដល់​១៣​ឆ្នាំ​។

ចំណែក​មនុស្ស​ចាស់​វិញ ​ការវះកាត់​មាត់​ឆែប​បាន​ដូច​កុមារ​ដែរ​តែ​និយាយ​មិន​ច្បាស់​បាន​ល្អ​ទេ​ដោយសារ​កោសិកា​លែង​លូតលាស់​ដូច​នៅ​កុមារ​។

អ្នកស្រី ហូ ថាវ​រី​បាន​ណែនាំ​ដល់​ស្ត្រី​នៅពេល​មាន​ផ្ទៃពោះ​ត្រូវ​ទៅ​ពិនិត្យ​ផ្ទៃពោះ​ឲ្យ​បាន​ទៀងទាត់​ដើម្បី​ទទួល​បាន​ការពិគ្រោះ​យោបល់​ពី​គ្រូពេទ្យ​សម្រាប់​ថែរក្សា​គ​ត៌​ឲ្យ​បានល្អ​និង​ផ្តល់​ថ្នាំពេទ្យ​ព្រមទាំង​អាហារូបត្ថម្ភ ​ដើម្បី​កុំ​ឲ្យ​ទារក​កើតមក​មាន​មាត់​ឆែប​ឬ​ក្រអូប​មាត់​ឆែប។

គួរ​បញ្ជាក់​ថា ​អង្គការ​ស្នាមញញឹម​កម្ពុ​ជា​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ​២០០២​ហើយ​រហូតមកដល់​ថ្ងៃទី​៩​ ខែសីហា ឆ្នាំ​២០១៨​នេះ​ បាន​វះកាត់​កែ​សម្ផស្ស​ដល់​កុមារ​មាត់​ឆែប​និង​ក្រអូប​មាត់​ឆែប​បាន​ចំនួន​៤៥៨៣​នាក់​ហើយ​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu