Ad Code

អាជ្ញាធរ​ខេត្ត​ ប្រកាស​ឱ្យ​ប្រជាពលរដ្ឋ​លើកកម្ពស់​សុវត្ថិភាព​ ពេល​​ដែល​ទឹកទន្លេ​មេគង្គ​ឡើង​ជិត​ដល់​កម្ពស់​១១​ម៉ែត្រ



ស្ទឹងត្រែង ​៖ ​ទឹកទន្លេ​មេគង្គ​ខេត្ត​ស្ទឹងត្រែង​ បាន​ឡើងជា​លើក​ទី​២​នៅ​ថ្ងៃទី​២៩ ខែ​​សីហា ​ឆ្នាំ​២០១៨​នេះ ​១០,៩៨​ម៉ែត្រ លើស​កម្រិត​ ប្រកាស​អាសន្ន​ត្រឹម​១០,៧០។ កម្ពស់​ទឹក​នេះ​ បាន​លិច​មូលដ្ឋាន​រស់នៅ​របស់​ប្រជាពលរដ្ឋ​មួយ​ចំនួន​ នៅ​ក្រុង​ស្ទឹងត្រែង និង​នៅ​តាម​មូលដ្ឋាន​ផ្សេងៗ ហើយ​អាជ្ញាធរ​នៅ​តាម​ឃុំ​សង្កាត់​ត្រូវ​ឱ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ជម្លៀស​ឡើង​ទៅ​ទីទួល​សុវត្ថិភាព​ក្នុងករណី​ចាំបាច់។

លោក​ម៉ុម ​សារឿន​ អភិបាល​ខេត្ត​ស្ទឹងត្រែង​បាន​បញ្ជាក់​ថា ​៖ ​កម្ពស់​ទឹក​នេះ​ ប្រជាពលរដ្ឋ​យើង​ត្រូវ​ប្រុងប្រយ័ត្ន​រៀងៗ​ខ្លួន ព្រោះ​អាជ្ញាធរ​ បាន​ធ្វើ​សេចក្តី​ប្រកាស​រួច​មក​ហើយ ឱ្យ​អាជ្ញាធរ​ភូមិ​ឃុំ​នីមួយៗ ប្រកាស​ឱ្យ​ប្រជាពលរដ្ឋ មើលថែ​កូនចៅ​-​បរិភោគ​ទឹក​ស្អាត -​ចំណីអាហារ​មាន​អនាម័យ -​និង​ប្រុងប្រយ័ត្ន​ចំពោះ​សត្វ​មាន​ពិស ​ទិច​ឬ​ខាំ។

លោក​អភិបាល​ខេត្ត​ បាន​ស្នើ​ឱ្យ​អាជ្ញាធរ​ឃុំ​សង្កាត់​ ក៏​ដូចជា​ភូមិ​ឃុំ​ផង​ដែរ​ ចាត់ចែង​កម្លាំង​ប្រជា​ការពារ​ប្រចាំការ នៅ​តាម​ទី​ទួល​សុវត្ថិភាព និង​តំបន់​គោលដៅ បើ​មាន​បញ្ហា​ប្រឈម ត្រូវ​ផ្តល់​ព័ត៌មាន​ឱ្យ​បាន​ឆាប់​ជូន​អាជ្ញាធរ​ ដែល​នៅ​ជិត​ដើម្បី​យើង​រួមគ្នា​ជួយ​ប្រជាពលរដ្ឋ​យើង​ឱ្យ​ទាន់​ពេល​វេលា ក្នុងពេលដែល​ទឹក​មាន​កម្ពស់​ជិត​១១​ម៉ែត្រ។

លោក​ដែង ​ភារម្យ​ ចៅសង្កាត់​ស្រះ​ឫស្សី​ក្រុង​ស្ទឹងត្រែង​បាន​បញ្ជាក់​ថា ​៖​ ផល​ប៉ះពាល់​ពី​ទឹកជំនន់​នេះ​អាជ្ញាធរ​ បាន​ប្រកាស​ឱ្យ​ប្រុងប្រយ័ត្ន​ជា​ញឹកញាប់ ហើយ​បើ​តាម​ការពិនិត្យ​សន្ទុះ​ទឹក​ ដែល​កំពុង​ជំរុញ​ឡើង​នេះ​ គួរឱ្យ​មានការ​ព្រួយបារម្ភ ព្រោះ​មេឃ​មាន​ភ្លៀង​ច្រើន​ក្នុង​រយៈពេល​២​ថ្ងៃនេះ។

លោក​ចៅសង្កាត់​បញ្ជាក់​ថា ​៖ ​តាម​សន្ទុះ​ទឹកបាន​ហូរ​ចូល​ក្រុង​ហើយ នៅ​សង្កាត់​សាមគ្គី​ប្រជាពលរដ្ឋ​នៅ​តាម​ជួរ​មាត់ទន្លេ​មួយចំនួន​ត្រូវបាន​ទៅរក​ទីទួល​សុវត្ថិភាព​ជាពិសេស​នៅតាម​តំបន់​ទំនាប ចំណែក​នៅក្នុង​ក្រុង​អាច​ប៉ះពាល់​ប្រជាពលរដ្ឋ រួមមាន​-​ភូមិ​ព្រែក​- ភូមិ​កណ្ដាល​-​និង​ភូមិ​ស្ពានថ្ម ក្នុង សង្កាត់​ស្ទឹងត្រែង - ភូមិ​ថ្ម​លាត ភូមិ​ស្រែ​ពោធិ ភូមិ​លើ​ក្នុង​សង្កាត់​ស្រះ​ឬស្សី​- ភូមិ​ខាំ​ផាន់ ភូមិ​កោះ​ខន​ឌិន ភូមិ​ហាង​ខូ​បាន ភូមិ​ហាង​ខូ​សួន ភូមិ​ថ្មី ក្នុង​សង្កាត់​សាមគ្គី។

លោក​ប៉ាង​ប៉េង​ប្រធាន​មន្ទីរធនធានទឹក​បានបញ្ជាក់​ថា ​៖​ ទឹកទន្លេ​មេគង្គ​អាច​នឹង​ឡើង​ដល់​កម្រិត​ជាង​១១​ម៉ែត្រ​នៅ​ថ្ងៃទី​២៩​សីហា​នេះ ដូចនេះ​ចូរ បងប្អូន​ប្រុងប្រយ័ត្ន និង​អាច​ជម្លៀស​ទ្រព្យសម្បត្តិ សត្វ​ចិញ្ចឹម​ផ្សេងៗ​ទៅរក​ទីទួល​សុវត្ថិភាព។

សូម​បញ្ជាក់​ថា​ ៖ ​ក្នុង​កម្រិត​កម្ពស់​ទឹក​១០.៩៨​ម៉ែត្រ​នេះ​ ភូមិ​ទាំង​ចំនួន​៨១​នៅ​តាម​ដង​ទន្លេមេគង្គ​នឹង​ត្រូវ​លិច ផ្លូវ​ធ្វើដំណើរ​មួយចំនួន​ ក៏​ត្រូវ​កាត់​ផ្តាច់ ក្នុង​ពេល​ដែល​ផលដំណាំ​បាន​លិចលង់​ត្រូវ​ខូចខាត​ទៅ​ហើយ​ព្រោះថា​នេះ​ជា​លើក​ទី​២​នៃ​ជំនន់​ទឹក​មេគង្គ​ក្នុង​ខែសីហា​នេះ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu