Ad Code

ប៉េអឹម​ឃាត់ខ្លួន​អ្នករក​ស៊ី​សត្វព្រៃ ហាក់ដូច​ជា​មាន​ភាព​អាថ៌កំបាំង



បាត់ដំបង ៖ ជនសង្ស័យ​ម្នាក់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ដឹកជញ្ជូន​ និង​ជួញដូរ​សត្វព្រៃ​ខុសច្បាប់ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ ប្រចាំ​ស្នាក់ការ​លេខ ៥០៨ ធ្វើការ​ឃាត់ខ្លួន​បញ្ជូនទៅ​អោយ​កម្លាំង​ជំនាញ​ខេត្ត ដោយ​នៅ​ក្នុង​នោះ​ក៏​មាន​មន្ត្រី​ឆ្នើម របស់​ប៉េអឹម​ម្នាក់​បាន​ធ្វើការ​សម្របសម្រួល​ ក្នុង​គោលបំណង​បិទ​សំណុំរឿង​ដែរ ប៉ុន្តែ​ត្រូវ​បាន​បែកធ្លាយ​វិញ​ បន្ទាប់ពី​ទឹកប្រាក់​ដែល​ចរចា​គ្នា​នោះ​វា​មាន​កម្រិត​ខ្ពស់​ស្មើ​ពពក។

យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច ​ដែល​កម្ពុ​ជា​ថ្មី​ទទួល​បាន គឺ​កិច្ចប្រតិបត្តិការ​នោះ​ បានធ្វើ​ឡើង កាលពី​វេលា​ម៉ោង ៣ និង ២២ នាទី រសៀល ថ្ងៃទី ២៨ ខែសីហា ឆ្នាំ​២០១៨ នៅ ភូមិ​ព្រែ​កចាស់ ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ដោយ​កម្លាំង​ស្នាក់ការ ៥០៨ ប្រចាំ​តំបន់​បឹង​ទន្លេសាប ដឹកនាំ​ដោយ​លោក ប្រធាន​ស្នាក់ការ​ពៅ ស៊ុំ។

នៅក្នុង​កិច្ចប្រតិបត្តិការ​នេះដែរ ក៏មាន​ការចូលរួម​ពី​មន្ត្រី​ប៉េអឹម​ដ៏​ឆ្នើម​ម្នាក់ ដែល​ល្បី​ថា​ ពូកែ​រកលុយ គឺ​ឈ្មោះ ទ្រី តិច​សែ ផងដែរ រហូត​ឈានដល់​ការ​ឃាត់ខ្លួន​មុខសញ្ញា​ម្នាក់​ឈ្មោះ តី តុលា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ​នេសាទ​ រស់នៅ​ភូមិ​ថ្វាង ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង រួម​ជាមួយ​នឹង​កាណូត​ស្មាច់​១​គ្រឿង។

បើ​យោង​តាម​ប្រភព​ពី​សាច់ញាតិរ​បស់​ជន​សង្ស័យ​បាន​លើកឡើងថា ក្រោយពី​ការ​ឃាត់ខ្លួន​រួចមក កម្លាំង​ប៉េអឹម​មិនទាន់​ធ្វើការ​បញ្ជូន​ទៅណា​ទេ ដោយ​ឈ្មោះ ទ្រី តិច​សែ ជា​អ្នក​ចរចា​​សម្របសម្រួល រហូត​អូស​បន្លាយ​ពេល​ដល់​យប់​ងងឹត ទើប​គេ​បាន​ផ្លាស់ប្តូរ​ទីតាំង​ដោយ​យក​ទាំង​កាណូត​ស្មាច់​ទៅដល់​ចំណុច មេ​ជ្រៃ ដែល​ស្ថិត​នៅក្នុង​ភូមិសាស្ត្រ ស្រុក​ពួក​ខេត្តសៀមរាប។

ក្រុមគ្រួសារ សាច់ញាតិ​ដែល​មាន​ឈ្មោះ រស្មី ជា​អ្នករត់​ការ​ចេញមុខ​ដើម្បី​ដោះស្រាយ​បាន​រៀបរាប់​បន្តថា នៅ​ទីនោះ គឺ​ម៉ោង​ប្រមាណ ជាង​៩ យប់ មន្ត្រី​ឆ្នើម​របស់​ប៉េអឹម បាន​ប្រើ​ភាសា​ថា ត្រូវ​បង់លុយ​ចំនួន ២០ លាន​រៀល ជា​ថ្នូរ​មិន​បញ្ជូន​ទៅ​ដាក់គុក បើ​មិន​បានទេ​ជនសង្ស័យ​អាច​ប្រឈម​និង​ការជាប់គុក​រយៈពេល ៧ ខែ។​

ការចរចារ​នៅតែ​បន្ត​រហូតដល់​ម៉ោង​១០ យប់ ទើប​ឪពុក​របស់​ជនសង្ស័យ ស្វះស្វែង​រកប្រាក់​បាន​មិន​ដល់ ១០ លាន​រៀល​នោះទេ ដោយ​ប្រគល់​ទៅ​អោយឈ្មោះ រស្មី ជា​អ្នក​ដោះស្រាយ ប៉ុន្តែ​ត្រូវបាន​ខាង​អស់លោក​ប៉េអឹម​ដែល​ជំនាញ​រកលុយ ធ្វើការ​បដិសេធ​ស្របពេល​ជាមួយគ្នា​នោះដែរ រឿងនេះ​ក៏ត្រូវ​បាន​បែកធ្លាយ ទើប​កម្លាំង​ប៉េអឹម​ស្រុក​ពួក ចុះ​ទៅកាន់​ចំណុច​មេ​ជ្រៃ​នេះ ព្រមទាំង​បាន​ចោទ​សួរថា ហេតុអ្វី​បានជា​មក​យក​បទល្មើស​ឆ្លងដែន​បែបនេះ គឺ​នៅពេលនោះ​ខាង​ប៉េអឹម​ស្រុក​ពួក សឹងតែ​ចង់​ប្រទាញប្រទង់​យក​ជនល្មើស​ទៅកាន់​ខេត្តសៀមរាប​វិញ ប៉ុន្តែ​ក្រោយមក​ក៏​ព្រម​អោយ​នាំ​ខ្លួន​មកកាន់ ទី​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង ទាំងយប់ ដោយសារតែ​ការ​ចរចា​​មិន​ត្រូវ​គ្នា។

លុះ​ព្រឹក​ថ្ងៃទី ២៩ ខែ ឆ្នាំ ដដែល ទើប​សមត្ថកិច្ច​បានធ្វើ​ការប្រគល់​នូវ​វត្ថុតាង ដែល​ក្នុងនោះ​មាន ពស់វែក​ចំនួន ១២ ក្បាល ទម្ងន់ ២២ គីឡូក្រាម ពស់ថ្លាន់​ចំនួន ២ ក្បាល ទម្ងន់ ២៥ គីឡូក្រាម សំពោច​ចំនួន ៦ ក្បាល ទម្ងន់ ៨ គីឡូក្រាម ស្បែក​ពស់ថ្លាន់ ទម្ងន់​៣​គីឡូក្រាម កាណូត​ស្មាច់ ១ គ្រឿង និង​ទូរស័ព្ទ​ដៃ ១ គ្រឿង រួម​ជាមួយ​នឹង​ជនសង្ស័យ​ទៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​បាត់ដំបង ក្នុង​ការ​ចាត់​ការ​បន្ត​តាម​នីតិវិធី ហើយ​នៅ​ព្រឹក​នោះ​ដែរ​សត្វព្រៃ​ទាំងអស់ ត្រូវ​បាន​កម្លាំង​ជំនាញ​នាំ​យក​ទៅ​លែង​នៅក្នុង​ក​សិន្ធុ ខាងមុខ​ប្រសាទ​បាណន់​ទាំង​អស់ហើយ ដើម្បីអោយ​វា​មាន​សេរីភាព​ក្នុង​ការ​រស់នៅ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu