Ad Code

ជា​កូនកំព្រា ​និង​ពិការ​ដៃជើង​ពិតមែន ​តែ​មិន​លើកដៃ​សុំទាន​គេ​ទេ



ភ្នំពេញ ៖ ​ប្អូនប្រុស​ម្នាក់​ថ្វី​ត្បិត​ជា​កូនកំព្រា​ឪពុកម្តាយ​ និង​ជា​ជន​ពិការ​ដៃជើង​ទៀតសោត ​ប៉ុន្តែ​ប្អូនប្រុស​មិន​លើកដៃ​សំពះ​សុំទាន​គេ​ទេ​។​

ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃទី​២៩​ខែសីហា​នេះ ​ភ្នាក់ងារ​កម្ពុជា​ថ្មី​បាន​ជួប​សម្ភាសន៍​ជាមួយ​ប្អូនប្រុស​ឈ្មោះ ប្រុស រ័ត្ន អាយុ​៣៣​ឆ្នាំ ​ដែលមាន​ស្រុកកំណើត​ក្នុងភូមិ​ព្រែក​ប៉ាន​ ឃុំ​ត្រើយស្លា​ ស្រុក​ស្អាង​ខេត្តកណ្តាល ខណៈ​ពេលដែល​ប្អូន​កំពុង​អង្គុយ​លើរ៉ឺម៉ក​ម៉ូតូ​ដែល​មាន​ព្យួរ​នំ​គ្រប់មុខ​សម្រាប់​លក់​ថា​សព្វថ្ងៃ​ប្អូនប្រុស​ជា​កូនកំព្រា​​ឪពុកម្តាយ​ ហើយ​ជា​ជនពិការ​ស្វិតដៃ​ជើងតាំង​ពី​កំណើត​មកម្ល៉េះ​។ ​ប្អូន​បានបញ្ជាក់​ក្នុង​ទឹកមុខ​ស្រពាប់ស្រពោន​ថា ​ថ្វីត្បិតតែ​ប្អូន​ជា​ជនពិការ​ពិតមែន​គឺ​ប្អូន​ពុំ​បាន​ដើរ​លើកដៃ​សំពះ​សុំទាន​គេ​ឡើយ។

ប្អូន​បាន​ចាក​ចេញពី​ស្រុកកំណើត​មក​សុំ​ព្រះសង្ឃ​វត្ត​សំពោង​ផល​អណ្តែត​ស្នាក់នៅ​ដើម្បី​កាត់បន្ថយ​ការ​ចំណាយ​ទៅលើ​ការជួល​បន្ទប់​ស្នាក់នៅ ​ហើយ​ក្នុងនោះ​ព្រះសង្ឃ​ក៏បាន​អនុញាត​ឲ្យ​ស្នាក់នៅ​ព្រមទាំង​ផ្តល់​អាហារ​ហូបចុក​ ខណៈ​ដែល​ព្រះសង្ឃ​សល់​ចង្ហាន់​។

​ប្អូនប្រុស​មក​រស់នៅក្នុង​វត្ត​ក៏ពិតមែន​ ប៉ុន្តែ​ប្អូន​បាន​សន្សំ​ប្រាក់​ទិញ​ម៉ូតូ​សណ្តោងរ៉ឺម៉ក​ដើម្បី​ដឹក​នំ​លក់​ជា​រៀងរាល់ថ្ងៃ​គ្រាន់​ចិញ្ចឹមជីវិត​តទៅ​មុខ ​ព្រោះ​ប្អូន​មិនអាច​ទៅ​ទីពឹង​អ្នកណា​បាន​នោះឡើយ​។​ ប្រុស រ័ត្ន បន្ត​ទៀត​ថា ​ប្អូន​ត្រូវ​បាន​សប្បុរសជន​ ​​​​ជួយ​ទិញ​នំ​របស់​ប្អូន​ដែល​ទទួល​ទិញ​ពី​គេ​យកមក​លក់​ដើម្បី​ទទួល​បាន​ប្រាក់ចំណេញ​គ្រាន់​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​។ ​ប្អូនប្រុស​សន្យាថា​មិន​លើកដៃ​សុំទាន​គេ​ទេ​ដរាបណា​នៅមាន​អ្នក​អាណិតអាសូរ​ជួយ​ទិញ​នំ​របស់​ប្អូន​៕​

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu