Ad Code

ក្រសួង​ការងារ​នឹង​រៀបចំ​ពិព័រណ៍​ការងារ​និង​ផលិតភាព​ជាតិ​ឆ្នាំ​២០១៨ លើក​ទី​០៨​នៅ​ចុងខែ​តុលា​ខាងមុខ



ភ្នំពេញ ​៖ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ​នឹង​រៀបចំ​ពិព័រណ៍​ការងារ​ និង​ផលិតភាព​ជាតិ​ឆ្នាំ​២០១៨ លើក​ទី​០៨ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៧ ដល់​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៨ ខាងមុខនេះ​។

ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ​ឆ្នាំ​២០១៨​ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​ឲ្យ​និយោជក​ធ្វើការ​ផ្សព្វ ផ្សាយ​ពី​ផែនការ តម្រូវការ គោលនយោបាយ​ក្នុងការ​ជ្រើសរើស​កម្លាំង​ពលកម្ម​នា​ពេល​បច្ចុប្បន្ន និង​អនាគត ដើម្បី​ទាក់ទាញ​អ្នក​ស្វែងរក​ការងារ​ធ្វើ​ដែលមាន​សមត្ថភាព​។ ផ្តល់​ការអប់រំ​បណ្តុះបណ្តាល​ផ្សព្វផ្សាយ​កម្មវិធីសិក្សា​វ​គ្គ​ខ្លីៗ និង​កម្មវិធី​អភិវឌ្ឍ​ជំនាញ​ផ្សេងៗ​។

ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ​ឆ្នាំ​២០១៨​គឺជា​ព្រឹត្តិការណ៍​រួមគ្នា​នៃ​ពិព័រណ៍​ការងារ​ថ្នាក់​ជាតិ​លើក​ទី​០៨ និង​យុទ្ធនា​ការផលិត​ភាព​ជាតិ លើក​ទី​២ រៀប​ចំ​ឡើង​ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ការងារ និង​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ (២០១៤-២០១៨) គោលនយោបាយ​ជាតិ​មុខរបរ និង​ការងារ​(២០១៧-២០២៥) និង​គោលនយោបាយ​ជាតិ ស្តី​ពី​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​(២០១៧-២០២៥) ក្នុង​គោលដៅ​ធ្វើជា​កន្លែង​ជួបជុំ​រវាង​និយោជក​អ្នក​ផ្តល់​ការអប់រំ​បណ្តុះបណ្តាល និង​អ្នកស្វែងរក​ការងារ​ធ្វើ នៅ​មួយកន្លែង​ងាយស្រួល​ផ្លាស់ប្តូរ និង​ចែករំលែក​ព័ត៌មាន​ទីផ្សារការងារ និង​ដើម្បី​លើកកម្ពស់​ការយល់ដឹង និង​បណ្តុះ​គំនិត​អំពី​ផលិតភាព​ការងារ​។

តាម​ការ​គ្រោងទុក​ពិព័រណ៍​ការងារ​ថ្នាក់ជាតិ នឹង​ទាក់ទាញ​អ្នកចូលរួម​ទស្សនា​ប្រមាណ​ជាង​៣​ម៉ឺន​នាក់ ដោយ​នាំមក​នូវ​ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​ចំនួន​១៣០ ដែល​នឹងចូលរួម​តាំង​បង្ហាញ​អំពី​តម្រូវការ​ជ្រើសរើស​កម្លាំង​ពលកម្ម មគ្គុទេសក៍ និង​បទពិសោធន៍​សម្រាប់​ឈាន​ចូល​ទីផ្សារ​ការងារ ព្រមទាំង​ឱកាស​បណ្តុះបណ្តាល​ជំនាញ​។

លោក​បណ្ឌិត ពេ​ជ សោភ័ន រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល វិជ្ជាជីវៈ និង​ជា​អនុប្រធាន​គណៈកម្មាធិការ​ជាតិ​បណ្តុះបណ្តាល​ធ្លាប់បាន​លើក​ឡើង​ថា ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ​នេះ មិន​ត្រឹមតែ​ផ្ដល់​ឱកាស​ការងារ​ជាក់ស្ដែង​ប៉ុណ្ណោះ​ទេ ថែមទាំង​ផ្ដល់​ឲ្យ​យុវជន សិស្ស​និស្សិត​យល់ថា អ្វី​ដែល​ទទួល​បាន​ពី​ការងារ ដូចជា​ប្រាក់ចំណូល​ច្រើន​នោះ ក៏​អាស្រ័យ​លើ​ផលិតភាព​ការងារ​របស់​បុគ្គលិក​ការងារ​ទាំង​នោះដែរ ព្រោះ​ដើម្បី​ប្រាក់ខែ​ច្រើន ទាល់តែ​បុគ្គលិក​ការងារ​បង្កើន​ផលិតភាព​ការងារ​ដល់​គ្រឹះស្ថាន​ការងារ​ផងដែរ​។

មួយវិញទៀត ពិព័រណ៍​ការងារ​នេះ ក៏​ជា​សញ្ញា​មួយ​ប្រាប់​ទៅ​យុវជន សិស្ស​និស្សិត​ឲ្យ​បាន​ឃើញថា ប្រភេទ​ការងារ​អ្វីខ្លះ​ដែល​ទីផ្សារ​ការងារ​ត្រូវការ​ច្រើន ដើម្បី​ឲ្យ​ពួកគេ​ខិតខំ​សិក្សា​រៀនសូត្រ​ផ្តោតលើ​ជំនាញ​ទាំងនោះ​។ ចំណែក​គ្រឹះស្ថាន​អប់រំ​ក៏​នឹង​បាន​យល់​ដឹង​ថា ប្រភេទ​ការងារ​ណាខ្លះ ដែល​ទីផ្សារ​ការងារ​ត្រូវការ​ច្រើន ដើម្បី​បន្ថែម​មុខវិជ្ជា​អប់រំ​ដល់​សិស្ស​និស្សិត​បន្ថែម​។

​ដើម្បី​ទទួល​បាន​ឱកាស​ការងារ និង​ការយល់ដឹង​អំពី​ការបង្កើត​ផលិតភាព​យុវជន​សិស្ស​-​និស្សិត អ្នក​ស្វែង​រក​ការងារ​ធ្វើ និង​កម្មករនិយោជិត​ទាំងអស់ កុំ​ភ្លេច​យក​ប្រវត្តិរូប​សង្ខេប​មកជា​មួយ ដើម្បី​ដាក់ពាក្យ​ស្នើសុំ​ការងារ ដោយផ្ទាល់​ជាមួយ​និយោជក ដែល​កំពុង​ត្រូវការ​ជ្រើសរើស​កម្លាំង​ពលកម្ម​។

សូម​ជម្រាប​ថា រហូតមកដល់​ពេលនេះ មាន​ក្រុមហ៊ុន​ជា​ដៃគូ​ធំៗ ដែល​ចូលរួម​ឧបត្ថម្ភ​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ ចំនួន​១០​រួច​មក​ហើយ ក្នុងនោះ​មាន ធនាគារ Canadia PLC, មីក្រូហិរញ្ញវត្ថុ Prince Microfinance PLC Cambodia, មីក្រូហិរញ្ញវត្ថុ Amret Microfinance, ក្រុមហ៊ុន Beverage Company Ltd, ក្រុមហ៊ុន Chip Mong Group, ក្រុមហ៊ុន ISI Steel, ក្រុមហ៊ុនទូរស័ព្ទ Smart, ក្រុមហ៊ុន RMA, ក្រុមហ៊ុន Heniken និង​ក្រុមហ៊ុន Prince Group និង​មាន​ក្រុមហ៊ុន​ចូលរួម សហការ​ឧបត្ថម​ប្រមាណ​៩៧​ក្រុមហ៊ុន ព្រមទាំង​មាន​បញ្ជរ​សរុប​ប្រមាណ​១០៨ រួចមកហើយ​។

អ្នកចូលរួម​ជាពិសេស​អ្នកស្វែង​រក​ការងារ ធ្វើ​អាចដាក់​ពាក្យសុំ​បម្រើ​ការងារ នៅនឹងកន្លែង​ផ្ទាល់ ព្រមទាំង​ទទួលបាន​ព័ត៌មាន អំពី​ឱកាស​ការងារ​នាពេល​បច្ចុប្បន្ន និង​ពេលអនាគត តម្រូវការ​ឱកាស​ក្នុងការ​អភិវឌ្ឍ​ជំនាញ​។ បណ្តុះ​គំនិត នៃ​ការយល់ដឹង​អំពី​ផលិតភាព​ការងារ​ដល់​សាធារណជន​ទូទៅ​ពិសេស ក្នុងចំណោម សមាជិក​របស់ GMAC ទាំង​អ្នកគ្រប់គ្រង ប្រធាន​ផ្នែក និង​កម្មករនិយោជិត​។ ក្រុមហ៊ុន សហគ្រាស អាច​បង្កើន​ការទំនាក់ទំនង​ដើម្បី​ស្វែងរក​ដៃគូ​សហការ​ពាណិជ្ជ​កម្ម និង​ចែករំលែក​នូវ​ព័ត៌មាន​អំពី​តម្រូវការ និង​ការផ្គត់ផ្គង់​ជំនាញ​នាពេល​បច្ចុប្បន និង​អនាគត​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu