Ad Code

ក្រុម​ខ្លាំង​ឡើងទៅ​វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន នឹង​រកឃើញ​នៅ​ល្ងាច​ថ្ងៃ​ពុធ​នេះ



ពានរង្វាន់​បាល់ទាត់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ឆ្នាំ​ទី​១២ (Hun Sen Cup 2018)​ក្រោម​ការរៀបចំ​ពី​សំណាក់​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​(CNCC) សេនាធិការ​របស់​សហ​ព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា នឹង​បន្ត​ប្រកួត​ជើង​ទី​២​នៃ​វគ្គ​៨​ក្រុម​ចុងក្រោយ នៅ​រសៀល​ថ្ងៃ​ពុធ ទី​៨ ខែសីហា ឆ្នាំ​២០១៨ នេះ​។

សម្រាប់​កម្មវិធី​ប្រកួត​ជើង​ទី​២ នេះ​មាន​សាលា​បាល់ទាត់​ជាតិ​១៨​ឆ្នាំ​ត្រូវ​ប៉ះ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅវេលា​ម៉ោង​៣និង៣០​នាទី​រសៀល​ លើ​ទីលាន​សាលា​បាល់ទាត់​ជាតិ​បាទី ហើយ​ក្រុម​ភ្នំពេញ​ក្រោ​ន ប៉ះ​អង្គ​រថា​យ​ហ្គឺ​រ នៅវេលា​ម៉ោង​៦និង៣០​នាទី​ល្ងាច​ លើ​ទីលាន​កីឡដ្ឋាន RSN Stadium ហើយ​ក្រុម​បឹងកេត ប៉ះ​ក្រុម​ណាហ្គា​វើ​ល នៅវេលា​ម៉ោង​៦និង៣០​នាទី​ល្ងាច​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ និង​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ទទួល​ក្រុម​ក្រសួងការពារជាតិ នៅវេលា​ម៉ោង​៦និង៣០​នាទី​ល្ងាច ​លើ​ទីលាន​កីឡដ្ឋាន​ខេត្តស្វាយរៀង​។



សូម​រំលឹក​ថា ​កាលពី​ជើង​ទី​១ នៃ​វគ្គ​៨​ក្រុម​ចុងក្រោយ​នេះ​ឃើញថា​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ចាញ់​ក្រុម​ភ្នំពេញ​ក្រោ​ន ៣​ទល់​០ ហើយ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ឈ្នះ​ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ​អាយុ​១៨​ឆ្នាំ ស្រប​ពេល​ក្រុម​ណាហ្គា​វើ​ល ឈ្នះ​ក្រុម​បឹងកេត ២​ទល់​០ និង​ក្រុម​ក្រសួងការពារជាតិ ចាញ់​ព្រះ​ខ័ន​រាជ​ស្វាយរៀង ២​ទល់​១​។​ក្រុម​ដែល​ឈ្នះ​ទាំង​២​ជើងមាន​កៅអី​ឡើង​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ​។

គណៈកម្មការ​ប្រកួត​បា​ល់​ទាត់​ជាតិ​កម្ពុជា (CNCC) ធ្លាប់បាន​បញ្ជាក់ថា ពានរង្វាន់​សម្តេច​តេ​ជោ​ឆ្នាំនេះ​រៀបចំ​ចំនួន​២​វគ្គ​ដោយ​វគ្គ​ទី​១ ហៅថា​វគ្គ​ជម្រុះ​ថ្នាក់​ខេត្ត និង​វគ្គ​ទី​២​ហៅថា​វគ្គ​ជម្រុះ​ថ្នាក់ជាតិ ដែល​ការប្រកួត​ចាប់​ដំណើរការ​ពីថ្ងៃ​ទី​៧ ខែមីនា រហូតដល់​ថ្ងៃទី​៦​ខែតុលា ឆ្នាំ​២០១៨​។ ចំពោះ​វគ្គ​ជម្រុះ​តាម​ថ្នាក់​ខេត្ត​បែងចែក ការប្រកួត​ជា​២​វគ្គ​ខុសគ្នា​ទៀត​គឺ​វគ្គ​ជម្រុះ​តាម​ពូ​ល (​វគ្គ​ជម្រុះ​បឋម​) និង​ជម្រុះ​ចុងក្រោយ​។ ជា​លទ្ធផល​ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ​បាទី ជា​ម្ចាស់​ជើងឯក ហើយ​ក្រុម​គីរីវង់​សុខ​សែន​ជ័យ ជា​ក្រុម​ជើងឯក​រង​ សម្រាប់​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​វិញ​មាន​ក្រុម​ចំនួន​១២​ជា​សមាជិក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា បូក​ជាមួយ​ក្រុម​ចំនួន​៤​ខ្លាំងជាងគេ​មកពី​ការប្រកួត​ជម្រុះ​ជើងឯក​ថ្នាក់​ខេត្ត មានដូចជា​ក្រុម​សាលា​បាល់ទាត់​ជាតិ គីរីវង់​អែ​ហ្វ​ស៊ី កំពត និង​កោះកុង​។

ក្រុម​ទាំងអស់​ចំនួន​១៦ ដោយ​ចាប់ឆ្នោត​រើស​គូប្រកួត​ប្តូរ​ទឹកដី​គ្នា (​ចំនួន​២​លើក​) បន្ត​ស្វែងរក​ក្រុម​ឡើងទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​រហូតដល់​វគ្គ​ផ្ដាច់ព្រ័ត្រតែម្តង៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu