ភ្នំពេញ ៖ យុវជនម្នាក់បានរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូបោះពួយក្នុងល្បឿនលឿនហើយជ្រុលទៅបុករថយន្ត ហើយផុងជាប់ម៉ូតូជាមួយរថយន្ដ ខណៈដែលរថយន្តកំពុងបើករ៉ឺយ៊ែរថយក្រោយ បម្រុងបើកចូលផ្ទះរបស់ខ្លួន ពេលដែលតួរថយន្ដកំពុងនៅទទឹងផ្លូវក៏ត្រូវម៉ូតូបុកផាំងតែម្ដង កាលពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅមុខវត្តតាំងកសាងខាងត្បូង ភូមិចំការឪឡឹក២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ។
ភាគីម៉ូតូម៉ាក ឃ្លីកពណ៌សលាយក្រហម ពាក់ស្លាកលេខភ្នំពេញ 1AN-1610 បើកបរដោយយុវជនម្នាក់មិនប្រាប់ឈ្មោះ។ ចំណែករថយន្ត ម៉ាក កូរ៉ូឡា ស៊េរីឆ្នាំ២០០៣ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AF-4992 មានម្ចាស់នៅកន្លែងកើតហេតុតែម្ដង។
តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ រថយន្តត្រូវបានម្ចាស់ បើករ៉ឺយែរក្រោយ ចេញពីមុខផ្ទះគេក្នុងគោលបំណងបើកចូលទុកផ្ទះខ្លួនឯង ស្របពេលដែលរថយន្តកំពុងនៅទទឹងផ្លូវត្រូវបានម៉ូតូខាងលើបើកដោយយុវជនម្នាក់ ធ្វើដំណើរពីជើងទៅត្បូងក្នុងល្បឿនលឿនក៏ជ្រុលទៅបុក ចំផ្នែកចំហៀងខាងមុខ ជាប់កង់ម៉ូតូជាមួយនឹងរថយន្តបណ្ដាលឲ្យអ្នកបើកម៉ូតូរងរបួសធ្ងន់សន្លប់ស្តូកមួយរំពេច។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះគ្លីនិក ខឹម រ៉ានី ដឹកយកទៅព្យាបាល លុះដឹងខ្លួនជនរងគ្រោះងើបរត់គេចខ្លួនទៅបាត់។ ចំណែករថយន្តនិងម៉ូតូ សមត្ថកិច្ចយកទៅរក្សាទុកនៅផ្នែកជំនាញចរាចរ រង់ចាំភាគីសងខាង ចូលខ្លួនមកដោះស្រាយគ្នានៅពេលក្រោយ៕
Source: Kampuchea Thmey Daily
0 Comments