ភ្នំពេញ ៖ រថយន្ដម៉ាកតូយ៉ូតាហាយឡិនឌ័ររបស់លោកនាយប៉ុស្ដិ៍នគរបាលសង្កាត់បឹងព្រលឹតពេលយកទៅលាង ត្រូវបានក្រុមចោរលួចគាស់យកស្លាកលេខបាត់ ហើយលោកបានដាក់ពាក្យបណ្ដឹងទុករហូតមកដល់ពេលនេះ បែរជាឃើញមកពាក់នៅលើរថយន្ដម៉ាកអូឌីទៅវិញ បង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង១០យប់នៅក្នុងប្រលានយន្តហោះអន្តរជាតិភ្នំពេញក្នុងភូមិក្បាលដំរី សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។
រថយន្តរងគ្រោះដែលបាត់ស្លាកលេខម៉ាកហាយឡិនឌ័រពាក់ស្លាកលេខ ភ្នំពេញ2AS-3231ពណ៍ទឹកមាសសេរី២០០៤។ ចំណែករថយន្តសង្ស័យ ម៉ាក អូឌីសេរីទំនើប Q7ពណ៍សដោយឃើញ កំពុងពាក់ស្លាកលេខភ្នំពេញ2AS-3231 នោះដែរ ។
តាមប្រភពព័ត៌មានពីជនរងគ្រោះម្ចាស់រថយន្តម៉ាកហាយលែនឌ័រដែលជានាយប៉ុស្តិ៍នគរបាលសង្កាត់បឹងព្រលឹតបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តរបស់គាត់បានបាត់ស្លាកលេខ ដែលត្រូវជនសង្ស័យបានគាស់យកស្លាកលេខរថយន្តនៅក្នុងសង្កាត់បឹងព្រលឹតរបស់គាត់ដោយរថយន្តរបស់គាត់បានយកទៅលាងនៅក្នុងហ្គារ៉ាស់ជិតសង្កាត់បឹងព្រលឹតនោះ ហើយនៅក្នុងហ្គារ៉ាស់លាងរថយន្តខាងលើមានរថយន្តច្រើនពេកដោយចង្អៀត ទើបអ្នកលាងបើកយកទៅទុកចោលនៅចិញ្ចើមផ្លូវ ហើយត្រូវជនសង្ស័យលួចគាស់ស្លាកលេខទាំងមុខទាំងក្រោយបាត់។
ប្រភពបានបន្តទៀតថា បន្ទាប់មកគាត់បានដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលសង្កាត់បឹងព្រលឹតហើយបានបង្ហោះតាមហ្វេសប៊ុកឲ្យប្រជាពលរដ្ឋជួយស៊ើបអង្កេតរកស្លាកលេខខាងលើនិងមានរង្វាន់ជូនផងដែរ បន្ទាប់មកនៅយប់ថ្ងៃកើតហេតុរូបគាត់បានជូនក្មួយរបស់គាត់ឡើងយន្តហោះទៅប្រទេសបារាំង ខណៈពេលកំពុងដើរនៅក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្រាប់តែបានឃើញរថយន្តទំនើបម៉ាកអូឌី Q7ពាក់ស្លាកលេខ រថយន្តរបស់គាត់ទៅវិញដែលបាត់នោះ។
ពេលភ្លាមនោះ គាត់បានប្ដឹងទៅលោកអធិការខណ្ឌពោធិ៍សែនជ័យភ្លាមៗផងដែរ ហើយបានបញ្ជាកម្លាំងចុះមកដល់កន្លែងកើតហេតុភ្លាមៗហើយតែកុងរថយន្តខាងលើបានគេចខ្លួនបាត់នៅសល់តែអ្នករួមដំណើរ ២នាក់ប៉ុណ្ណោះ។
ក្រោយពេលកើតហេតុអ្នករួមដំណើរទាំងពីរនាក់នោះ ដោយមិនសហការជាមួយជនរងគ្រោះឡើយ ហើយជនរងគ្រោះបានហៅកម្លាំងនគរបាលរបស់គាត់ និង យករថយន្តព្រមទាំងអ្នករួមដំណើរទៅបំភ្លឺនៅប៉ុស្តិ៍នគរបាលសង្កាត់បឹងព្រលឹតវិញ ដើម្បីរកដំណោះស្រាយរវាងគ្នានិងគ្នាព្រោះថា រឿងនេះអាចម្ចាស់រថយន្ដអូឌីទិញស្លាកលេខពីចោរ ឬ អាចរថយន្ដនោះជាប់ពាក់ព័ន្ធបទល្មើសអ្វីផ្សេងទៀតទើបបានម្ចាស់រត់គេចបែបនេះ៕
Source: Kampuchea Thmey Daily
0 Comments