ភ្នំពេញ ៖ យុវសិស្សម្នាក់ឈ្មោះ ថា សាន ភេទប្រុស អាយុ១៨ឆ្នាំបច្ចុប្បន្នស្នាក់នៅភូមិដើមស្លែងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅទី២ ចាប់ខ្លួនពាក់ព័ន្ធការជួញដូរថ្នាំញៀន។
តាមប្រភពពីលោកវរសេនីយ៍ទោ ម៉ៅ សឿត អធិការរងនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងថា កាលពីថ្ងៃទី១២ ខែសីហានេះ កម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅទី២ ចាប់ខ្លួនយុវសិស្សម្នាក់ឈ្មោះ ថា សាន ភេទប្រុស អាយុ១៨ឆ្នាំ ខណៈពេលកំពុងជួញដូរថ្នាំញៀនហើយនគរបាលចាប់ខ្លួនរកឃើញវត្ថុតាងមានថ្នាំញៀនចំនួន២៤កញ្ចប់ ក្នុងនោះមានកញ្ចប់ធំល្មម១២ថង់ធំនិង១២កញ្ចប់តូច។
លោកអធិការរងបានបន្តថា យុវសិស្សរូបនេះ គឺជាមុខសញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្មខណៈដែលអាណាព្យាបាលពុំបានដឹងទាល់តែសោះ ហើយរាល់ថ្ងៃគាត់ស្មានតែកូនទៅរៀនដោយពុំនឹកថាកូនទៅជួញថ្នាំញៀនសោះ។
សិស្សរួមថ្នាក់មានការសោកស្តាយចំពោះទង្វើរបស់ឈ្មោះ ថា សាន ដែលប្រព្រឹត្តិអំពើខុសច្បាប់ក្នុងវ័យសិក្សាដែលអាចខូចអនាគតអស់។ យុវសិស្សពាក់ព័ន្ធការជួញដូរថ្នាំញៀននេះត្រូវបាននគរបាលបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែសីហា រួមទាំងវត្ថុតាងដើម្បីឲ្យរូបគេទទួលទោសតាមផ្លូវច្បាប់៕
Source: Kampuchea Thmey Daily
0 Comments