សៀមរាប ៖ ដោយសារតែជម្លោះដណ្ដើមកេរ្តិ៍ ស្ត្រីជាម៉ែចុងត្រូវសមត្ថកិច្ចនាំខ្លួនបញ្ជូនទៅតុលាការ ក្រោយកូនដើមប្តឹងថា បង្ខាំងមនុស្សខុសច្បាប់ (បង្ខាំប្តីឬឪពុក) ហើយនៅយប់ថ្ងៃដដែល ក្រុមកូនដើមនាំគ្នាទៅចាប់ឪពុករុញបញ្ចូលឡានដឹកចេញពីប៉ុស្តិ៍សមត្ថកិច្ចទៅបាត់បន្សល់ទុកការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់សមត្ថកិច្ច។
ទោះបីមានការអះអាងថា ក្រុមកូនៗដែល ចាប់ឪពុករុញបញ្ចូលឡានដឹកចេញទៅនោះ បំណងមិនឲ្យជួយអន្តរាគមន៍សុំសមត្ថកិច្ច ដោះលែងប្រពន្ធ និងយកទៅបង្ខំឲ្យផ្តិតមេដៃប្រគល់ទ្រព្យកេរ្តិ៍ទៅពួកគេ តែលោក នាយប៉ុស្តិ៍នគរបាលសង្កាត់សាលាកំរើកបញ្ជាក់ថា ដោយពួកគេ(កូនៗ)បារម្ភពីសុខភាពគាត់ ទើបនាំទៅផ្ទះបែបនេះ។
ក្នុងជម្លោះដណ្តើមកេរ្តិ៍នេះ លោកជា ហៃ មេធាវីការពារក្តីឲ្យប្តីប្រពន្ធជាប់ចោទបំភ្លឺថា ដើមចមនៃរឿង ដំបូងឡើយឪពុកដាក់ទុនរកស៊ីសាងសង់ តែកូនមិនព្រម គ្រានោះឪពុកបានប្តឹងទៅតុលាការឲ្យជួយចែកទ្រព្យតាមផ្លូវច្បាប់ តែមិនទាន់ដោះស្រាយផង ក៏ត្រូវក្រុមកូន ៗប្តឹងទៅសមត្ថកិច្ចថា ម៉ែចុងចាប់បង្ខាំងប្តី ជាឪពុក ពួកខ្លួន។
លោកបន្តថា ក្នុងពេលសមត្ថកិច្ចនាំខ្លួនស្ត្រីនោះទៅ បុរសជាប្តីក៏ទៅជាមួយ ហើយអះអាងថាពួកគាត់ប្តីប្រពន្ធរស់នៅជាមួយគ្នា រហូតមានកូនប្រុសម្នាក់អាយុ១១ឆ្នាំទៅហើយ មិនមានអ្នកណាបង្ខាំងអ្នកណានោះទេ។ ធាតុពិតពួកកូនៗចង់ដណ្តើមទ្រព្យ(ដី)ខ្លាចឪពុកនិងម្តាយចុងព្រមព្រៀងគ្នាសង់ផ្ទះល្វែងលើដីដែលពួកគេកំពុងចង់បាន ទើបបង្កើត រឿងបែបនេះ។
ស្ត្រីជាម្តាយចុងដែលរងបណ្តឹងបទបង្ខាំងមនុស្សមានឈ្មោះទ្រី ណៃហៀក អាយុជាង ៤០ឆ្នាំ ឯប្តីឈ្មោះមិន ឡមហៅលី ឡម អាយុជាង៦០ឆ្នាំ អ្នកទាំងពីរនៅភូមិធ្លកអណ្តូង សង្កាត់សស្លក្រាម ក្រុងសៀមរាប។
លោកមេធាវី ឲ្យដឹងទៀតថា កាលពីរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ សមត្ថកិច្ចបានទៅនាំខ្លួន ស្ត្រីខាងលើទៅសាកសួររឿងបង្ខាំងមនុស្សខុសច្បាប់។ លុះរសៀលថ្ងៃទី២ ខែសីហានេះ ក៏បានបញ្ជូនទៅតុលាការហើយដែរ។
ភ្នាក់ងារយកព័ត៌មានព្យាយាមសុំការបកស្រាយពីក្រុមកូនដើម របស់ស្ត្រីជាប់ចោទខាងលើ តែកូនស្រីរបស់ស្ត្រីជាប់ចោទឈ្មោះប្រុញ ណៃហ័រ បានផ្តល់បទសម្ភាសន៍ថា គ្រួសារនេះមិនមានការបង្ខាំងមនុស្សនោះទេ។ តែមិនមានប្រពន្ធចាប់បង្ខាំងប្តីទៀតនោះឡើយ។ ប្តីប្រពន្ធរបស់គាត់ រស់នៅមានក្តីសុខណាស់។ តែខាងកូនៗដើមនោះទេ ដែលចង់បានទ្រព្យ រហូតប្រឌិតរឿងនេះ ដើម្បីកុំឲ្យម្តាយឪពុកពួកគេ យកដីទាំងនោះទៅសាងសង់ជាផ្ទះល្វែងកើត។ ស្ត្រីដដែលបន្តថា ដោយសារតែដណ្តើមទ្រព្យ ម្តាយរបស់ខ្លួនត្រូវបញ្ជូនទៅតុលាការ ក្រោមការចោទថា បង្ខាំមនុស្ស(បង្ខាំងប្តីខ្លួនឯង)វាជារឿងដែលមិនអាចទទួលយកនោះទេ ត្បិតអីប្តីរបស់គាត់តាមជួយ ការពារប្រពន្ធឲ្យផុតពីការចោទប្រកាន់ គ្រប់កន្លែងសមត្ថកិច្ច។ តែត្រូវពួកកូនៗនាំគ្នាចាប់គាត់យកទៅបាត់ មិនដឹងមានបំណងអ្វី។ ក្នុងអង្គហេតុនៃរឿង នាងក៏បានស្នើសុំឲ្យតុលាការ ស៊ើបអង្កេតរឿងនេះ ជាក់លាក់មុនពេលសម្រេចឃុំខ្លួនម្តាយរបស់នាង។
នៅរសៀលថ្ងៃទី២ខែសីហានេះ អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាបលោក យិន ស្រាង បានថ្លែងតាមទូរសព្ទ័ថា ស្ត្រីឈ្មោះទ្រី ណៃហៀក ត្រូវសមត្ថកិច្ចបញ្ជូនមកដល់តុលាការហើយ។ តែនៅមិនទាន់ចាត់ចែងបន្តនីតិវិធីនោះទេ។ លោកបន្តថា របាយការណ៍ប៉ូលិស បានចោទស្ត្រីខាងលើពីបទ បង្ខាំងមនុស្សខុស ច្បាប់។
លោកអនុសេនីយ៍ឯកពេជ្រ សាម៉ោល នាយប៉ុស្តិ៍នគរបាលសង្កាត់សាលាកំរើកបានឲ្យដឹងថា ពិតជាមានមនុស្ស៦ទៅ៧នាក់ មកនាំយកប្តីស្ត្រីជាប់សង្ស័យបង្ខាំងមនុស្សចេញពីប៉ុស្តិ៍មែន។ ព្រោះពួកគេអះអាងជាកូន មកនាំឪពុកទៅផ្ទះ។ ឯរឿងផ្សេងទៀតលោកមិនបានដឹងនោះទេ ព្រោះស្ត្រីរូបនេះខាងនគរបាលកម្រិតធ្ងន់យកមកផ្ញើនៅប៉ុស្តិ៍របស់លោក។
លោកមេធាវី ជា ហៃ បញ្ជាក់ចុងក្រោយថា លោករំពឹងថា តុលាការនឹងមិនអាចឃុំខ្លួនកូនក្តីរបស់លោកឡើយ ពីព្រោះថា មិនមានភស្តុតាងណាមួយបង្ហាញថា បង្ខាំងមនុស្សនោះឡើយ។ម្យ៉ាងទៀត ជនដែលត្រូវគេបង្ខាំងនោះ បញ្ជាក់នៅមុខសមត្ថកិច្ចថា ប្តីប្រពន្ធគាត់នេះ ទៅណាជាមួយគ្នារហូត គ្មានការឃុំឃាំងអីឡើយ។ លោករំពឹងថា តុលាការនឹងរកឲ្យឃើញសនិង ខ្មៅ ក្នុងរឿង ដែលមិនធ្លាប់មាននេះ៕
Source: Kampuchea Thmey Daily
0 Comments