Ad Code

បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន​នៅផ្ទះ​សំណាក់​ឡា​លីន​ក្រុង​តាខ្មៅ ឃាត់ខ្លួន​មនុស្ស​៦​នាក់



កណ្ដាល ៖ ក្រុម​ជួញដូរ​គ្រឿងញៀន ប្រុស​ស្រី​៦​នាក់ រួម​ទាំង​គ្រឿងញៀន​ចំនួន​ជាង​៣០​កញ្ចប់ ត្រូវបាន​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តកណ្តាល ដោយមាន​ការ​សម្របសម្រួល​ពី​លោក ទិន សុចិ​ត្រា ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង ខេត្តកណ្តាល បាន​បើក​ប្រតិបត្តិ​ការណ៍ បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន​នៅក្នុង​ផ្ទះសំណាក់ ឡា លីន ក្រុង​តាខ្មៅ​។ ហេតុការណ៍​ចុះ​បង្ក្រាប​នេះ​នៅ​ថ្ងៃទី​០១ ខែសីហា ឆ្មាំ​២០១៨ វេលា​ម៉ោងជាង​០២​រសៀល នៅ​ចំណុច​ក្នុងផ្ទះ​សំណាក់ ឡា លីន ស្ថិតក្នុង​ភូមិ​ដើម​មាន សង្កាត់​ដើម​មាន ក្រុង​តាខ្មៅ ខេត្តកណ្តាល​។



ប្រភព​ព័ត៌មាន​បាន​បង្ហើប​ឲ្យ​ដឹង​ថា មុន​ឈាន​ដល់​ការបង្ក្រាប កម្លាំង​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ក្រសួងមហាផ្ទៃ​បាន​ឃាត់ខ្លួន​ជន​ស​ង្ស័យ​ពីរ​នាក់​នៅ​ឯ​ភ្នំពេញ បន្ទាប់ពី​ធ្វើការ​សាកសួរ​រួច ទើប​កម្លាំង ឈាន​ដល់​ការស្រាវជ្រាវ និង​បាន​ចូល​ដល់​ក្នុង​បន្ទប់​លេខ​១០១ និង​១០២​នៃ​ផ្ទះសំណាក់ ឡា លីន មាន​ទីតាំង​ស្ថិតនៅ សង្កាត់​ដើម​មាន ក្រុង​តាខ្មៅ ខេត្តកណ្តាល ដោយ​បានឃើញ​មនុស្ស​ប្រុស​ស្រី​៦​នាក់ ​កំពុង​ពពាក់ពពូន​គ្នា​ជក់​គ្រឿងញៀន រួម​នឹង​គ្រឿងញៀន​ជាង​៣០​កញ្ចប់ និង​វត្ថុតាង​វេច​ខ្ចប់​មួយចំនួនធំ​។



ប្រភព​ព័ត៌មាន​បន្ត​ទៀត​ថា ក្រុម​ជួញដូរ​គ្រឿងញៀន​នោះ​បានមក​សា្ន​ក់នៅ និង​ជួល​បន្ទប់​ក្នុងផ្ទះ​សំណាក់ ឡា លីន នោះ​អស់​រយៈពេល​០១​ខែ​ហើយ​។ ហេតុអ្វី​ម្ចាស់ផ្ទះ​សំណាក់​មិន​មាន​ការសង្ស័យ ឬក៏​ម្ចាស់​ផ្ទះសំណាក់​ដឹង​តែ​ធ្វើ​មិនដឹង​? មជ្ឈដ្ឋាន​មួយចំនួន​សង្ស័យ​ថា ម្ចាស់ផ្ទះ​អាច​បើកភ្លើង​ខៀវ គួរ​សមត្ថកិច្ច​ស៊ើបអង្កេត​ឲ្យ​បាន​ល្អិតល្អន់​។



​បច្ចុប្បន្ន​ជន​ស​ង្ស័យ​ទាំង​០៦​នាក់ កម្លាំង​ជំនាញ​បាន​បញ្ជូន ទៅកាន់​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង ចាត់ការ​តាម​នីតិវិធី​។ ចំណែក​ទីតាំង​បន្ទប់​ផ្ទះសំណាក់​ពីរ​បន្ទប់ លោក​ព្រះរាជអាជ្ញា​រង​សម្រេច​ឲ្យ​បិទទ្វារ បណ្តោះអាសន្ន៕

   



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu