ភ្នំពេញ ៖ បុរសម្នាក់បានដេកស្លាប់ក្នុងថ្លុកឈាមម្នាក់ឯងយ៉ាងអាណោចអាធ័ម នៅលើផ្លូវលីយ៉ុងផាត់ បន្ទាប់ពីដួលបោកក្បាល ដែលគេសង្ស័យថា ជនរងគ្រោះអាចជិះម៉ូតូបុកគូទរថយន្តខណៈមេឃកំពុងភ្លៀងខ្លាំង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីល្ងាច ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវលីយ៉ុងផាត់ ម្តុំអតីតបញ្ជរបង់ចាស់ចំណុចភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ម៉ូតូជនរងគ្រោះម៉ាកហុងដា ពណ៌ខ្មៅ ស៊េរី០១៦ ពាក់ស្លាកលេខភ្នំពេញ1DL-0039។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមេឃកំពុងភ្លៀងខ្លាំង ពេលរាំងភ្លៀងស្រាប់តែឃើញជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាមនៅតាមផ្លូវទិសដៅពីកើតទៅលិចតាមបណ្តោយផ្លូវលីយ៉ុងផាត់ ដែលគេសង្ស័យថា ជនរងគ្រោះអាចជិះម៉ូតូបុកគូទឡានដួលស្លាប់ហើយឡានទៅបាត់តែម្តង ព្រោះគេឃើញមានដែកអក្សរវេប្រហែលកន្លះម៉ែត្រនៅពីក្រោមម៉ូតូ ហើយម៉ូតូបែកក្បាំងម្ខាងចំណែកជនរងគ្រោះដួលបោកក្បាល។
ជនរងគ្រោះត្រូវបានគេស្គាល់តាមរយៈអត្តសញ្ញាណប័ណ្ណ ឈ្មោះសាំង សាធ ភេទប្រុសអាយុ៦៩ឆ្នាំ រស់នៅផ្ទះលេខ១៥១ ភូមិបឹង សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ។
ក្រោយពេលកើតហេតុជនរងគ្រោះ និងម៉ូតូត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯគេហដ្ឋាន៕
Source: Kampuchea Thmey Daily
0 Comments