ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានព្រមានតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីចំនួន៦០ ដែលផ្សព្វផ្សាយផលិតផល បោកប្រាស់ បំផ្លើសការពិតពិសេសផ្សព្វផ្សាយផលិតផលគ្រឿងសម្អាង «Firmax 3 Cream» ដោយសារផលិតផលនេះ មិនមានចុះបញ្ជិកានៅក្រសួងសុខាភិបាល។
ក្រសួងបានណែនាំដល់ម្ចាស់គណនីហ្វេប៊ុកទាំងនោះ ត្រូវបញ្ឈប់សកម្មភាពចែកចាយ និងនាំចូល ផលិតផលគ្រឿងសម្អាង «Firmax 3 Cream»ជាបន្ទាន់ដោយសារតែគណនីទាំងនោះ បាននាំចូលផលិតផល ក្លែងបន្លំ ដែលគ្មានការអនុញ្ញាតនាំចូលពីក្រុមហ៊ុនត្រឹមត្រូវនោះឡើយ។
យោងតាមតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ដែលបានចេញផ្សាយកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨បានឲ្យដឹងថា គណនីចំនួន៦០ កំពុងតែផ្សព្វផ្សាយ ផលិតផលគ្រឿងសម្អាង «Firmax 3 Cream»ផលិតនៅប្រទេសម៉ាឡេស៊ី ដែលពុំមែនជាការនាំចូលពី ក្រុមហ៊ុន អអេហ្វ៣ វើល(ខេមបូឌា) ឯ.ក ពិតប្រាកដឡើយ។
ក្រសួងសុខាភិបាល បានបញ្ជាក់ទៀតថា ផលិតផលទាំងនោះ គ្មានគុណភាពបង្ការ និងព្យាបាលដូចដែលបានចេញផ្សាយឡើយ។
ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព ដល់ពលរដ្ឋ ក្រសួងប្រាប់ឱ្យគណនីទាំងនោះ បញ្ឈប់សកម្មភាពចែកចាយ ផ្សព្វផ្សាយអួតអាង ភូតកុហក បោកប្រាស់ ទៅកាន់ពលរដ្ឋ ដែលនាំឱ្យប៉ះពាល់សុខភាព និងអាយុជីវិត នោះជាបន្ទាន់។
ក្នុងករណីប្រសិនបើឃើញមានគណនីទាំងនោះនៅតែបន្តការផ្សព្វផ្សាយផលិតផល «Firmax 3 Cream» នេះទៀតនោះ ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណ ឌីន អគ្គនាយកបច្ចេកទេសសុខាភិបាល និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានមានប្រសាសន៍ថា ការដែលក្រសួងសុខាភិបាលណែនាំមិនឲ្យប្រជាពលរដ្ឋប្រើប្រាស់ផលិតផលគ្រឿងសំអាងដាក់លក់នៅតាមអនឡាញនេះ ដោយសារតែផលិតផលទាំងនោះភាគច្រើនអាចបង្កផលប៉ះពាល់ដល់សុខភាពនិងអាចឈានទៅដល់គ្រោះថ្នាក់ដល់អាយុជីវិតអ្នកប្រើប្រាស់ទៀតផង។
លោកស្រីវេជ្ជបណ្ឌិតបានបន្តថាផលិតផលគ្រឿងសំអាងដាក់លក់នៅតាមអនឡាញភាគច្រើនមិនមានការត្រួតពិនិត្យឲ្យបានត្រឹមត្រូវនិងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាលឡើយដែលធ្វើឲ្យអ្នកប្រើប្រាស់ត្រូវប្រឈមនឹងបញ្ហាសុខភាពដូចជាអាឡាកស៊ីស្បែក ចេញរមាស់ ហើម ខូចភ្នែក មហារីកស្បែកព្រោះថានៅពេលលាបលើស្បែកបានជ្រាបចូលទៅពេញសរីរាង្គតែម្តងបើកុមារជ្រាបលឿនជាងមនុស្សចាស់ទៅទៀតហើយអាចប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិតថែមទៀត។
លោកស្រីវេជ្ជបណ្ឌិតបានបន្ថែមថា បច្ចុប្បន្ននេះមានប្រជាពលរដ្ឋមួយចំនួនចង់ឲ្យរូបរាងកាយស្រស់ស្អាតនិងទាក់ទាញចំណាប់អារម្មណ៍ពីអ្នកនៅជុំវិញខ្លួនបានប្រើប្រាស់ផលិតផលថែរក្សាសម្ផស្សឬកែសម្ផស្សហើយមានប្រជាពលរដ្ឋខ្លះបានទិញផលិតផលដែលមិនមានគុណភាពពិសេសផលិតផលដែលផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញមួយចំនួនយកមកប្រើធ្វើឲ្យប៉ះពាល់ដល់សុខភាព។
លោកស្រីអ្នកនាំពាក្យរូបនោះបានណែនាំថាមុននឹងទិញមកប្រើប្រាស់ប្រជាពលរដ្ឋត្រូវមើលនិងពិនិត្យឲ្យបានច្បាស់លាស់នូវលេខបញ្ជិកាដែលចុះដោយក្រសួងសុខាភិបាល ដែលបិទនៅលើប្រអប់និងពិនិត្យមើលថ្ងៃខែប្រើប្រាស់ឲ្យបានច្បាស់លាស់បើហួសការកំណត់ហើយមិនត្រូវទិញទេ។ជាងនេះទៀតត្រូវមកពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញផ្នែកសើរស្បែកជាមុនសិនមុននឹងទិញផលិតផលណាមួយយកទៅប្រើប្រាស់។
លោកស្រីវេជ្ជបណ្ឌិតបានឲ្យដឹងទៀតថាក្រៅពីមើលប្រអប់ហើយត្រូវមើលថ្នាំនៅក្នុងប្រអប់ទៀតព្រោះថាមានក្រុមហ៊ុនមួយចំនួនតូចបានបិទលតបត្រទទួលស្គាល់ពីក្រសួងសុខាភិបាលតែបន្លំដាក់ផលិតផលហួសការប្រើប្រាស់ឬក្លែងក្លាយក្នុងប្រអប់ ។
តែយ៉ាងណាក៏ដោយលោកស្រីវេជ្ជបណ្ឌិតក៏បានណែនាំឲ្យដល់ប្រជាពលរដ្ឋគួរតែប្រើប្រាស់ផលិតផលតាមបែបធម្មជាតិវិញព្រោះថានៅលើពិភពលោកបានងាកមកប្រើប្រាស់ការកែសម្ផស្សតាមបែបធម្មជាតិដូចជាប្រើត្រសក់ ល្ហុង ក្រូចសើចកក់សក់ធ្វើឲ្យទន់សក់ល្អនិងចិញ្ចឹមសក់បានល្អ៕
Source: Kampuchea Thmey Daily
0 Comments