ព្រឹត្តិការណ៍ប្រកួតប្រដាល់ជម្រុះដណ្តើមប្រាក់១០លានរៀល របស់ ក្រុមហ៊ុនស្រាបៀរGanz berg ក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ បានឈានដល់សប្តាហ៍ទី៣ ហើយ នៅយប់ថ្ងៃសៅរ៍ទី១៨ ខែសីហា ឆ្នាំ២០១៨ នេះ។
សម្រាប់ការប្រកួតជម្រុះសប្តាហ៍ទី៣នេះ ជាការប្រកួតជុំទី២ ដែលមាន២គូ រវាងហុងជីវ៉ុងអ្នកប្រដាល់ក្លិបមិត្តប៉ូលីស និង អ៊ុំ វណ្ណេត អ្នកប្រដាល់ក្លិបការិយាល័យទី៥កងទ័ពជើងគោក ហើយមួយគូទៀត ជាការជួបគ្នារវាងមុត ខ្លឹមខ្មៅ អ្នកប្រដាល់ក្លិបមកុដរាជសីហ៍ និង ង៉ែត្រ រដ្ឋា អ្នកប្រដាល់ក្លិបតាព្រហ្មមានជ័យ ។
រវាង ហុងជីវ៉ុងនិង អ៊ុំ វណ្ណេត ធ្លាប់ប៉ះគ្នាម្តងហើយកន្លងមក ដោយវាយ ជីវ៉ុង វាយចាញ់វណ្ណេត ក្នុងទឹកទី៣ ។ ពួកគេទាំងពីរ សុទ្ធតែមានសមត្ថភាពបច្ចេកទេសខ្ពស់ដូចគ្នា ដែលមិនមាននរណាហ៊ានមើលស្រាលគ្នានោះទេក្នុងការជួបគ្នាលើកនេះ ។
កាលពីប្រកួតជុំទី១ ហុង ជីវ៉ុង ចាញ់ង៉ែត្រ រដ្ឋា ដោយពិន្ទុ បាន១ពិន្ទុ ឯ អ៊ុំ វណ្ណេត វាយចាញ់មុត ខ្លឹមខ្មៅ ដោយពិន្ទុ បាន១ពិន្ទុដែរ ។ ចំពោះ មុត ខ្លឹមខ្មៅនិងង៉ែត្រ រដ្ឋា ពួកគេសុទ្ធតែបាន៣ពិន្ទុដូចគ្នាកាលពីប្រកួតជុំទី១នោះ ។
ចាំមើល តើក្នុងការប្រកួតជុំទី២នេះ រវាងហុង ជីវ៉ុង និង អ៊ុំវណ្ណេត ហើយមុតខ្លឹមខ្មៅនិងង៉ែត្រ រដ្ឋា ជួបគ្នាលើកនេះ តើអ្នកណារកបាន៣ពិន្ទុបន្ថែមនោះ? ។
ព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរ ដណ្ដើមប្រាក់១០លានរៀលរបស់ក្រុម ហ៊ុនស្រាបៀរGanz berg ក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម នេះ មានអ្នកប្រដាល់ជើងចាស់ចំនួន០៨នាក់ មកពីសមាគមក្លិបចំនួន៨ បានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ។ អ្នកប្រដាល់ទាំង០៨រូបនោះ ត្រូវបែងចែកជាពីរពូល មួយពូលមាន៤រូប ដែលក្នុងពូល A មានកីឡាករ ហុង ជីវ៉ុង ក្លិបមិត្តប៉ូលីស, មុត ខ្លឹមខ្មៅក្លិបមកុដរាជសីហ៍ , មាស សុជាតិ ក្លិបឃ្លាំងមឿងកីឡា និង ហ៊ឹម សារ៉ាន់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ។ ចំណែកពូល B មាន ង៉ែត រដ្ឋា ក្លិបតាព្រហ្មមានជ័យ, អ៊ុំ វណ្ណេត ក្លិបការិយាល័យទី៥កងទ័ពជើងគោក , សេក គឹមរួនក្លិបអង្គរមានជ័យខេត្តសៀមរាប និងកីឡាករ ហួន សុខនីម ក្លិបមហិទ្ធរិទ្ធតាដំបងដែក ។
ចំពោះរូបមន្តនៃការប្រកួត គឺធ្វើតាមរូបមន្តវិលជុំសន្សំពិន្ទុក្នុងពូល ដោយអ្នកទាំង ៨ ត្រូវជួបគ្នាទាំងអស់ ។ការប្រកួតជម្រុះទម្លាក់ចោល ៦ នាក់ចេញទុក ១ នាក់ដែលមានពិន្ទុលើសគេក្នុងពូលនីមួយៗ ពោលគឺយកលេខ១ពូលA និងលេខ១ពូលB ដើម្បីឡើងទៅប្រកួតផ្តាច់ព្រ័ត្រដណ្តើមយកប្រាក់១០លានរៀលតែម្តង៕
Source: Kampuchea Thmey Daily
0 Comments