ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា នឹងចាប់ផ្តើមពិភាក្សាអំពីការដំឡើងប្រាក់ឈ្នួល សម្រាប់កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ឆ្នាំ២០១៩ចាប់ពីខែសីហា ឆ្នាំ២០១៨ នេះតទៅ និងខែកញ្ញា ឆ្នាំ២០១៨ ជាការចាប់ផ្តើមពិភាក្សាប្រាក់ឈ្នួលអប្បបរមា ជាលក្ខណៈត្រីភាគី។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈចេញផ្សាយកាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨បានឲ្យដឹងថា គិតចាប់ពីខែសីហានេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយភាគីពាក់ព័ន្ធ បានចាប់ផ្តើមពិភាក្សាការងារផ្ទៃក្នុងរៀងៗខ្លួន ដើម្បីត្រៀមចរចាអំពីការដំឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករ និយោជិត ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតផលស្បែកជើងកម្ពុជា សម្រាប់ឆ្នាំ២០១៩។
សេចក្តីជូនដំណឹងដដែលបានឲ្យដឹងទៀតថា កាលវិភាគនៃការចរចាប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតផលស្បែកជើង សម្រាប់ឆ្នាំ២០១៩ នឹងធ្វើឡើងទៅតាមពេលវេលា និងលក្ខណវិនិច្ឆ័យដូចខាងក្រោមគឺខែសីហា ឆ្នាំ២០១៨ ជាការចាប់ផ្តើមពិភាក្សាប្រាក់ឈ្នួលអប្បបរមា លក្ខណៈផ្ទៃក្នុងរបស់ភាគីនីមួយៗ និងជាលក្ខណៈទ្វេភាគីនិងខែកញ្ញា ឆ្នាំ២០១៨ ជាការចាប់ផ្តើមពិភាក្សាប្រាក់ឈ្នួលអប្បបរមា លក្ខណៈត្រីភាគី។
យោងតាមសេចក្តីជួនដំណឹងខាងលើការពិភាក្សាអំពីការដំឡើងប្រាក់ឈ្នួល សម្រាប់កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ឆ្នាំ២០១៩នេះគ្រប់ភាគីទាំងអស់ត្រូវប្រើលក្ខណៈវិនិច្ឆ័យបែបសង្គម (ស្ថានភាពគ្រួសារ អត្រាអតិផរណា និងការចំណាយក្នុងការរស់នៅ) និងលក្ខណវិនិច្ឆ័យបែបសេដ្ឋកិច្ច (ផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ) ក៏ដូចជាបន្ទាត់ភាពក្រីក្រ សម្រាប់ធ្វើជាមូលដ្ឋានក្នុងការពិភាក្សាប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា។
ពិសេសគ្រប់ភាគីទាំងអស់ សូមផ្តោតលើទិន្នន័យ និងការស្រាវជ្រាវបែបវិទ្យាសាស្ត្រ ដោយយោងតាមលក្ខណវិនិច្ឆ័យទាំង៧ ដូចដែលបានកំណត់ក្នុងមាត្រា៥ នៃច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ដើម្បីធ្វើជាមូលដ្ឋានក្នុងការសម្របសម្រួលផ្ទៃក្នុង និងប្រកាន់គោលជំហររួមមួយ។
គួរបញ្ជាក់ថា ប្រាក់ឈ្នួលអប្បបរមាកម្មករ និយោជិត ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនៅកម្ពុជាបានចាប់ផ្តើមដំឡើងកាន់តែខ្ពស់ជាបន្តបន្ទាប់រៀងរាល់ឆ្នាំ ហើយកាលពីឆ្នាំ២០១៨ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករបានកើនដល់ចំនួន១៧០ដុល្លារអាមេរិកក្នុង១ខែ តែបើបូកជាមួយនឹងអត្ថប្រយោជន៍ផ្សេងៗទៀតកម្មករអាចទទួលបានប្រមាណជិត២០០ដុល្លា ឬ លើសជាងនេះ៕
Source: Kampuchea Thmey Daily
0 Comments