Ad Code

តំណាង TripAdvisor ថា​អង្គរវត្ត​ពិតជា​ស័ក្ដិសម​ចំពោះ​ពានរង្វាន់​សំណង់​ប្រវត្តិសាស្ដ្រ​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ឆ្នាំ​២០១៨



សៀមរាប ​៖ ​នៅមុខ​ប្រាសាទអង្គរវត្ត​នៅ​រសៀល​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១៨ ក្រសួងទេសចរណ៍ សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា និង​រដ្ឋបាល​ខេត្តសៀមរាប បាន​រៀប​ចំ​ពិធី​ប្រគល់ និង​ទទួល​ពានរង្វាន់​ពី​តំណាង​ទីភ្នាក់ងារ​ប្រឹក្សា​យោបល់​លើ​ការ​ធ្វើ​ដំណើរ (TripAdvisor) ដែល​ប្រាសាទអង្គរវត្ត​ជាប់​លេខ​១ ជា​សំណង់​ប្រវត្តិសាស្ដ្រ​ដ៏​អស្ចារ្យ​បំផុត​ក្នុងចំណោម​សំណង់​ប្រ​វ​ត្ដិ​សាស្ដ្រ​ល្បីៗ​លើ​ពិភពលោក​សម្រាប់​ឆ្នាំ​២០១៨​។ តំណាង TripAdvisor បាន​លើកឡើង​ថា ប្រាសាទអង្គរវត្ត​ពិតជា​មានតម្លៃ​ដ៏​មហាសាល និង​មាន​ភាព​អស្ចារ្យ​បំផុត ដែល​ស័ក្ដិសម​នឹង​ទទួលបាន​ពានរង្វាន់​នេះ​។



ក្នុង​ពិធី​ប្រគល់ និង​ទទួល​ពានរង្វាន់​នៅ​បរិវេណ​មុខ​ប្រាសាទអង្គរវត្ត តំណាង TripAdvisor លោកស្រី សា​រ៉ា ម៉ា​ធ្យ​ស៍ បាន​លើកឡើង​ថា ការ​ផ្តល់​ចំណាត់ថ្នាក់​លេខ​១​ដល់​ប្រាសាទអង្គរវត្ត​របស់​កម្ពុជា ជា​សំណង់​ប្រវត្តិសាស្ដ្រ​ដ៏​អស្ចារ្យ​បំផុត​សម្រាប់​ឆ្នាំ​២០១៨​នេះ ធ្វើឡើង​តាមរយៈ​ការ​ស្រង់​មតិ​រយៈពេល​១២​ខែ លើ​ចំណាប់អារម្មណ៍ និង​ទស្សនៈ​របស់​អ្នកទេសចរ​រាប់​លាន​នាក់​ជុំវិញ​ពិភពលោក​កាលពី​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៨​។ លោកស្រី​បន្ថែម​ថា ចំណុច​ពិសេស​ដែល​លោកស្រី​ចាប់អារម្មណ៍​លើ​ប្រាសាទអង្គរវត្ត​នោះ គឺ​សំណង់​ស្ថាបត្យកម្ម ទិដ្ឋភាព​ថ្ងៃ​រះ និង​ថ្ងៃ​លិច ដែល​មាន​ពណ៌​មាស​ជិះ​រស្មី​ភ្លឺ​ចែងចាំង​ប៉ះ​សំណង់​ប្រាសាទ ដែល​ធ្វើ​ឲ្យ​អង្គរ​វត្តមាន​ភាព​អស្ចារ្យ​ក្នុង​អារម្មណ៍​ភ្ញៀវទេសចរ​គ្រប់រូប​។



លោក សុខ សង្វារ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា ទទួលបន្ទុក​នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍​អង្គរ បាន​បង្ហាញ​សុទិដ្ឋិនិយម​តាមរយៈ​ការទទួលបាន​ពានរង្វាន់​នេះ ដែល​នឹង​ធ្វើ​ឲ្យ​ទេសចរ​កាន់​តែ​ច្រើន​ទៀត ចង់​ស្គាល់ និង​ធ្វើដំណើរ​មក​ទស្សនា​ប្រាសាទអង្គរវត្ត​។ ជា​មួយ​គ្នា​នេះ លោក​ក៏បាន​រម្លឹក​ពី​ការងារ និង​ការ​ខិតខំ​ប្រឹងប្រែង​ជាច្រើន​របស់​អាជ្ញាធរ​ជាតិ​អប្សរា លើ​ការងារ​អភិរក្ស និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ​តាំងពី​ពេល​បង្កើត​ស្ថាប័ន​អាជ្ញាធរ​ជាតិ​អប្សរា រហូតមកដល់​ទល់នឹង​បច្ចុប្បន្ន​។



លោក ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍​មានប្រសាសន៍ថា ការ​រីកចម្រើន​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា ពិតជា​មិនអាច​កាត់​ផ្តាច់​ចេញពី​ការ​បង្កើន​ភាព​ទាក់ទាញ​របស់​កម្ពុជា ជា​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ​ប្រកបដោយ​គុណភាព ទាំង​កម្រិត​តំបន់ និង​ពិភពលោក ព្រម​ជា​មួយ​ការដឹកនាំ​ប្រកបដោយ​ភាព​វៃឆ្លាត​។ លោក​បន្ថែម​ថា ក្រសួងទេសចរណ៍​បេ្ដ​ជ្ញា​ចិត្ត​បន្ត​ដឹកនាំ​វិស័យ​ទេសចរណ៍​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន ប្រកបដោយ​និរន្តរភាព និង​ការទទួលខុសត្រូវ​ខ្ពស់ ហើយ​អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ ចូលរួម​ដើម្បី​ជំរុញ​ការ​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​កម្ពុជា ឲ្យ​កាន់តែ​ខ្លាំងក្លា​បន្ថែមទៀត​៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu