សៀមរាប ៖ ផ្លូវអង្គរឃ្យុងយូឬផ្លូវ៦០ម៉ែត្រ បានស្ថាបនាឡើងកាលពីឆ្នាំ២០០២ ក្រោមជំនួយឧបត្ថម្ភរបស់ទីភ្នាក់ងារបារាំង (ADF) ហើយនៅឆ្នាំ២០០៦ អាជ្ញាធរជាតិអប្សរា ក៏បានចំណាយថវិកាមួយចំនួនដើម្បីធ្វើផ្លូវក្រួសក្រហមសងខាងផ្លូវ និងបន្តសង់ផ្លូវមកខាងកើតហួសរង្វង់មូលចំនួន៤គីឡូម៉ែត្របន្ថែមទៀត ដើម្បីអបអរសាទរព្រឹត្តិការណ៍វប្បធម៌អង្គរឃ្យុងយូ ដែលជាកិច្ចសហប្រតិបត្តិការរវាងតំបន់បេតិកភណ្ឌចំនួន២ គឺអង្គរនិងឃ្យុងយូ។ ក្រោយមកនៅឆ្នាំ២០១០ អាជ្ញាធរជាតិអប្សរាក៏បានស្ថាបនាផ្លូវ៦០ម៉ែត្រចំនួន៩.៦៧៩ម៉ែត្រ ចាប់ពីផ្លូវបំបែកត្រាំនាគ រហូតដល់បុរីរដ្ឋបាលខេត្តសៀមរាប បច្ចុប្បន្នជាទីស្នាក់ការអាជ្ញាធរជាតិអប្សរា។
បើគិតមកដល់ពេលនេះ រយៈពេល១៦ឆ្នាំហើយដែលផ្លូវ៦០ម៉ែត្របានបម្រើផលប្រយោជន៍ដល់ប្រជាជននិងទេសចរទាំងឆ្លងកាត់និងដឹកជញ្ជូនទំនិញ។ ១៦ឆ្នាំនេះ ក៏បានធ្វើឲ្យផ្លូវខូចទ្រង់ទ្រាយ ទ្រុឌទ្រោមដោយជៀសមិនផុត តែអាជ្ញាធរជាតិអប្សរាក៏តែងយកចិត្តទុកដាក់ជួសជុល ថែទាំជាប្រចាំផងដែរ។
លោក ហេង គឹមឡេង ប្រធាននាយកដ្ឋានទ្រទ្រង់បច្ចេកទេសនិងអន្តរវិស័យនៃអាជ្ញាធរជាតិអប្សរា ក៏បានឲ្យដឹងថា សម្រាប់ឆ្នាំ២០១៨ អាជ្ញាធរជាតិអប្សរាគ្រោងនឹងស្ថាបនានិងពង្រីកកំណាត់ផ្លូវនេះឲ្យរួចរាល់ទាំងស្រុងចំនួន៨៦០ម៉ែត្រ ពីស្ពាននាគ រហូតដល់រង្វង់មូល ដោយចាប់ដំណើរការនៅខែសីហានេះហើយ។
លោក គឹមឡេង បន្តថា ក្រុមការងារនឹងពង្រីកទំហំទទឹងផ្លូវរហូតដល់១០ម៉ែត្រ (ផ្លូវចាស់៨ម៉ែត្រ) ដោយអ៊ុតកៅស៊ូ ហើយគូសគំនូសបែងចែកផ្លូវសងខាងចំនួន១.៥០ម៉ែត្រ សម្រាប់ម៉ូតូកង់ និង៧ម៉ែត្រសម្រាប់រថយន្តទៅមក។ ផ្លូវនេះជាច្រកធ្វើដំណើរយ៉ាងសំខាន់ក្នុងការចេញចូលក្រុងសៀមរាប សារមន្ទីរ ផ្សាររាត្រី កន្លែងលក់សំបុត្រទស្សនាអង្គរ និងតំបន់ទេសចរណ៍ផងដែរ ហើយអាជ្ញាធរជាតិអប្សរាក៏សូមអភ័យទោសដល់សាធារណជន ដែលមានការយឺតយ៉ាវក្នុងការជួសជុលផ្លូវនេះឲ្យបានល្អប្រសើរទាន់ពេលវេលា។
សូមបញ្ជាក់ដែរថា គម្រោងជួសជុលផ្លូវក្នុងឧទ្យានអង្គរនាឆ្នាំ២០១៨ ក្រៅពីផ្លូវ៦០ម៉ែត្រ ក៏មានការជួសជុលផ្លូវមិត្តភាពកម្ពុជាកូរ៉េពីស្វាយធំមកផ្សារព្រះដាក់ចំនួន៧៥០ម៉ែត្រ និងផ្លូវពីព្រលានយន្តហោះដល់មុខប្រាសាទអង្គរវត្តផងដែរ។ ចំពោះគម្រោងឆ្នាំ២០១៩ នឹងបញ្ចប់ការជួសជុលផ្លូវនៅវង់ធំទាំងអស់។ លើសពីនោះ ចាប់ពីឆ្នាំ២០២០ទៅ អាជ្ញាធរជាតិអប្សរានឹងបង្វែរការជួសជុលកែលម្អផ្លូវមួយចំនួននៅក្នុងសហគមន៍តំបន់អង្គរថែមទៀត។ បើគិតមកដល់ពេលនេះ ផ្លូវក្នុងឧទ្យានអង្គរ ជួសជុលនិងសាងសង់បានចំនួន២០០គីឡូម៉ែត្រហើយ ទាំងក្រាលកៅស៊ូ ក្រាលគ្រួសក្រហម និងផ្លូវលំ ក្រោមថវិកាជាតិនិងជំនួយបរទេស៕
Source: Kampuchea Thmey Daily
0 Comments