Ad Code

មនុស្ស​ក្មេង ចាស់​៩​នាក់ បាន​បាត់​បង់ជីវិត មនុស្ស​ជិត​ពីរ​ពាន់​នាក់​និង​សត្វពាហនៈ​ជិត​ពីរពាន់​ក្បាល ត្រូវ​បាន​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព​ពាក់ព័ន្ធ​នឹង​គ្រោះ​ទឹកជំនន់



កំពង់ចាម ​៖ គិត​ត្រឹម​ថ្ងៃទី​១០​សីហា មាន​មនុស្ស​ក្មេង ចាស់​៩​នាក់ បាន​បាត់​បង់ជីវិត មនុស្ស​ជិត​ពីរពាន់​នាក់​ និង ​សត្វពាហនៈ​ជិត​ពីរពាន់​ក្បាល ត្រូវបាន​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព​ពាក់ព័ន្ធ​នឹង​គ្រោះទឹកជំនន់​នៅក្នុង​ខេត្តកំពង់ចាម ហើយ​ដើម្បី​បង្ការ​និង​ទប់ស្កាត់​នូវ​បញ្ហា​ដែល​បាន​កើត​មាន លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម​ តែង​បាន​ចុះ​ផ្ទាល់​ដល់​មូលដ្ឋាន​ដែល​ទទួលរង​ការ​លិចលង់​ និង ​បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ យកចិត្តទុកដាក់​ខ្ពស់​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ផងដែរ​។



ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃទី​១០ ​ខែសីហា​ ឆ្នាំ​២០១៨ លោក គួច ចំរើន បាន​ធ្វើ​ដំណើរ​តាម​ទូក​តូចៗ ចែក​អំណោយ​ដល់​គ្រួសារ​ ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​ចំនួន​៨៩​គ្រួសារ ដែល​រស់នៅ​ភូមិ​រដ្ឋ​មុនី ឃុំ​មហាលាភ ស្រុក​កោះសូទិន ខេត្តកំពង់ចាម​។



ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ លោក គួច ចំរើន បាន​ធ្វើ​ការ​អំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​គ្រោះធម្មជាតិ ដោយសារ​ទឹកជំនន់​ពោល​គឺ ត្រូវការពារ​កូនៗ​កុំ​ឲ្យ​លេង​ទឹក ត្រូវ​ពិសា​ទឹក​ដែល​ដាំ​ពុះ ពិសេស​ត្រូវ​សម្អាត​ទីទួល​ដែរ​បានរស់នៅ​បាន​ឲ្យ​ស្អាត ដើម្បី​កាត់បន្ថយ​នឹង​ទប់ស្កាត់​ការឆ្លង​នូវ​ជំងឺ​ផ្សេងៗ ហើយ​ពេល​ទឹកជំនន់​នៅតែ​បន្ដ​កើនឡើង​ទៀត​នោះ ក៏មាន​នូវ​សត្វ​អាសិរពិស ច្រើន​ផងដែរ ដូច្នេះ​ត្រូវ​ប្រុងប្រយ័ត្ន​ជានិច្ច បើ​មាន​ពស់​ចឹ​ង​ ឬ​ខាំ​ ត្រូវ​ទៅកាន់​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព ដែល​នៅ​ជិត​ផ្ទះ​បំផុស​បងប្អូន​ជាបន្ទាន់​ដើម្បី​ព្យាបាល​ឲ្យ​ទាន់ពេលវេលា​។



តាម​របាយការណ៍​រប​ស់​មន្ត្រី​គ្រោះមហន្តរាយ​នៃ​ខេត្តកំពង់ចាម បាន​បញ្ជាក់​ឲ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃទី​១០​សីហា មាន​មនុស្ស​ក្មេង​ចាស់​៩​នាក់​ហើយ នៅក្នុង​ខេត្តកំពង់ចាម បាន​បាត់​បង់ជីវិត មក​ទល់​ពេល​នេះ ដោយសារ​លង់ទឹក ក្នុង​កំឡុង​ពេល​ទឹកជំនន់​នេះ ដែល​ការ​ស្លាប់​មនុស្ស​នេះ មាននៅ​ក្នុងស្រុក​កំពង់សៀម ស្ទឹងត្រង់ បាធាយ ព្រៃឈរ កងមាស និង​ក្រុង​កំពង់ចាម​។​



របាយការណ៍​នោះ បាន​បញ្ជាក់​ថា មក​ទល់​ពេល​នេះ មនុស្ស​ជិត​ពីរ​ពាន់​នាក់ និង​សត្វពាហនៈ ជិត ពីរ​ពាន់​ក្បាល​ផងដែរ ត្រូវ​បាន​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព ចំនួន​១២​កន្លែង ខណៈ​ដែល​ទឹកជំនន់ កំពុង​យាយី​ស្រុក​ចំនួន​៩ ក្នុងចំណោម​ស្រុក​ក្រុង​ចំនួន​១០​របស់​ខេត្ត ធ្វើ​ឲ្យ​ប៉ះពាល់​ពលរដ្ឋ​ជាង​២​ម៉ឺន​២ពាន់​គ្រួសារ ដំណាំ​កសិកម្ម ជាង​៥​ពាន់​ហិកតា វត្ត​អារាម សាលារៀន មណ្ឌល​សុខភាព ផ្លូវ ស្ពាន និង​បង្ក ការបាក់​ច្រាំងទន្លេ​ផងដែរ​៕

    



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu