បន្ទាយមានជ័យ ៖ ថ្ងៃទី៩ និងថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨នេះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងចំនួន១០៥នាក់ ចែកជា៣ក្រុមគោលដៅ ចុះជួយច្រូតស្រូវប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ ចំនួន ៤គ្រួសារ នៅភូមិព្រែកសំរោង ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា យោងតាមបទបញ្ជារបស់លោកសួនបវរអភិបាលខេត្តបន្ទាយមានជ័យលោកបានបញ្ជារឲ្យកម្លាំងកងរាជអាវុធហត្ថ កងពល លេខ៥១ និង នគរបាលយ៉ាងតិចជាង១.០០០នាក់ ចុះជួយច្រូតស្រូវរបស់កសិករដែលរងគ្រោះធ្ងន់ធ្ងរដោយជំនន់ទឹកភ្លៀងជាថ្មី។ រីឯកសិករម្ចាស់ស្រែដែលរងគ្រោះដោយទឹកជំនន់នៅភូមិកាមល់ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងដែរថា នៅថ្ងៃនេះ គាត់បានឃើញកងរាជអាវុធហត្ថ កងទ័ពនគរបាលកងពលលេខ៥១យ៉ាងតិចក៏ជាង១.០០០នាក់ ព្រមទាំងអ្នករាជការជាច្រើននាក់រយនាក់បានចុះមកជួយច្រូតស្រូវទុំដែលលង់លិចដោយទឹកជំនន់ទៀតផង។
ក្នុងនោះផងដែរ ម្ចាស់ស្រែដែលរងផលប៉ះពាល់ដោយទឹកជំនន់ទាំងមានសេចក្តីត្រេកអរ និងសប្បាយចិត្តជាខ្លាំង បានថ្លែងអំណរគុណដល់លោកឧត្តមសេនីយ៍ត្រីបោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ព្រមទាំងកងកម្លាំងទាំងអស់ដែលបានចុះជួយច្រូតស្រូវរបស់ពួកគាត់បានទាន់ពេល និងជាពិសេសពួកគាត់បានថ្លែងអំណរអរគុណដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខដឹកនាំរាជរដ្ឋាភិបាល ប្រកបដោយគតិបណ្ឌិត តែងតែយកចិត្តទុកដាក់ និងបានចាត់តាំងមន្ត្រីក្រោមឱវាទ ចុះជួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ និងគ្រោះថ្នាក់ផ្សេងៗជាប្រចាំទៀតផង៕
Source: Kampuchea Thmey Daily
0 Comments