ភ្នំពេញ ៖ ប្រតិបត្តិការចាប់បង្ក្រាបគ្រឿងញៀន របស់នគរបាលខណ្ឌដូនពេញបានធ្វើព្យុះធ្វើភ្លៀង ដោយឃាត់ខ្លួនជនសង្ស័យជួញដូរទាំងនោះជាបន្តបន្ទាប់ព្រមទាំងដកហូតថ្នាំញៀនជាហូរហែមកហើយ បើទោះបីបង្ក្រាបបានតិច ឬ ច្រើនក្តីធ្វើយ៉ាងចាប់ប្រមូលដើម្បីកាត់បន្ថយនៅក្នុងមូលដ្ឋាន។
ជាក់ស្តែងនៅថ្ងៃព្រហស្បតិ៍ ១៣រោចខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨វេលាម៉ោង០០និង៣០នាទី កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងសហប៉ុស្តិ៍ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចផ្លូវរថភ្លើង ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យត្រូវឃាត់ខ្លួនរូបនោះឈ្មោះ ម៉ឹង វិបុល ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនឹងទីលំនៅមិនពិតប្រាកដ។ ចំណែកវត្ថុតាងត្រូវចាប់យករួមមានក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០៨កញ្ចប់ (មួយកញ្ចប់ធំនឹងប្រាំពីរកញ្ចប់តូច)កាបូបស្ពាយពណ៌ខ្មៅចំនួន០១កាបូបដៃពណ៌សូកូឡា០១ កាបូបក្រណាត់ពណ៌ទឹកសមុទ្រ០១ ទូរស័ព្ទដៃ០១គ្រឿង ម៉ាកសាំស៊ុង ពណ៌សលុយខ្មែរ៤៥០០រៀល។
សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យរូបនោះគឺកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំង សហប៉ុស្តិ៍នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានចេញល្បាតក្នុងនៅតំបន់ប្លុកបឹងកក់ពេលទៅដល់កន្លែងកើតហេតុនោះ បានឃើញជនសង្ស័យកំពុងដើរដោយមានការសង្ស័យក៏ឃាត់ឆែកឆេរ ឃើញមានលាក់ទុកថ្នាំញៀនរហូតដល់៨កញ្ចប់ក៏នាំខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕
Source: Kampuchea Thmey Daily
0 Comments