Ad Code

យុទ្ធនាការ​ប្រមូល​ស្នាម​មេដៃ ដើម្បី​សើរើ​ករណី​កោះត្រល់ បាន​ជាង​៣០០០​នាក់​ហើយ



ភ្នំពេញ ៖ សាលា​រាជធានី​ភ្នំពេញ បានសម្រេច​អនុញ្ញាត​ឲ្យ​គណបក្ស​ខ្មែរ​ក្រោក​ធ្វើ​យុទ្ធនា​ការប្រមូល​ស្នាម​មេដៃ នៅ​ទីស្នាក់ការ​របស់​ខ្លួន ដែល​ស្ថិត​នៅផ្ទះ​លេខ​១១ ផ្លូវ​លេខ​៣៥៣ សង្កាត់បឹងកក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ដើម្បី​សើរើ​ដែន​អធិបតេយ្យភាព​របស់​ជាតិ​លើ​ការ​ទាមទារ​កោះត្រល់ ប៉ុន្តែ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​នៅ​តាម​ទីសាធារណៈ​នោះទេ ជៀសវាង​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ​។



ការអនុញ្ញាត​នេះ បាន​ធ្វើឡើង​ដោយ​យោង​ទៅលើ​កិច្ចប្រជុំ កាលពី​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ២០១៨ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​។

​យោង​តាម​លិខិត​របស់លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ដែល​ជម្រាប​ទៅ​លោក សុខ សុវណ្ណ​វ​ឌ្ឍ​នាសា​ប៊ុង ប្រធាន​គណបក្ស​ខ្មែរ​ក្រោក កាលពី​ថ្ងៃទី​១៧ ខែសីហា ឆ្នាំ​២០១៨ បាន​ឲ្យ​ដឹងថា ចំពោះ​សំណើសុំ​ប្រមូល​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ក្នុង​ការដាក់​ញត្តិ​ប្តឹង​ទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ​សើរើ​ដែន​អធិបតេយ្យភាព​របស់​ជាតិ​លើ​ការ​ទាមទារ​កោះត្រល់ ចាប់ពី​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០១៨ នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ធ្វើ​ការណែនាំ​អនុវត្ត​ដូចតទៅ ទី​១. មិន​អនុញ្ញាត​ឲ្យ​ធ្វើ​សកម្មភាព​ប្រមូល​ស្នាម​មេដៃ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​ទីសាធារណៈ ទី​២. មិន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ឧបករណ៍​បំពង​សម្លេង​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​នៅតាម​ទីសាធារណៈ ទី​៣. ក្នុងករណី​មានការ​បង្ក​ភាព​ចលាចល ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​អសន្តិសុខ​ជាតិ បាត់បង់​សន្តិសុខ សណ្តាប់​ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ អាជ្ញា​ធរមាន​សិទ្ធិ​បញ្ឈប់​រាល់​សកម្មភាព​ទាំងនោះ​ភ្លាម។



លិខិត​លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា ដើម្បី​ជៀសវាង​ប៉ះពាល់​ដល់​សុវត្ថិភាព​សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ រដ្ឋបាល​រាជធានី​ភ្នំពេញ ស្នើ​សហការ​ឲ្យ​បាន​ល្អ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​តាម​ស្មារតី​អង្គប្រជុំ​កាលពី​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៨ នៅ​សាលា​រាជធានី​ភ្នំពេញ​។

ទាក់ទង​បញ្ហា​នេះ លោក សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី​កាលពី​រសៀល​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៨​ថា មកដល់​ថ្ងៃនេះ យុទ្ធនាការ​ប្រមូល​ស្នាម​មេដៃ ដើម្បី​សើរើ​កោះត្រល់​ទទួល​បាន​ជា​ង​៣០០០​នាក់​ហើយ ។ លោក​បញ្ជាក់​ថា “​គ្រាន់តែ​បើក​ភ្លាម​ក្រុមការងារ​យើង​រវល់​ណាស់ ស្ទើរ​តែ​រក​ពេល​សំរាក​គ្មាន ហើយ​យុទ្ធនា​ការ​ប្រមូល​ស្នាម​មេដៃ​ធ្វើ​តែ​នៅ​ទីស្នាក់ការ​ប៉ុណ្ណោះ ដោយ​យើង​ឯកភាព​ទៅតាម​កិច្ចប្រជុំ​ជាមួយ​សាលាក្រុង​។ ជាមួយគ្នា​នោះ​យើង​សង្ឃឹមថា នឹង​ទទួលបាន​ស្នាម​មេដៃ​គ្រប់​ចំនួន ពីព្រោះ​យុទ្ធនាការ​នេះ អត់​កំណត់​ពេលវេលា​ទេ យើង​ប្រមូល​រហូត​គ្រប់​៥​ម៉ឺន​នាក់​”។

ចំពោះ​ករណីនេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​ក្រសួងមហាផ្ទៃ ធ្លាប់​បាន​ព្រមាន​ចាត់វិធានការ ទៅតាម​ច្បាប់ លើ​យុទ្ធនា​ការប្រមូល​ស្នាម​មេដៃ របស់​គណបក្ស​ខ្មែរ​ក្រោក​នេះ​ផង​ដែរ ប្រសិនបើ​ធ្វើឡើង​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​។

គួរ​រំលឹក​ថា កាលពី​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៨ លោក សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង ប្រធាន​គណបក្ស​ខ្មែរ​ក្រោក បាន​ប្រកាស​ថា នឹង​បើក​យុទ្ធនាការ​មួយ​ឈ្មោះថា “​ស្នាម​មេដៃ​មួយ​ដើម្បី​កោះត្រល់​” ដែល​ចាប់ផ្ដើម​នៅ​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១៨ ហើយ​នៅ​ថ្ងៃទី​០២ ខែសីហា ឆ្នាំ​២០១៨ លោក សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង បានដាក់​លិខិត​មួយ​ទៅ​សម្តេច​ក្រឡាហោម ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដើម្បី​សុំ​ធ្វើ​សកម្មភាព​ប្រមូល​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ដាក់​ប្តឹងទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បី​មោឃភាព​សន្ធិសញ្ញា ឆ្នាំ​២០០៥​។



លោក សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង បញ្ជាក់​ថា បញ្ហា​កោះត្រល់​នេះ ជា​បញ្ហា​របស់​យើងទាំងអស់គ្នា​។ លោក​អះអាងថា កោះត្រល់​ដែល​មាន​ទំហំ​ប៉ុន​ប្រទេស​សឹង្ហ​បូរី គឺជា​ទ្រព្យសម្បត្តិ​ជាតិ និង​ជា​ទ្រព្យសម្បត្តិ​រួម មិន​គួរ​ឲ្យ​គេ​រំលោភ​ស្រួលៗ​នោះ​ឡើយ ដូច្នេះ​សូម​ចូលរួម​ទាំងអស់គ្នា ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ឡើយ​។

តាម​លោក សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង ”​ប្រសិនជា​កើតមក​មិនបាន​ពង្រីក​ទឹកដី​ទេ សូមមេត្តា​កុំ​អោបដៃ​ឈរ​មើល​ទឹកដី ដែល​បាត់បង់​ឲ្យ​សោះ កោះត្រល់​ធំ​ណាស់ ស្នាម​មេដៃ​មួយ​មិនមាន​អ្វី​គួរ​ឲ្យខ្លាច​ទាល់តែសោះ ព្រោះ​ដូនតា​យើង​លះបង់​សាច់​ស្រស់​ឈាម​ស្រស់​កសាង​ទឹកដី​នេះ​ឲ្យ​យើង​រស់នៅ ដោយ​ចម្បាំងរាំងជល់​លោក​មិនដែល​ខ្លាច​ផង​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu