សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានតែងតាំងកីឡាករ Keisuke Honda អតីតសមាជិកក្រុមជម្រើសជាតិជប៉ុន ឲ្យធ្វើជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា នៅព្រឹកថ្ងៃអាទិត្យ ទី១២ ខែសីហា ឆ្នាំ២០១៨ ថ្មីៗនេះ ដើម្បីត្រៀមដឹកនាំក្រុមក្នុងយុទ្ធនាការសំខាន់នៅចុងឆ្នាំ២០១៨ ខាងមុខជាពិសេសគឺប្រកួតក្នុងពានរង្វាន់បាល់ទាត់ជើងឯកប្រចាំតំបន់អាស៊ាន AFF Suzuki Cup 2018។
ក្រោយពេលទៅដល់ប្រទេសអូស្ត្រាលី ដើម្បីធ្វើសន្និសីទសារព័ត៌មានដោះដូរក្លិបពោលគឺចូលរួមជាមួយក្លិប Melbourne Victoty ក្នុងកិច្ចសន្យារយៈពេល១ឆ្នាំកាលពីពេលថ្មីៗ កីឡាករ Keisuke Honda ត្រូវបានអ្នកសារព័ត៌មាននៅទីនោះបានចោទសួរជុំវិញអាជីពរបស់គេចំនួន២ក្នុងពេលតែ១គឺធ្វើជាកីឡាករផងនិងជាអ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិកម្ពុជា ផង។
កីឡាករវ័យ៣២ឆ្នាំរូបនេះ បានលើកឡើងថា «ខ្ញុំមិនអាចរង់ចាំនោះទេ ក្នុងការបង្ហាញខ្លួនជាមួយក្លិបថ្មីរបស់ខ្ញុំនេះ។ ខ្ញុំទន្ទឹងចង់លេងកាន់តែឆាប់តាមតែអាចធ្វើបាន។ ខ្ញុំក៏កំពុងធ្វើរឿងជាច្រើន ក្នុងបាល់ទាត់ដែរ។ ប៉ុន្តែវាមិនមែនជាបញ្ហាធំនោះទេ ពីព្រោះខ្ញុំមានសហការីជាច្រើននាក់នៅជប៉ុន និងសហរដ្ឋអាមេរិក និងគ្រប់កន្លែងដែលពួកគេកំពុងជួយសកម្មភាពរបស់ខ្ញុំជំនួសខ្ញុំហើយ។ នេះជាហេតុផលមួយគឺជាអ្វីដែលខ្ញុំអាចផ្ដោតសំខាន់លើការលេងបាល់របស់ខ្ញុំបាន»។
ម្ចាស់ពានរង្វាន់កីឡាករបាល់ទាត់ឆ្នើមប្រចាំទ្វីបអាស៊ីក្នុងឆ្នាំ២០១១ (AFC Asian Cup Most Valuable Player) រូបនេះបានលើកឡើងពីដើមចមដែលធ្វើឲ្យខ្លួនទទួលឱកាសដឹកនាំក្រុមជម្រើស ជាតិកម្ពុជា ថា «រឿងនេះគឺវាបានកើតឡើងកាលពី៤ខែមុន។ ខ្ញុំបាននិយាយទៅកាន់សហព័ន្ធបាល់ទាត់កម្ពុជា ដោយខ្ញុំបានសួរពួកគេ តើខ្ញុំអាចក្លាយជាអ្នកចាត់ការក្រុមជម្រើសជាតិក្នុងពេលតែមួយដែលខ្ញុំជាកីឡាករបានអត់? ហើយពួកគេក៏ឆ្លើយថា”បាន”»។
កីឡាករដែលធ្លាប់អុកឡុកនៅតំបន់ប្រយុទ្ធក្នុងលីគកំពូលប្រទេសជប៉ុន,ហុល្លង់,រុស្ស៊ី,អ៊ីតាលី និងម៉ិចស៊ីកូ រូបនេះបានបន្តថា «ខ្ញុំមានអារម្មណ៍ថា មានសម្ពាធច្រើន ពីព្រោះខ្ញុំមានទំនួលខុសត្រូវច្រើន។ ខ្ញុំត្រូវលេងឲ្យបានល្អនៅទីនេះ (Melbourne Victory) ដូច្នេះខ្ញុំត្រូវទៅហ្វឹកហាត់ឲ្យបានល្អ ចាប់ពីសន្និសីទកាសែតបង្ហាញខ្លួននេះរួច។ ខ្ញុំជាកីឡាកររបស់ Melbourne Victory នៅពេលនេះ ចាប់ពីថ្ងៃនេះទៅ។ ដូច្នេះខ្ញុំត្រូវផ្ដោតលើការលេងឲ្យបានល្អសម្រាប់អ្នកគាំទ្រ សម្រាប់មិត្តរួមក្រុមនិងអ្នកទាំងអស់គ្នានៅទីនេះ»។
កីឡាករ Keisuke Honda បានចុះកិច្ចសន្យារយៈពេល១ឆ្នាំជាមួយក្លិបថ្មីនៅប្រទេសអូស្ត្រាលី នៅដែលកន្លងទៅគឺក្លិបMelbourne Victoty ខណៈរូបគេធ្លាប់បានរក៣៧គ្រាប់ និងលេងបាន៩៨ប្រកួតឲ្យជម្រើសជាតិជប៉ុន។ រូបគេបានចូលនិវត្តន៍ពីបាល់ទាត់ជម្រើសជាតិក្រោយ 2018 FIFA World Cup នៅប្រទេសរុស្ស៊ី ចប់នៅពេលក្រុមជម្រើសជាតិជប៉ុនធ្លាក់នៅវគ្គ១៦ក្រុមចុងក្រោយ។
កីឡាករ Keisuke Honda បានចាប់អាជីពបាល់ទាត់ដំបូងនៅក្នុងក្លិប Nagoya Grampus ក្នុងប្រទេសកំណើតរបស់ខ្លួនចាប់ពីឆ្នាំ ២០០៤ ដល់២០០៧ ស្របពេលនៅឆ្នាំ២០០៧ ដល់២០០៩ ផ្លាស់ទៅលេងក្នុងក្លិប VVV-Venlo ក្នុងប្រទេសហុល្លង់ ហើយ នៅឆ្នាំ ២០០៩ ដល់ ២០១៣ បានផ្លាស់ទៅកាន់ក្លិប CSKA Moscow របស់ប្រទេសរុស្សី មុនផ្លាស់ទៅកាន់ AC Milan របស់អ៊ីតាលី នៅចាប់ពីឆ្នាំ ២០១៤ ដល់ឆ្នាំ២០១៦ ខណៈរដូវកាល២០១៧នេះប្តូរទៅលេងនៅក្លិប Pachuca លីគកំពូលប្រទេសម៉ិចស៊ីកូ។
បើនិយាយពីក្នុងឈុតជម្រើសជាតិវិញ Honda បានជាប់ក្នុងឈុតអាយុក្រោម២០ ឆ្នាំ (U-20) កាលពីឆ្នាំ២០០៥ ហើយចាប់ពីឆ្នាំ២០០៦ ដល់២០០៨ បានចូលរួមជាមួយក្រុម U-23 ជប៉ុន និងចាប់ពីឆ្នាំ ២០០៨ ដល់បច្ចុប្បន្នជាប់ក្នុងជម្រើសជាតិជប៉ុនឈុតធំ។ ក្នុងនោះគេធ្លាប់ទទួលបានពានរង្វាន់ឯកត្តជន ជាច្រើនទាំងក្នុងប្រទេសប្រចាំតំបន់ទ្វីបអាស៊ី និងកម្រិតពិភពលោកផងដែរ៕
Source: Kampuchea Thmey Daily
0 Comments