ក្រោយទឹកជំនន់វាយលុកស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង កាលពីពេលថ្មី ខ្សែការពារ ស្រាំង ទិត្យឈី កំពុងប្រកបអាជីពនៅក្លិបបាល់ទាត់ភ្នំពេញក្រោន សមាជិកពានរង្វាន់លីគកំពូលកម្ពុជា បានប្រកាសស្វែងរកជំនួយជូនដល់ជនរងគ្រោះដែលស្ថិតនៅខេត្តកំណើតរបស់ខ្លួន។
យោងតាមសេចក្តីជូនដំណឹងរបស់ក្លិបភ្នំពេញក្រោន បានបញ្ជាក់ថា កីឡាករវ័យក្មេងរូបនេះបានបន្តដំណើរពីខេត្តសៀមរាប ឆ្ពោះទៅស្រុកសៀមប៉ាងនៅយប់ថ្ងៃទី១ ខែសីហាបន្ទាប់ពីបានបញ្ចប់ការប្រកួតជាមួយក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរក្នុងលទ្ធផល ៣-០ ក្នុងវគ្គជម្រុះជើងទី១នៃវគ្គ៨ក្រុមចុងក្រោយប្រចាំពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០១៨ (Hun Sen Cup)។
ប្រភពបន្តថា ក្នុងដំណើរទៅកាន់ស្រុកកំណើតរបស់ខ្លួននេះ ទិត្យឈី នឹងនាំយកថវិកា ក៏ដូចជាសំភារៈនានាដែលរូបគេក៏ដូចជាក្រុមការងារទទួលបានពីសប្បុរសជនដើម្បីឧបត្ថម្ភជូនជនរងគ្រោះដែលកំពុងជួបការលំបាកដោយសារគ្រោះទឹកជំនន់រហូតដល់ត្រូវជម្លៀសពីលំនៅឋានរបស់ខ្លួនទៅកាន់ទីទួលសុវត្ថិភាព។
ប៉ុន្មានថ្ងៃមុនមានទឹកជំនន់ហូរចេញពីការបាក់ទំនប់ Se-Pian Se Nam Noi ក្នុងខេត្ត Attapeu ប្រទេសឡាវ ហើយជំរុញឲ្យកម្ពស់ទឹកទន្លេសេកុង កើតឡើងដល់ដំណាក់កាលប្រកាសអាសន្នត្រឹម១១,៥០ម៉ែត្រ កើនដល់កម្ពស់១២,១០ម៉ែត្រ ហើយកំពុងជន់ពន្លិចឃុំជាច្រើនក្នុងស្រុកសៀមប៉ាង និង ស្រុកសេសាន ខេត្តស្ទឹងត្រែង។ យោងតាមរបាយការណ៍របស់ក្រសួងធនធានទឹកនិងឧតុនិយមបានបញ្ជាក់ថា ទឹកជំនន់នេះបានបង្ខំឲ្យប្រជាជនប្រមាណ២ម៉ឺននាក់ ត្រូវជម្លៀសទៅរកទីសុវត្ថិភាព។
កីឡាករដែលដុះចេញពីយុវជនថ្នាលក្លិបភ្នំពេញក្រោន រូបខាងលើបានជូនដំណឹងលើហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា «ខ្ញុំបាទសូមប្រកាសស្វែងរកជំនួយពីរសប្បុរសជនទាំងឡាយដើម្បីជួយដល់ប្រជាពលរដ្ឋដែលរស់នៅស្រុក សៀមប៉ាង ខេត្តស្ទឹងត្រែង ដែលរកគ្រោះដោយសារទឹកជំនន់។
សូមជួយទាំងអស់គ្នាតិចក្ដីច្រើនក្ដីហើយថវិកាដែលបានពីរសប្បុរសជនទាំងអស់នឹងយកទៅទិញគ្រឿងឧបភោគបរិភោគនិងស្បៀងអាហារដែលប្រជាពលរដ្ឋកំពុងនិងខ្វះខាត។ សូមទំនាក់ទំនងលេខទូរស័ព្ទ0962796900, 0315837766,0714622227,015535933»។
កីឡាករ ទិត្យឈី ជាខ្សែការពារសំខាន់មួយប្រចាំក្លិបភ្នំពេញក្រោន ខណៈសកម្មភាពរ៉ៃអង្គាសនេះគឺកើតចេញពីការសហការគ្នារវាងរូបគេជាមួយមិត្តភាពរួមជំនាន់របស់ខ្លួនដែលជាកូនចៅអ្នកខេត្តស្ទឹងត្រែង៕
Source: Kampuchea Thmey Daily
0 Comments