Ad Code

នាយករដ្ឋមន្ត្រី​ថៃ​សាទរ​សម្តេច​តេ​ជោ ហ៊ុន សែន ទទួល​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​សភា​នីតិកាល​ទី​៦



ភ្នំពេញ ៖ លោក ប្រា​យុទ្ធ ច័ន្ទ​អូ​ចា នាយករដ្ឋមន្ត្រី​ថៃ​បាន​ផ្ញើលិខិត​ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ដើម្បី​ចូលរួម​អបអរសាទរ​ការទទួល​បាន​ជ័យជម្នះ​យ៉ាង​គគ្រឹកគគ្រេង​ក្នុង​ការ​បោះឆ្នោត​នីតិកាល​ទី​៦ នៃ​រដ្ឋសភា​កម្ពុជា​។

នៅក្នុង​សារលិខិត​របស់លោក​នាយ​ក​រដ្ឋមន្ត្រី​ថៃ​ចុះ​ថ្ងៃទី ៩ ខែកញ្ញា​នេះ បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​ជឿ​ថា ​ស្ថិតនៅក្រោម​ការដឹកនាំរ​បស់​សម្តេច ​កម្ពុជា​នឹង​បន្ត​រីកចម្រើន​ទៅមុខទៀត​»​។

លោក​ប្រា​យុទ្ធ​បាន​បន្ត​ថា ​ក្នុងនាម​រដ្ឋាភិបាល​និង​ប្រជាជន​ថៃ​ ខ្ញុំ​មាន​កិត្តិយស​សូម​សម្តែង​នូវ​ក្តី​អបអរសាទរ​យ៉ាង​កក់​ក្តៅ​ ជូន​ចំពោះ​សម្តេច​តេ​ជោ​និង​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ទទួលបាន​ជ័យជំនះ​យ៉ាងច្រើន​លើសលប់ ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​។

លោក​ប្រា​យុទ្ធ​បាន​បន្ត​ទៀត​ថា «​ប្រទេស​ថៃ​ក្នុងនាម​ជា​អ្នកជិតខាង​មួយ​ដ៏​ជិតស្និទ្ធ​សូមបញ្ជាក់​ជាថ្មី​អំពី​ការ​ប្តេជ្ញាចិត្ត​បន្ត​ពង្រឹង​ចំណងមិត្តភាព​យូរអង្វែង​និង​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​កម្ពុជា ដើម្បី​ផលប្រយោជន៍​រួម ​សម្រាប់​ប្រជាជន​យើង​ទាំងពីរ​។ ​សូម​សម្តេច​តេ​ជោ​ទទួល​នូវ​ការគោរព​រាប់អាន​ដ៏​ខ្ពង់ខ្ពស់​ពី​ខ្ញុំ​»​។

មកដល់ពេលនេះ​មាន​ប្រទេស​យ៉ាងតិច​ចំនួន​៥​ហើយ រួមមាន ចិន រុស្ស៊ី ឥណ្ឌា វៀតណាម ឡាវ ហ្វីលីពីន ថៃ ស្រីលង្ការ និង ទី​ម័​រ​ខាងកើត ដែល​បាន​សាទរ​ចំពោះ​ជោគជ័យ​នៃ​ការ​ការបោះឆ្នោត​នៅ​កម្ពុជា​។

ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ដែលមាន​វត្តមាន​គណ​បក្ស​ចំនួន ២០ គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​ជ័យជម្នះ​ដ៏​ច្រើន​លើសលប់​។ លទ្ធផល​បឋម​ស្តីពី​ការបោះឆ្នោត​នេះ​បាន​បង្ហាញថា គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​សំឡេង​ជាង​៤,៨​លាន ដែល​ស្មើ​ជាង​៧៦​ភាគរយ​។

​ទោះជា​លទ្ធផល​ផ្លូវការ​មិនទាន់​ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ប្រកាស​ជា​ផ្លូវការ តែ​គេ​បាន​ធ្វើ​ការ​សន្និដ្ឋាន​ជាមុន​ថា​ ទំនងជា​មានតែ​គណបក្ស​ប្រជាជន​កម្ពុ​ជាមួយ​ប៉ុណ្ណោះ​ដែលមាន​លទ្ធភាព​ទទួល​បាន​អាសនៈ​ក្នុង​រដ្ឋសភា​សម្រាប់​នីតិកាល​ទី​៦​នេះ​។ បើ​គ្មានអ្វី​ប្រែប្រួល​លទ្ធផល​ផ្លូវការ​ស្តី​ពី​ការបែងចែក​អាសនៈ​នឹងត្រូវ​ប្រកាស​នៅ​ថ្ងៃទី​១៥​ខែសីហា​ឆ្នាំ​២០១៨​។

ក្រោយ​ប្រកាស​លទ្ធផល​ផ្លូវការ​ព្រះមហាក្សត្រ​នឹង​កោះ​ប្រជុំ​សមាជិកសភា​ជាប់ឆ្នោត នីតិកាល​ទី​៦ នៅ​ព្រឹក​ថ្ងៃទី ៥ ខែកញ្ញា ហើយ​នៅពេល​រសៀល​ថ្ងៃទី ៥ ខែ កញ្ញា សមាជិកសភា​ជាប់ឆ្នោត​នឹង​ចូល​ស្បថ។ នៅ​ព្រឹក​ថ្ងៃទី​៦ ខែកញ្ញា សភា​បើ​កិច្ចប្រជុំ​តែងតាំង​ក្បាលម៉ាស៊ីន​រដ្ឋសភា និង បង្កើត​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦ នៅពេល​ល្ងាច​ថ្ងៃទី ៦ កញ្ញា សមាជិក​រាជរដ្ឋាភិបាល​ថ្មី​នឹង​ស្បថ​ចូលកាន់​តំណែង។ នៅ​ព្រឹក​ថ្ងៃទី ៧ ខែ កញ្ញា កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ដំបូង​នៃ​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦ នឹង​បើក​កិច្ចប្រជុំ​ជា​ផ្លូវការ​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu