Ad Code

ណាហ្គា​វើ​ល វ៉ា​ដាច់​បឹងកេត នៅ​តំបន់​កំពូល​តារាង​ខណៈ​វេ​ស្ទើ​ន បន្ត​បរាជ័យ​ហើយ​រក្សា​កៅអី​បាត​តារាង



​ក្រុមបាល់ទាត់​ណាហ្គា​វើ​ល ដណ្តើម​បាន​កៅអី​នៅ​តំបន់​កំពូល​តារាង​ពី​ក្រុម​ជើងឯក​ឆ្នាំ​ចាស់​បឹងកេត ខណៈ​ក្រុម​បាត​តារាង​វេ​ស្ទើ​ន​ភ្នំពេញ បន្ត​បរាជ័យ​ត្រឹម​សប្ដាហ៍​ទី​១៨ នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018) ក្រោម​ការរៀបចំ​ពី​សំណាក់​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​(CNCC) សេនាធិការ​របស់​សហ​ព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​។



​សរុប​លទ្ធផល​ប្រចាំ​សប្ដាហ៍​ទី​១៨​នេះ​មានដូចជា​នៅ​ថ្ងៃ​សៅរ៍ ទី​១៨ ខែសីហា ឆ្នាំ​២០១៨​ក្រុម​ណាហ្គា​វើ​ល ឈ្នះ​ក្រុម​បឹងកេត ២​ទល់​០ លើ​ទីលាន​កីឡដ្ឋាន​សា្ត​ត​ចាស់ ខណៈ​ក្រុម​ភ្នំពេញ​ក្រោ​ន ចាញ់​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ៤​ទល់​០ លើ​ទីលាន​កីឡដ្ឋាន RSN Stadium និង​ក្រុម​វិសាខា ឈ្នះ​ក្រុម​សូល​ទី​ឡូ​អង្គរ ២​ទ​លើ​១ លើ​ទីលាន​កីឡដ្ឋាន​ស្តា​ត​ចាស់​។ ចំណែក​នៅ​ថ្ងៃអាទិត្យ ទី​១៩ ខែសីហា ឆ្នាំ​២០១៨ វិញ​ក្រុម​អាស៊ី​អឺរ៉ុប ស្មើគ្នា​ជាមួយ​អគ្គីសនី​កម្ពុជា ២​ទល់​២ លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ហើយ​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ចាញ់​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ៣​ទល់​១ លើ​ទីលាន​កីឡដ្ឋាន​វេ​ស្ទើ​ន និង​ក្រុម​ក្រសួងការពារជាតិ ឈ្នះ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ៣​ទល់​១ លើ​ទីលាន​កីឡដ្ឋាន​ស្តា​ត​ចាស់​។



​ងាក​មក​មើល​ចំណាត់ថ្នាក់​បណ្តោះអាសន្ន​ប្រចាំ​សប្ដាហ៍​ទី​១៨ នេះ​វិញ​ឃើញថា​ក្រុម​ណាហ្គា​វើ​ល ឡើងឈរ​កំពូល​តារាង មាន​៤៤​ពិន្ទុ តាម​ពីក្រោយ​ដោយ​ក្រុម​លេខ​២ បឹងកេត​អែ​ហ្វ​ស៊ី មាន​៤២​ពិន្ទុ ហើយ​ក្រុម​វិសាខា ឈរ​លេខ​៣ មាន​៤១​ពិន្ទុ​។ ក្រុម​លេខ​៤​ក្រសួងការពារជាតិ មាន​៣៨​ពិ​ន្ទុ ខណៈ​ក្រុម​លេខ​៥ ភ្នំពេញ​ក្រោ​ន មាន​២៧​ពិន្ទុ ក្រុម​លេខ​៦ ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ និង​ក្រុម​លេខ​៧ ព្រះខ័ន​រាជ​ស្វាយរៀង មាន​២៤​ពិន្ទុ​ដួច​គ្នា​។ ក្រុម​លេខ​៨ អង្គ​រថា​យ​ហ្គឺ​រ មាន​២២​ពិន្ទុ ស្មើគ្នា​ជាមួយ​ក្រុម​លេខ​៩ អាស៊ី​អឺរ៉ុប ហើយ​ក្រុម​លេខ​១០ សូល​ទី​ឡូ​អង្គរ មាន​១៦​ពិន្ទុ ស្របពេល​ក្រុម​អគ្គីសនី​កម្ពុជា ឈរ​លេខ​១១​មាន​៦​ពិន្ទុ និង​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ឈរ​លេខ​១២ មាន​១​ពិន្ទុ​។

​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា រដូវ​កាល​នេះ​ប្រើប្រាស់​រូបមន្ត​ប្រកួត​សន្សំ​ពិន្ទុ​វិលជុំ​ចំនួន​២​ជើងមាន​២២​សប្ដាហ៍ ដើម្បី​ស្វែងរក​ក្រុម​ខ្លាំង​ដែលមាន​ពិន្ទុ​ច្រើនជាងគេ​ដណ្តើម​ជើងឯក​ប្រចាំឆ្នាំ​។ ការប្រកួត​ចាប់ផ្តើម​ពីថ្ងៃ​ទី​៣​ខែមីនា ដល់​ថ្ងៃទី​៣០​ខែកញ្ញា ឆ្នាំ​២០១៨ ដែលមាន​សមាជិក​ចំនួន​១២​ក្រុម​។ ក្រុម​ជើងឯក​នឹង​ទទួល​បាន​កៅអី​ទៅ​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់ AFC Cup 2019, ពានរង្វាន់ Mekong Club Championship ជាដើម​។



តាម​គម្រោង​ប្រកួត​សប្ដាហ៍​ទី​១៩ នឹង​ប្រកួត​នៅ​ចុង​សប្ដាហ៍​នេះ​ជា​បន្ត​ដោយនៅ​ថ្ងៃ​សៅរ៍ ទី​២៥ ខែសីហា ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ប៉ះ​ក្រុម​ភ្នំពេញ​ក្រោ​ន នៅ​វេលា​ម៉ោង​៦​ល្ងាច​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ហើយ​ក្រុម​ក្រសួងការពារជាតិ ជួប​ក្រុម​វិសាខា នៅវេលា​ម៉ោង​៦​ល្ងាច​ដូចគ្នា ខណៈ​ក្រុម​សូល​ទី​ឡូ​អង្គរ ទទួល​ក្រុម​ណាហ្គា​វើ​ល នៅវេលា​ម៉ោង​៣និង៣០​នាទី​រសៀល​លើ​ទីលាន​កីឡដ្ឋាន​ខេត្តសៀមរាប​។ ចំណែក​នៅ​ថ្ងៃអាទិត្យ ទី​២៦ ខែសីហា ឆ្នាំ​២០១៨ វិញ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ប៉ះ​ក្រុម​អាស៊ី​អឺរ៉ុប នៅវេលា​ម៉ោ​ង​៣និង៣០​នាទី​រសៀល​លើ​ទីលាន​កីឡដ្ឋាន​ខេត្តសៀមរាប ហើយ​ក្រុម​អគ្គីសនី​កម្ពុជា ប៉ះ​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ នៅ​ម៉ោង​៣​រសៀល លើ​ទីលាន​កីឡដ្ឋាន​អគ្គីសនី​កម្ពុជា និង​ក្រុមព្រះ​ខ័នរាជស្វាយរៀង ជួបក្រុម​បឹង​កេត​ នៅម៉ោង៦ល្ងាច លើ​ទីលាន​កីឡដ្ឋាន​ខេត្តស្វាយ​រៀង៕

   



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu