លោក Imran Khan បានថ្លែងសុន្ទរកថាលើកដំបូងរបស់លោកក្នុងនាមជានាយករដ្ឋមន្ត្រីប្រទេសប៉ាគីស្ថានកាលពីល្ងាចថ្ងៃអាទិត្យ ដោយក្នុងនោះលោកបានប្រកាសអំពីកំណែទម្រង់ដែលផ្តោតលើអំពើពុករលួយ និងផ្តោតលើការអភិវឌ្ឍមនុស្សនៅក្នុងប្រទេសកំពុងរីកចម្រើនយ៉ាងឆាប់រហ័សមួយនេះ។
លោក Khan បានថ្លែងទៅកាន់ប្រជាជាតិអស់រយៈពេលជាងមួយម៉ោងដោយរម្លឹកឡើងវិញនូវពាក្យសន្យាក្នុងអំឡុងយុទ្ធនាការឃោសនារបស់លោកក្នុងការកសាងរដ្ឋសុខុមាលភាពឥស្លាមមួយប៉ុន្តែក៏និយាយផងដែរអំពីបញ្ហាដែលកម្រត្រូវបានលើកឡើងដោយនាយករដ្ឋមន្ត្រីប៉ាគីស្ថានមុនៗដូចជាការប្រយុទ្ធប្រឆាំងការរំលោភបំពានផ្លូវភេទកុមារនិងការប្រែប្រួលអាកាសធាតុ។
លោកបានប្តេជ្ញាកែលម្អទំនាក់ទំនងរបស់ប្រទេសប៉ាគីស្ថានជាមួយបណ្តាប្រទេសជិតខាងនិង ពង្រឹងសន្តិសុខនៅក្នុងខេត្ត Balochistan ដែលមានចលាចលនិងតំបន់កុលសម្ព័ន្ធនៅតាមបណ្តោយព្រំដែនជាមួយប្រទេសអាហ្វហ្គានីស្ថាន។
លោកបាននិយាយថា “យើងចង់បានសន្តិភាពពីព្រោះប្រទេសប៉ាគីស្ថានមិនអាចរីកចម្រើនបានទេរហូតទាល់តែសន្តិភាពត្រូវបានស្តារឡើងវិញ”។
លោក Khan បាននិយាយថា គាត់បានរក្សាទុកតំណែងរបស់ក្រសួងមហាផ្ទៃសម្រាប់ខ្លួនគាត់នៅពេលគាត់មើលការខុសត្រូវវិធានការប្រឆាំងនឹងការលាងលុយកខ្វក់និងអំពើពុករលួយ។
អតីតកីឡាករគ្រីកឃីតរូបនេះក៏បានប្រកាសពីវិធានការរឹតត្បិតផងដែរដើម្បីកាត់បន្ថយកញ្ចប់ថវិការបស់រដ្ឋាភិបាលដូចជាការលក់យានយន្តភាគច្រើនដែលត្រូវបានបែងចែកទៅឲ្យនាយករដ្ឋមន្ត្រី កាត់បន្ថយបុគ្គលិកនិងប្រែក្លាយលំនៅដ្ឋានជាផ្លូវការទៅជាសាកលវិទ្យាល័យមួយ។
លោក Khan បានអំពាវនាវឲ្យមានប្រព័ន្ធពន្ធដាររីកចម្រើនមួយដោយប្ដេជ្ញាចំណាយប្រាក់លើជនដែលខ្វះខាតបំផុតដូចជាកុមារខ្វះអាហារូបត្ថម្ភជាដើមនិងយុត្តិធម៌សម្រាប់ជនរងគ្រោះពីការរំលោភបំពាននិងលើការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។
គួរបញ្ជាក់ជាថ្មីថា ការបោះឆ្នោតថ្ងៃទី២៥ខែកក្កដាដែលបាននាំគណបក្ស Pakistan Tehreek-e-Insaf របស់លោក Khan ឲ្យឡើងកាន់អំណាចគឺត្រូវបានគេចាត់ទុកថាជាការបោះឆ្នោត “កខ្វក់បំផុតរបស់ប្រទេសប៉ាគីស្ថាន” ហើយមានការចោទប្រកាន់នៅក្នុងយុទ្ធនាការថា យោធាដែលមានអំណាចបានព្យាយាមបង្វែរការពេញចិត្តលើលោក Khan ៕ AFP
[caption id="attachment_964724" align="alignnone" width="960"]
Source: Kampuchea Thmey Daily
0 Comments