ភ្នំពេញ ៖ កី តម្បាញរចនាប័ទ្មបុរាណ និងក្រមាដែលវែងជាងគេលើពិភពលោកត្រូវបានយកមកតម្កល់តាំង ជាសាធារណៈនៅក្នុងសារមន្ទីរជាតិ ដែលពិធីនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី១៩ ខែសីហា ក្រោមវត្តមានលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។
គួរបញ្ជាក់ថា ប្រទេសកម្ពុជា បានបំបែកឯតទគ្គកម្មកំណត់ត្រាពិភពលោក ក្រមាវែងជាងគេលើពិភពលោក ដោយទទួលបានជោគជ័យកាលពីថ្ងៃទី១ខែកក្កដា ឆ្នាំ២០១៨ដែលជាការរួមចំណែកលើកស្ទួយ និងផ្សព្វផ្សាយកេរ្តិ៍ដំណែលសម្បត្តិវប្បធម៌ខ្មែរលើឆាកជាតិ និងអន្តរជាតិ។
គួររំលឹកថា សហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយរចនា GO GO Cambodia រួមជាមួយដៃគូសហការគាំទ្រចំនួន៧៧ស្ថាប័ន និងសាធារណជនជាច្រើនបានរួមគ្នាបំបែកឯតទគ្គកម្មក្រមាវែងជាងគេលើពិភពលោក ប្រវែង១.១៤៩,៨ម៉ែត្រសំដៅផ្សព្វផ្សាយកេរ្តិ៍ដំណែលសម្បត្តិវប្បធម៌ខ្មែរលើឆាកអន្តរជាតិជាពិសេសបង្ហាញពីស្មារតីរួបរួមគ្នាយ៉ាងក្លៀវក្លាពីយុវជន សាធារណជន និងភ្ញៀវទេសចរជាច្រើនម៉ឺននាក់ក្រោមស្មារតី(ជឿថាខ្មែរធ្វើបាន)។សរសៃអំបោះដំបូងនៃក្រមា ត្រូវបានទទួលព្រះរាជទានប្រោះព្រំដោយព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងត្បាញដោយផ្ទាល់ព្រះហស្តនៃសម្តេចព្រះមហាក្សត្រី នរោត្តមមុនីនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ និងបន្តបន្ទាប់ដោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ព្រមទាំងឥស្សរជនជាច្រើនរូបទៀតរួមជាមួយប្រជាជាតិខ្មែរ និងបរទេសចំរុះជាតិសាសន៍ចូលរួមជិតកន្លះលាននាក់។ សរសៃអំបោះនៃក្រមានេះបើសិនយកមកភ្ជាប់តគ្នា នោះនឹងមានប្រវែងជិត៣០០០គីឡូម៉ែត្រ ហើយដែលអាចចងព័ទ្ធ១ជុំនៃប្រទេសកម្ពុជា៕
Source: Kampuchea Thmey Daily
0 Comments