Ad Code

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​អំពាវនាវ​សុំ​ជំនួយ​ពី​ប្រទេស​ចិន​ចំពោះ​បញ្ហា​សារពើពន្ធ



នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក Mahathir Mohamad បាន​អំពាវនាវ​ឲ្យ​មេដឹកនាំ​កំពូល​របស់​ប្រទេស​ចិន​ជួយ​ដោះស្រាយ​បញ្ហា​សារពើពន្ធ​របស់​ប្រទេស​លោក​នៅ​ថ្ងៃ​ចន្ទ​ ខណៈដែល​លោក​កំពុង​ព្យាយាម​កែតម្រូវ​គម្រោង​សំខាន់ៗ​ដែល​គាំទ្រ​ដោយ​ទីក្រុង​ប៉េកាំង​ ដែល​បាន​ចុះហត្ថលេខា​ក្រោម​អតីត​របប​ពោរពេញ​ដោយ​រឿងអាស្រូវ​របស់​ប្រទេស​ខ្លួន។

មេដឹកនាំ​វ័យ​៩៣​ឆ្នាំ​រូបនេះ​ដែល​បាន​វិលត្រឡប់​មកកាន់​តំណែង​នាយករដ្ឋមន្ត្រី​ជា​លើក​ទី​២​បន្ទាប់ពី​ជ័យជំនះ​ដ៏​ភ្ញាក់ផ្អើល​ក្នុងការ​បោះឆ្នោត​កាលពី​ខែឧសភា​គឺ​បាន​ប្រឆាំងនឹង​កិច្ចព្រមព្រៀង​ជាច្រើន​ដែល​អតីត​រដ្ឋបាល​រប​ស់មេ​ដឹកនាំ Najib Razak ឈានដល់​ជាមួយ​ក្រុមហ៊ុន​រដ្ឋ​ចិន​។​

រដ្ឋាភិបាល​របស់លោក​បាន​ផ្អាក​គម្រោង​ដែល​គាំទ្រ​ដោយ​ចិន​មានតម្លៃ​ជាង​២២​ពាន់​លាន​ដុល្លារ​រួមទាំង​ផ្លូវដែក​ដ៏​សំខាន់​មួយ​ផងដែរ​ហើយ​លោក Mahathir បាន​សន្យា​នឹង​លើកឡើង​ចំពោះ​អ្វីដែល​លោក​ចាត់ទុកថា​ជា​លក្ខខណ្ឌ​មិន​សមរម្យ​ទាក់ទង​នឹង​កិច្ចព្រមព្រៀង​មួយចំនួន​នៅក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​៥​ថ្ងៃ​របស់លោក​។​

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ជាមួយ​នាយករដ្ឋមន្ត្រី​ចិន​លោក Li Keqiang នៅ​មហាសាល​ប្រជាជន​ក្រុង​ប៉េកាំង​, លោក Mahatir បាន​ថ្លែងអំណរគុណ​ចំពោះ​ប្រទេស​ចិន​ដែល​បាន​ព្រមព្រៀង​បង្កើន​ការនាំ​ចូល​ផលិតផល​កសិកម្ម​ពិសេស​ដូចជា​ផ្លែ​ធូ​រេ​ន​ជាដើម​។​

ប៉ុន្តែ​លោក Mahatir ក៏បាន​និយាយ​ផងដែរ​ថា លោក​រំពឹងថា​នឹងមាន​ច្រើន​ជាងនេះទៀត​ពី​ប្រទេស​សេដ្ឋកិច្ច​ធំ​បំផុត​លំដាប់​ទី​២​នៅលើ​ពិភពលោក​មួយ​នេះ​។​

លោក​បាន​និយាយថា ខ្ញុំ​ជឿជាក់ថា ប្រទេស​ចិន​នឹង​សម្លឹងមើល​ទៅដោយ​ភាព​អាណិតអាសូរ​ចំពោះ​បញ្ហា​ដែល​យើង​ត្រូវ​ដោះស្រាយ​ហើយ​ប្រហែលជា​អាចជួយ​យើង​ក្នុងការ​ដោះស្រាយ​បញ្ហា​សារពើពន្ធ​ក្នុងស្រុក​របស់​យើង​" ។​

ក្នុងអំឡុងពេល​៩​ឆ្នាំ​នៃ​ការគ្រប់គ្រង​, លោក Najib ត្រូវ​រង​ការចោទប្រកាន់ថា​បាន​ព្រមព្រៀង​យ៉ាង​ឆាប់រហ័ស​ជាមួយ​ទីក្រុង​ប៉េកាំង​ជា​ថ្នូរ​សម្រាប់​ជំនួយ​ក្នុងការ​សងបំណុល​ដែល​ទាក់ទង​ទៅនឹង​រឿងអាស្រូវ​ហិរញ្ញវត្ថុ​ដ៏​ធំ​មួយ​ដែល​នៅ​ទីបំផុត​បាន​ទម្លាក់​ក្រុមចម្រុះ​កំពុងកាន់​អំណាច​របស់​គាត់​។​
​កាលពី​សប្ដាហ៍​មុន លោក Mahathir បាន​និយាយថា លោក​នឹង​គិតគូរ​អំពី​ការលុបចោល​ឬ​កែប្រែ​កិច្ចព្រមព្រៀង​របស់​រដ្ឋ​បាល​មុន​ជាមួយ​ប្រទេស​ចិន​ដោយ​សង្កត់ធ្ងន់ថា “​អ្វីដែល​សំខាន់បំផុត​សម្រាប់​យើង​គឺ​ត្រូវ​សន្សំ​ប្រាក់​”​។​

លោក Mahathir កំពុង​ព្យាយាម​កាត់បន្ថយ​បំណុល​ជាតិ​របស់​ប្រទេស​ម៉ាឡេស៊ី​ដែល​បាន​កើនឡើង​ដល់​២៥០​ពាន់​លាន​ដុល្លារ​។​

ប្រទេស​ចិន​គឺជា​ដៃគូ​ពាណិជ្ជកម្ម​កំពូល​របស់​ម៉ាឡេស៊ី​ដែលជា​ប្រភព​របស់​ជនជាតិភាគតិច​ចិន​។​
​ចំណងទាក់ទង​ទ្វេភាគី​មាន​ភាពកក់ក្តៅ​នៅក្រោម​រដ្ឋាភិបាល​មុន​ហើយ​ការវិនិយោគ​របស់​ចិន​ចូលទៅ​ក្នុងប្រទេស​នេះ​បាន​កើនឡើង​នៅពេលដែល​ក្រុង​ប៉េកាំង​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធ​និង​គម្រោង​សំណង់​ធំៗ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu